បង​ប្រុស​ជីដូនមួយ​​ចាប់រំលោភ​ប្អូនស្រី​​អាយុ១៤ឆ្នាំ​ ក្រោយ​ពី​​មើល​វីដេអូសិច​​តាម​ទូរស័ព្ទ​​​​​

​ខេត្ត​ព្រះ​វិហារ ៖ ​បុរស​សង្ស័យ​ម្នាក់​ឈ្មោះ សែន សុខ​ឃី​ម ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ត្រូវ​បាន​​​នគរ​បាល​ស្រុក​សង្គម​ថ្មី ​ចាប់​ឃាត់​ខ្លួន​ពី​បទ​​​រំលោភ​សេពសន្ថវៈ​​​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​៣១ ​តុលា ​​​កន្លង​មក​នេះ រួច​បញ្ជូន​​​​​ទៅ​​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​​ខេត្ត​​ ។

​មន្ត្រី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​ ​ថា ក្រោយ​ពី​​​បាន​សួរនាំ​ជនសង្ស័យ​​រួច​មក ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​​​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​បាន​បើក​​​​វី​ដេ​អូ​សិចនៅ​ក្នុង​ទូរ​ស័​ព​ដៃឲ្យ​​ប្អូន​​ស្រី​​មើល ក្រោយ​ពី​​​មើល​រួច​ខ្លួន​​​ក៏​​ប្រើ​វិធី​លួងលោម​​ប្អូន​ស្រី​​ ហើយ​​ក៏​ចាប់​រំលោភសេពសន្ថវៈចំនួន​៣​​ដង​ ។

សមត្ថកិច្ច​ បាន​បន្ត​​​ថា ​​ខណៈ​​​ក្មេង​ស្រី​​​រង​គ្រោះ​​​មាន​អាការៈឈឺ​​​ចុកចាប់​ ពេល​នោះ​ក្រុម​គ្រួសារ​ជីដូន​មួយ​ក៏​​នាំ​​ទៅ​​ព្យាបាលតាម​បែប​បុរាណ​ខ្មែរ ព្រោះ​នៅ​តំបន់​ដាច់​ស្រយាល​គេ​មិនសូវ​​មាន​ជំនឿ​ទៅ​លើ​ថ្នាំពេទ្យ​​ទេ​ ​គេ​ច្រើន​​ជឿ​​​​គ្រូហ្ម ​និង​​ថ្នាំ​បុរាណខ្មែរ​​ ពេល​នោះ​គ្រូខ្មែរ​ប្រាប់​ថា ​ក្មេង​ស្រី​ឈឺ​ដោយសារ​តែមាន​មនុស្ស​ក្នុង​​ក្រុម​គ្រួសារ​ប្រព្រឹត្ត​ខុស​ចាស់ទុំ ​បន្ទាប់​មក​ក្រុម​គ្រួសារ​​​​ក៏​សួរ​នាំ​​ក្មេង​ស្រី​រង​គ្រោះ​​ ពេល​នោះ​​​នាង​​រង​គ្រោះ​​​​​​ប្រាប់​​ថា​ ​បង​​ប្រុស​ជីដូន​មួយ​ពិត​ជា​បានចាប់​រំលោភ​​នាង​ប្រាកដ​មែន ​។ ក្រោយមក​ក្រុម​គ្រួសារ​ក៏​បានទៅ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ភ្លាម​ៗ​ ។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ជា​ក្មេង​កំព្រា គ្មាន​ឪពុក​ម្តាយ រស់នៅ​ជាមួយ​ជនសង្ស័យ ហើយ​ក៏​ត្រូវជា​ប្អូន​ជីដូនមួយជាមួយ​ប្រពន្ធ​ជនសង្ស័យ​នោះ​ផង​ដែរ ។

​ជនសង្ស័យ​ខាងលើ ត្រូវ​បានសមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​នៅ​រសៀល​ថ្ងៃ​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