​​ថាមពលអគ្គិសនី​កម្ពុជា​ ៖ នៅ​ឆ្នាំ​២០២០​បញ្ជូន​ដល់គ្រប់ភូមិ និងឆ្នាំ​២០៣០​បញ្ជូនដល់ផ្ទះប្រជាពលរដ្ឋ​

ខេត្តសៀមរាប ៖ លោក​អ៊ិ​ត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហាញ​ជំហរ​នៅ​ក្នុង​ឱកាស​បើក​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ ខេមរា អង្គរ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ ស្តី​ពី​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​វិស័យ
អគ្គិសនី​នៅ​កម្ពុជា​ថា នៅ​ឆាំ្ន​២០២០​ខាង​មុខ​នេះ ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ខ្លាំង ។

តាម​ផែនការ​នៅ​ឆ្នាំ​២០២០​ខាង​មុខ គ្រប់​ប្រភព​នៃ​ខ្សែបណ្តាញ​អគ្គិសនី​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​គ្រប់​ច្រក​ល្ហ​គ្រប់​ភូមិ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០៣០ ខ្សែបណ្តាញ​អគ្គិសនី​នឹង​ត្រូវ​បាន​ត​ភ្ជាប់​ចូល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ហើយ​តាម​ការ​ប៉ាន់ស្មាន មិន​ក្រោម​ជាង​៣​លាន​ផ្ទះ​នោះ​ទេ​នៅ​ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​អ៊ិ​ត ប្រាំង បញ្ជាក់​ទៀត​ថា កន្លង​មក​ការ​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ ដើម្បី​ធ្វើការ​ស្តារ និង​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​រាជធានី និង​ទីរួមខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​រៀបចំ​ការ​អភិវឌ្ឍន៍​អនុ​ស្ថានីយ និង​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ដើម្បី​ភ្ជាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ជា​ប្រព័ន្ធ​តែ​មួយ និង​ពង្រីក​ការ​ផ្គត់ផ្គង់​នេះ ឱ្យ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ទាំង​ទីក្រុង ទីប្រជុំជន និង​រហូត​ដល់ទី​ជនបទ ។

ជា​ការ​កត់សម្គាល់ ការ​អភិវឌ្ឍន៍​អនុ​ស្ថានីយ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​រហូត​ដល់​ពេល​នេះ គឺ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើ​ការ​គម្រោង​ប្រព័ន្ធ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ត​ភ្ជាប់​ពី​រាជធានី​-​ខេត្ត​បាន​ចំនួន​១៣​ហើយ (​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, ខេត្តកំពង់ស្ពឺ​, ខេត្តតាកែវ​, ខេត្តកំពត​, ខេត្ត​កែប​, ខេត្ត​ព្រះ​សីហ​នុ​, ខេត្តកំពង់ឆ្នាំង​, ខេត្តពោធិ៍សាត់​, ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប និង​ខេត្តកំពង់ចាម​) ។  

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព