អ្នក​ផ្ទុកមេរោគ​អេដស៍​ជាង ១​ពាន់​គ្រួសារ នៅ​កំពង់ស្ពឺ នឹង​ទទួលបាន​អំណោយ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ភ្នំពេញ​: ខុ​ទ្ធ​ការ​ល័យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​អ្នក​ផ្ទុកមេរោគ​អេដស៍ ចាស់​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ គ្រួសារ​ជនពិការ​ជាង​១​ពាន់​គ្រួសារ​មកពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្តកំពង់ស្ពឺ​នឹង​ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​អញ្ជើញ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់នោះ​ដោយផ្ទាល់​ដៃ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​នៅក្នុង​បរិវេណ​វត្ត​ព្រៃ​រមៀត ស្ថិតនៅ​ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​កម្មវិធី ដែល​បាន​គ្រោងទុក បង្ហាញថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ដល់​កន្លែង​ប្រារព្ធ​កម្មវិធី​នៅវេលា​ម៉ោង ៨​ព្រឹក​។ មុនពេល​ប្រារព្ធ​ពិធី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះចៅអធិការ​វត្ត​ព្រៃ​រមៀត​។​

​កម្មវិធី​ដដែល បង្ហាញថា នៅក្នុង​ពិធី​នោះ លោក អ៊ូ សំ​អូន អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ នឹងធ្វើ​របាយការណ៍​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ បន្ទាប់ពី​ចប់​របាយការណ៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹងមាន​ប្រសាសន៍​សំណេះ​សំ​ណា​ល​ទៅកាន់​ប្រជាពលរដ្ឋ​។ បន្ទាប់មក សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន នឹង​ចែក​អំណោយ​ជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺអេដស៍ ជនពិការ កុមារកំព្រា​គ្រួសារ​ទីទ័លក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា អំណោយ​ដែល​យកទៅ​ចែក​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ៣០ គីឡូក្រាម មី ១​កេស ត្រីខ ១០ កំប៉ុង ឃី​ត ១ (​មាន​សារុង ក្រមា មុង ភួយ​)​។​
​ទេយ្យទាន​ប្រគេន​វត្ត​ព្រៃ​រមៀត មាន​អង្ករ ២០០ គីឡូក្រាម មី​១០ កេស ត្រីខ​២​កេស សាច់ក្រក ៥​គីឡូក្រាម ត្រីងៀត ៥​គីឡូក្រាម ទឹកដោះគោ​ខាប់ ១​កេស អូ​វ៉ាន់​ទីន ១​កេស ស្កសរ ១០ គីឡូក្រាម តែ ៥​គីឡូក្រាម ទឹកក្រូច ទឹក​ផ្លែឈើ ៥​កេស ទឹកបរិសុទ្ធ ១០​កេស និង​ថវិកា ២ លាន​រៀល​។​

​ប្រគេន​ដល់​ព្រះសង្ឃ ១៧​អង្គ ក្នុង​មួយអង្គ​ទទួលបាន​ស្លា​ដក់​១ បច្ច័យ ១០​ម៉ឺន​រៀល ដោយឡែក​ព្រះចៅអធិការ​បច្ច័យ ៤០​ម៉ឺន​រៀល​។ ជូន​យាយជី ២០​នាក់ និង​តាជី ១៥​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ក្រណាត់ស ១​ដុំ និង​ថវិកា ៥​ម៉ឺន​រៀល​។ ឧបត្ថម្ភ​អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ២០​នាក់ និង​យុវជន​កាកបាទក្រហម ២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល​។​
​គួររំលឹកថា អ្នក​ដែល​មក​ទទួល​អំណោយ​មកពី ២​ស្រុក មានស្រុក​ភ្នំស្រួច មកពី ៥​ឃុំ សរុប ៥២៣​គ្រួសារ និង​ស្រុក​ឪ​រ៉ា​ល់​មកពី ២​ឃុំ ៥២៤​គ្រួសារ​៕