URBAN​រៀបចំ​កម្មវិធី​ប្រណាំង​កង់​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា កន្លង​មកនេះ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ URBAN បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប្រកាស​ពី​ការ​បង្កើត​កម្មវិធី​ប្រកួតប្រណាំង​កង់​លើក​ទី​១ មានឈ្មោះ​ថា Fun Race For Orphans ក្នុង​គោលបំណង​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា ។

លោក​រ៉េ​ន បូ ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​នេះ​ឡើង​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រណាំង​កង់​ខាងលើ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ខាង​មុខ​នេះ ដោយ​ចេញដំណើរ​ពី​កោះ​ពេជ្រ​ឆ្ពោះទៅ​កាន់​កោះដាច់ ។ ការ​ប្រកួត​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​ការ​ជិះ​កង់​ជា​លក្ខណៈ​កម្សាន្ដ និង​ការ​ប្រកួត​ជា​ក្រុម​លក្ខណៈ VIP ។ ការ​ប្រកួត​ក្នុង​លក្ខណៈ​ជិះ​កម្សាន្ដ អ្នក​ចូលរួម​តម្រូវ​ឱ្យ​បង់ប្រាក់​៥​ដុល្លារ ចំណែក​ការ​ប្រកួត​ជា​លក្ខណៈ​VIP​បង់​១៥​ដុល្លារ ហើយ​ទទួល​បាន​មក​វិញ​នូវ​អាវយឺត​១ និង​អាហារ​សម្រន់​ពេល​ប្រកួត ។ សម្រាប់​កុមារ​ដែល​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ដើម្បី​សុខភាព​ត្រូវ​ជិះ​តាម​ធម្មតា​ចាប់ពី​កោះ​ពេជ្រ​រហូត​ដល់​កោះដាច់​ដូច​គ្នា ។ ប៉ុន្ដែ​សម្រាប់​ក្រុម​VIP ដែល​ក្នុង​១​ក្រុម​មាន​គ្នា​៤​នាក់​នោះ នៅ​ពេល​ឆ្លង​ដ​កោះដាច់​រួច ពួក​គេ​ត្រូវ​ជិះ​បណ្ដាក់​គ្នា​ម្នាក់​៦​គីឡូម៉ែត្រ​ដណ្ដើម​ចំណាត់ថ្នាក់​ជ័យ​លា​ភី ។

លោក​រ៉េ​ន បូ បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួតប្រណាំង​កង់​ពេល​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​កម្សាន្ដ​ផង និង​ដើម្បី​សុខភាព​ផង ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ដើម្បី​រក​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​កម្ពុជា ។ ការ​ប្រកួត​បែប​នេះ លោក​មាន​គម្រោង​បង្កើត​ឱ្យ​មាន​ជា​រៀង​រាល់​ឆ្នាំ​ហើយ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១៦ ៩៩៩ ១៦១ ៕