កីឡា​យុទ្ធ​ក្រម​ខម​ប្រកាស​វាយ​លុយ​ទីផ្សារ​សិស្ស​វិទ្យាល័យ

រាជធានី​ភ្នំពេញ ៖  ក្នុង​ពេល​ដ៏​ខ្លី​កីឡា​យុទ្ធ​ក្រម​ខម នឹង​ក្លាយជា​ប្រភេទ​កីឡា​ដែល​មាន​សក្តានុពល​ទូលំទូលាយ​នៅ​តាម​បណ្ដា​វិទ្យាល័យ យ៉ាង​ហោច​ក៏​តាម​វិទ្យាល័យ​ទាំង​៣២​នៅ​រាជធានី​ភ្នំពេញ​ដែរ ។ ចំណាត់ការ​ដែល​បាន​ដាក់​ចេញ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​វិស័យ​កីឡា​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ​បាន​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ធ្វើ​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ស្គាល់​ពី​ក្បាច់គុន​នេះ​ផង​ដែរ ។

លោក​យូ​ជឿន នរៈសិង្ហ ប្រធាន​សហព័ន្ធ​យុទ្ធ​ក្រម​ខម​បាន​ថ្លែងប្រាប់​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទើបតែ​បើក​សិ​ទិ្ធ​ឲ្យ​សហព័ន្ធ​លោក​ចុះ​បង្ហាត់​ក្បាច់គុន​នៅ​គ្រប់​វិទ្យា​ល័យ​​ទាំង​៣២​នៅ​រាជធានី​ភ្នំពេញ ។ ចំណាត់ការ​របស់​ក្រសួង​លោក​ចាត់​ទុក​ថា បាន​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្បាច់គុន​យុទ្ធ​ក្រម​ខម​មានការ​ទទួលស្គាល់​តាម​រយៈ​ការ​បំផុស​ដោយ​ក្រុម​យុវវ័យ ។ តាម​រយៈ​ការ​ប្រកាស​ឡើង​របស់​ក្រសួង​អប់រំ លោក​នឹង​ចាត់​គ្រូបង្វឹក​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ទៅ​កាន់​វិទ្យាល័យ​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មានការ​ចុះ​បង្វឹក​កីឡា​ប្រភេទ​នេះ និង​ពន្យល់​ឲ្យ​ស្គាល់​ពី​ប្រវត្តិ​របស់​កីឡា​យុទ្ធ​ក្រម​ខម ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ចំណាត់ការ​របស់​ក្រសួង​មិន​បាន​តម្រូវ​ឲ្យ​ដាក់​បញ្ចូល​កីឡា​នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នោះ​ទេ​ដោយ​គ្រាន់តែ​បើកចំហ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អាស្រ័យ​តាម​លទ្ធភាព​របស់​សហព័ន្ធ​តែ​ប៉ុណ្ណោះ​។ លោក​មាន​ប្រសាសន៍​ថា ៖«​តាម​អ្វី​ដែល​ក្រសួង​ផ្ដល់​ឲ្យ​គឺ​គាត់​ឲ្យ​យើង​ចុះ​បង្ហាត់​យុទ្ធ​ក្រម​ខម នៅ​តាម​វិទ្យាល័យ​ទាំងអស់​នៅ​ភ្នំពេញ អ​ញ្ចឹ​ង​ហើយ​ទើប​យើង​ត្រៀម​ចាត់​គ្រូ​ជំនាញ​ឲ្យ​ចុះ​បង្ហាត់​តាម​សាលា ដើម្បី​ឲ្យ​ក្មេង​វិទ្យាល័យ​មាន​លទ្ធភាព​បាន​ស្គាល់​កីឡា​ហ្នឹង​!» ។ លោក​ថា ក្រសួង​អប់រំ​បាន​ចេញ​សេចក្ដី​ប្រកាស​តម្រូវ​ឲ្យ​គ្រប់​វិទ្យាល័យ​ជួយ​ផ្ដល់​ទីតាំង​នៅ​ក្នុង​បរិវេណ​វិទ្យា​ល័យ ដើម្បី​ឲ្យ​សហព័ន្ធ​បើក​ក្លិប​បង្ហាត់​សិស្ស​បាន​ដោយ​រលូន ។ យ៉ាងណា​ក៏​ដោយ លោក​ថា​ចំពោះ​ការ​អនុវត្ត គឺ​មិន​ត្រូវធ្វើ​ឡើង​នៅ​គ្រប់​វិទ្យាល័យ​ទាំង​៣២ នៅ​ភ្នំពេញ​នោះ​ទេ គឺ​នឹង​ជ្រើស​យក​តែ​នៅ​វិទ្យាល័យ ធំ​ៗ​ដែល​អ្នក​ចង់​ហាត់​ច្រើន​ប៉ុណ្ណោះ ។

