ប្រធាន​ Cam-Top Team សោក​ស្ដាយ​ពេល MMA ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ត្រូវ​រំសាយ


ប្រធាន​ Cam-Top Team សោក​ស្ដាយ​ពេល MMA ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ត្រូវ​រំសាយ

លោក ហ៊ុន ច័ន្ទរាជ ប្រធាន​ក្លិប​ប្រដាល់​គុន​ចម្រុះ Cambodian Top Team បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដឹង​ថា​ការ​ប្រកួត​ប្រដាល់​ក្នុង​ទ្រុង MMA ថ្នាក់​ជាតិ​លើក​ដំបូង​ប្រចាំ​ឆ្នាំ​២០១៥ ត្រូវ​រំសាយ​ចោល។

 

ប្រធាន​ Cam-Top Team សោក​ស្ដាយ​ពេល MMA ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ត្រូវ​រំសាយលោក ហ៊ុន ច័ន្ទរាជ

 

តាម​ការ​គ្រោង​ទុក​តាំង​ពី​ប៉ុន្មាន​ខែ​មុន កម្ម​វិធី​ប្រកួត​ប្រដាល់​គុន​ចម្រុះ MMA ​ដណ្ដើម​ជើង​ឯក​ប្រចាំ​ប្រទេស​​កម្ពុជា​​​លើក​ដំបូង​នឹង​​ធ្វើ​ឡើង​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ ​​​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ប៉ុន្តែ​​ត្រូវ​បាន​រំសាយ​​ចោល​វិញ​ដោយ​សារ​ហេតុផល​ថា​កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​សមត្ថភាព​មិន​គ្រប់​គ្រាន់​ដូច​ប្រទេស​​ដទៃ​។

 

ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ លោក ហ៊ុន ច័ន្ទរាជ ប្រធាន​ក្លិប​ប្រដាល់​គុន​ចម្រុះ Cambodian Top Team បាន​លើក​ឡើង​​ថា តាម​ពិត​សមត្ថភាព​កីឡា​មិន​ចោទ​ជា​បញ្ហា​ឡើយ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា កីឡាករ​ខ្មែរ​យើង​ដែល​ដាក់​ចូល​កម្មវិធី​ហ្នឹង សុទ្ធតែ​ល្អ​ទាំង​អស់… សុទ្ធតែ​ម្ចាស់​ខ្សែ​ក្រវាត់​លេខ​១ លេខ​២ ទាំង​អស់, រក​អត់​បាន​ទៀត​ទេ មាន​តែ​ពួក​ហ្នឹង​ឯង»។

 

​​លោក ច័ន្ទរាជ បាន​បញ្ជាក់​ថា មាន​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយសារ​រៀប​ចំ​កម្មវិធី​យូរ​មក​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​រំសាយ​ចោល​វិញ។ លោក​ក៏​មិន​បាន​ដឹង​មូលហេតុ​ច្បាស់​ដែរ ប៉ុន្តែ​បើ​និយាយ​ពី​បច្ចេកទេស​រៀប​ចំ និង​សមត្ថភាព​កីឡាករ លោក​គិត​ថា​អាច​ធ្វើ​បាន ព្រោះ​មិន​មែន​ជា​ការ​ប្រកួត​លំដាប់​អន្តរជាតិ​ឡើយ ហើយ​ការ​ប្រកួត​តាម​ប៉ុស្តិ៍​ទូរទស្សន៍​កន្លង​មក ក៏​ធ្លាប់​រៀប​ចំ​បាន​ដោយ​គ្មាន​បញ្ហា​ដែរ៕

 

ទស្សនា​វីដេអូ លោក ហ៊ុន ច័ន្ទរាជ និយាយ​ពី​ការ​រំសាយ​ចោល MMA ថ្នាក់​ជាតិ៖

អត្ថបទ៖ គង់ វិសាល