អាជ្ញាធរ​ខេត្តកោះកុង សម្រេច​លុបចោល​ពិធី​ប្រណាំងទូក ដែល​គ្រោង​ធើ្វ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ខាងមុខ​

កោះកុង: ម​ន្រី្ត​សាលាខេត្ត​កោះកុង បាន​ប្រាប់​គេហទំព័រ CEN ថា​ ​អាជ្ញាធរខេត្ត បានសម្រេច​លុបចោល​វិញ​ហើយ​នូវ​ពិធី​ប្រណាំងទូក​លើ​ផ្ទៃ​ទឹកប្រៃ ដែល​គ្រោង​ប្រារព្ធ​ធើ្វ​ឡើង នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ខាងមុខនេះ​។​
​    ​
​លោក អ៊ូច ទូច នាយក​រដ្ឋបាល​សាលាខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា ការលុបចោល​នេះ គឺ​អាស្រ័យទៅលើ​បញ្ហា​កង្វះខាត​ថវិកា និង​យោងទៅលើ​ការផ្អាក​របស់​ថ្នាក់ជាតិ​ផងដែរ​។​
​    ​
​សូមបញ្ជាក់ថា កន្លងទៅ​ថី្មៗ​នេះ អាជ្ញាធរខេត្ត បាន​បើក​កិច្ចប្រជុំ​មួយ ដោយ​តម្រូវ​
​ឲ្យ​ម​នី្ទ​រ​អង្គភាព​នានា នៅ​ជុំវិញ​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រៀមខ្លួន​រៀបចំ ចូលរួម​ពិធី​ប្រណាំងទូក ដែល​គ្រោង​ធើ្វ​ឡើង​នៅ​ចំណុច​ព្រែ​កកោះ​ប៉ោ មុខ​សាលាខេត្ត​ថ្មី នៅ​ថ្ងៃទី​២០​វិ​ច្ជិ​កា ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រយោជន៍​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មកលេង​នៅក្នុង​ខេត្ត​ផងដែរ​។​

​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​៣១​តុលា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានចេញ​សារាចរ សម្រេច​ផ្អាក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ មូលហេតុ មកពី​ទឹក​មាន​កម្រិត​ទាប ហើយ​ម្យ៉ាងទៀត កម្ពុជា​សព្វថ្ងៃ កំពុង​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​។​

​ក៏ប៉ុន្តែ​ក្នុង​សារាចរ​នោះ សម្តេច​ហ៊ុនសែន បានប្រកាសថា តាម​ខេត្ត​នានា អាច​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក ហើយ​ថ្ងៃ​ឈប់សម្រាក ៣ ថ្ងៃ សម្រាប់​ពិធីបុណ្យ​នេះ នៅ​រក្សាទុក​ដដែល​៕​

អាជ្ញាធរ​ខេត្តកោះកុង សម្រេច​លុបចោល​ពិធី​ប្រណាំងទូក ដែល​គ្រោង​ធើ្វ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ខាងមុខ​

អាជ្ញាធរ​ខេត្តកោះកុង សម្រេច​លុបចោល​ពិធី​ប្រណាំងទូក ដែល​គ្រោង​ធើ្វ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ខាងមុខ​