លោក​យូ​ជឿន នរៈសិង្ហ បាន​ថ្លែង​បន្ត​ថា សហព័ន្ធ​យុទ្ធ​ក្រម​ខម គ្រោង​ដំណើរការ​ចុះ​បង្ហាត់​ក្បាច់គុន​ដល់​សិស្ស​វិទ្យាល័យ នៅ​ចន្លោះ​ម៉ោង​៥​និង​ម៉ោង​៦​ល្ងាច ដើម្បី​ឲ្យ​មាន​លក្ខណៈ​ជា​ការ​ចែកចាយ​ក្បាច់គុន ដូច​គ្នា​នឹង​ការ​បើក​បង្ហាត់​តេ​ក្វា​ន់​ដូ​នៅ​តាម​សាលា​រដ្ឋ​នា​ពេល​កន្លង​មក ។ យ៉ាងណា​ក៏​ដោយ​លោក​ថា វិធានការ​បង់លុយ គឺ​មិន​ដូច​ការ​បើក​ក្លិប​បង្ហាត់កីឡា​ផ្សេង​នោះ​ទេ ដ្បិតអី​សហព័ន្ធ​យុទ្ធ​ក្រម​ខម គឺ​មាន​លក្ខខណ្ឌ​ចុះ​បង្ហាត់​ក្នុង​ន័យ​ផ្សព្វផ្សាយ​ច្រើន​ជាង ។ លោក​ថា តម្លៃ​ក្នុង​ការ​ហ្វឹកហាត់​នឹង​តម្រូវ​ឲ្យ​សិស្ស​បង់​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ គឺ​ទាប​ជាង​តម្លៃ​បង់់ហាត់កីឡា​ផ្សេង​ដែល​មាន​តម្លៃ​មួយ​ខែ​៤​ម៉ឺន ឬ​លើស​ពី​នេះ ។ សហព័ន្ធ​នឹង​ផ្ដល់​លក្ខខណ្ឌ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ហ្វឹកហាត់​ចំពោះ​សិស្ស​ក្រខ្សត់​ឲ្យ​តែ​ពួក​គេ​មាន​បំណង​ហាត់រៀន​ពិតប្រាកដ ។ លោក​មាន​ប្រសាសន៍​ថា ៖«​បន្ទាប់​ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​ក្រសួង​អប់រំ យើង​ទាក់ទង​តាម​សាលា ប៉ុន្តែ​យើង​អត់​យក​ក្បាច់គុន​ហ្នឹង​ធ្វើ​អាជីវកម្ម​ចង់​មាន​ចង់បាន​អី​ទេ គឺ​យើង​ឲ្យ​សិស្ស​បង់​មួយ​ខែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បើ​អ្នកក្រ​គឺ​អត់​យក​លុយ ហើយ​ជួយ​ជា​សម្ភារ​ដល់​ពួក​គាត់​ទៀត ព្រោះ​សំខាន់​យើង​ចង់​ផ្សព្វផ្សាយ​យុទ្ធ​ក្រម​ខម​ឲ្យ​ក្មេង​ៗ​បាន​ស្គាល់​!» ។ ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ លោក​ថា​កីឡា​យុទ្ធ​ក្រម​ខម​នឹង​បាន​សាយភាយ​នៅ​ពេញ​ស្រទាប់​យុវវ័យ ជា​ពិសេស​គឺ​សិស្ស​វិទ្យាល័យ បន្ទាប់​ពី​សហព័ន្ធ​អាច​ទម្លាក់​គ្រូបង្វឹក​ឲ្យ​បើក​បង្រៀន​បាន​ដូច​ការ​គ្រោងទុក ។ ជាក់ស្ដែង​ប៉ុន្មាន​ខែ​ចុង​ក្រោយ កីឡា​ប្រភេទ​នេះ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​យ៉ាង​ខ្លាំង​ពី​ក្រុម​យុវវ័យ​នៅ​ក្នុង​បរិវេណ​អគារ​ដំបូលទូក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ លោក​ថា ជម្រើស​បើកផ្លូវ​ឲ្យ​យុទ្ធ​ក្រម​ខម​មាន​វត្តមាន​ចូល​បង្ហាត់​នៅ​សាលា​រដ្ឋ នឹង​ជួយ​ឲ្យ​អ្នក​ស្រឡាញ់​កីឡា​ដែល​កន្លង​មក​បានរ​ត់ទៅ​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ ឬ​យូ​ដូ​ជាដើម​ងាក​មក​ហ្វឹកហាត់​ក្បាច់គុន​នេះ​វិញ ។ គាប់​ជួន​ជា​យុទ្ធ​ក្រម​ខម គឺជា​ក្បាច់គុន​ដែល​ផ្ដល់​បច្ចេកទេស​ការពារ​ខ្លួន និង​ជួយ​ដល់​សុខភាព​បាន​ល្អ​ក្នុង​ពេល​ដែល​កីឡាករ​នេះ​ចុះ​ទៅ​បង្ហាត់​សិស្ស​ដល់​សាលា​គឺ​លោក​មើលឃើញ​ថា​រឹតតែ​ធ្វើ​ឲ្យ​យុវវ័យ​ចាប់អារម្មណ៍ ។

ជាមួយនឹង​ការ​បញ្ជាក់​របស់​ប្រធាន​សហព័ន្ធ​យុទ្ធ​ក្រម​ខម កោះសន្ដិភាព​មិន​ទាន់​បាន​ទទួល​ការ​បញ្ជាក់​ពី​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នោះ​ទេ ប៉ុន្តែ​យោង​តាម​មន្ត្រី​របស់​ក្រសួង​មួយ​រូប​បាន​អះអាង​ថា ក្រសួង​មាន​បំណង​ចង់​ឲ្យ​កីឡា​នេះ ត្រូវ​បាន​លើកកម្ពស់​នៅ​ក្នុង​ស្រទាប់​យុវវ័យ​ដែល​ស្ថិត​ក្នុង​កម្រិត​វិទ្យាល័យ ។ ក្រសួង​លើក​ឡើង​ពី​ការ​បង្ក​បរិយាកាស​ជួយ​ឲ្យ​ការ​ផ្សព្វផ្សាយ​ក្បាច់គុន​ចំណាស់​នេះ ឲ្យ​ទទួល​បាន​ផ្លែផ្កា បន្ទាប់​ពី​មន្ត្រី​សហព័ន្ធ​ដំណើរការ​ចុះ​បង្ហាត់​សិស្ស​តាម​អ្វី​ដែល​ក្រសួង​បើកផ្លូវ ៕