លោក ហ៊ុន សែន សរសើរ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ថា​ច្រៀង​ពិ​រោះ​

​តាមរយៈ​លិខិត​ឆ្លើយតប​មួយ​ទៅកាន់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​៣១ ខែតុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថា បន្លឺ​ព្រះ​សូរសៀង បាន​ពិ​រោះ​ក្រអួន​ក្រអៅ ស័ក្តិសម​នឹង​បន្ត​ថែ​ព្រះរាជ​កេរ​មរតក​របស់​អង្គ​សម្តេចឪ​។​

​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពីពេល​ថ្មីៗ​នេះ បាន​ផ្ញើរ​ទៅកាន់​លោក ហ៊ុន សែន នូវ​ស៊ី​ឌី ចម្រៀង​មួយ​បន្ទះ​មាន​ចំនួន​១០​បទ ដែលជា​ព្រះរាជ​និពន្ធ​របស់​អង្គ​សម្តេចឪ នរោត្តម សីហនុ ហើយ​បទ​ចម្រៀង​ទាំងនោះ បញ្ចេញ​សូរសៀង​ដោយ ទ្រង់ រណឫទ្ធិ​។​

​លោក ហ៊ុន សែន បាន​សរសេរ​តប​ទៅ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ថា​៖ «​ខណៈ​នេះ ទូលបង្គំ សូម​ថ្លែង​នូវ​ការគោរព​កោត​ស្ងប់​ស្ងែ​ង​ជា​អតិបរិមា ថ្វាយ​ចំពោះ​សម្តេច​សម្តេចក្រុមព្រះ ដែល​ទ្រង់​បន្លឺ​ព្រះ​សូរសៀង​គ្រប់​បទ បាន​ពិ​រោះ​ក្រអួន​ក្រអៅ ស័ក្តិសម​នឹង​បន្ត​ថែ​ព្រះរាជ​កេរ​មរតក​ដ៏​វិសេសវិសាល និង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​អង្គ​សម្តេចឪ ព្រះបិតា វប្បធម៌​ជាតិ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​» ។​

​យោងតាម​បន្ទះ​ស៊ី​ឌី ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ផងដែរ​នោះ បទ​ចម្រៀង​ដែលជា​ព្រះរាជ​និពន្ធ​របស់​សម្តេច​ឪ និង​ច្រៀង​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មាន​ចំនួន​១០​បទ​។ បទ​ទាំងនោះ​មាន​ចំណងជើង​ដូចជា «​ស្នេហា​», «​ជំនោរ​វិច្ឆិកា​», «​កម្មបង​ពុំបាន​ដូច​ចិន្តា​», «​កែវ ស្នេហា​», «​រាត្រី​ដែល​បាន​ជួប​ភក្ត្រ​», «​ផ្កាយ​ស្នេហា​», «​ស​ក្រ​វា​ទិ៍​», «​ព្រៃ​ប្រសិទ្ធិ៍​», «​អប្សរា​» និង «​លា​ហើយ​កម្ពុជា​» ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​