ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​និយាយ​ថា យន្តហោះ​ខ្លួន​ធ្លាក់​មក​ពី​កត្តា​ខាងក្រៅ

ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​ជា​ម្ចាស់​យន្តហោះ​ដែល​ធ្លាក់​អះអាង​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ថា មាន​តែ​កត្តា​ខាងក្រៅ​មួយ​គត់ ដែល​បណ្តាល​ឱ្យ​យន្តហោះ AIRBUS A321 របស់​ខ្លួន​ធ្លាក់​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​៣១ តុលា ។ ក្រុមហ៊ុន​នេះ​បដិសេធ​លទ្ធភាព​នៃ​ការ​ខុសឆ្គង​ខាង​ការ​បើកបរ ឬ​ការ​ខូច​ខាង​បច្ចេកទេស ។

ដោយ​គូសបញ្ជាក់​ថា យន្តហោះ​របស់​ខ្លួន​មាន​ស្ថានភាព​ប្រសើរ​បំផុត បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន METROJET នេះ ពុំ​បាន​បញ្ជាក់​ពី​សកម្មភាព​ខាងក្រៅ​បែប​ណា​ឡើយ ខណៈ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​កម្ទេច​យន្តហោះ AIRBUS នេះ ។

ចំណែក​ទីភ្នាក់ងារ​សហព័ន្ធ​រុ​ស្ស៊ី​ទទួល​បន្ទុក​ខាង​ដឹក​ជញ្ជូន​តាម​អាកាស ROSAVIATSIA មានការ​ថ្លឹងថ្លែង​ចំពោះ​ការ​សន្និដ្ឋាន​ដំបូង​នានា​របស់​ក្រុមហ៊ុន METROJET ដោយ​វាយតម្លៃ​ថា ការ​សន្និដ្ឋាន​ទាំងនេះ​ហាក់ដូចជា​ប្រញាប់ប្រញាល់​ពេក ។ នាយក​របស់ ROSAVIATSIA លោក​អេ​ឡិច​សាន់​ដ្រ៍ ណឺ​រ៉ា​ដ​កូ យល់​ថា មានការ​ងារ​ជា​ច្រើន​ដែល​ចាំបាច់​លើ​ការ​វិភាគ បំណែក​នានា និង​ប្រអប់​ខ្មៅ ។

រីឯ​អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី ប៉េ​ស្កូវ និយាយ​ជា​ថ្មី​ថា គេ​ពុំ​អាច​បដិសេធ​ការ​សង្ស័យ​ណាមួយ​ឡើយ ដោយ​លោក​អះអាង​ថា គេ​ពុំ​ត្រូវ​ធ្វើការ​សន្និដ្ឋាន​បែប​ប្រហែល​ៗ​នោះ​ឡើយ ក៏​ប៉ុន្តែ​ត្រូវ​រង់ចាំ​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើបអង្កេត​សិន ។

នៅ​ទីក្រុង​គែរ ការ​ធ្វើ​វិភាគ​ប្រអប់​ខ្មៅ​ចាប់ផ្តើម​ហើយ ។ ទន្ទឹម​នឹង​នេះ​នៅ​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ជា​កន្លែង​រស់នៅ​របស់​មនុស្ស​ភាគច្រើន ក្នុង​ចំណោម​មនុស្ស​ទាំង​២២៤​នាក់ ដែល​ស្លាប់​នៅ​តំបន់​ស៊ី​ណៃ​អុ​ី​អេ​ហ្ស៊ី​ប បណ្តា​គ្រួសារ​ជន​រង​គ្រោះ​កាលពី​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ចាប់ផ្តើម​កំណត់​អត្តសញ្ញាណ​សាកសព​មនុស្ស​១៤០​នាក់ ដែល​បញ្ជូន​ទៅ​ដល់​អតីត​រដ្ឋធានី​រុ​ស្ស៊ី​នេះ ។

ចំពោះ​ការ​ប្រកាស​របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមហ៊ុន METROJET ដែល​គូសបញ្ជាក់​ថា មូល​ហេតុតែ​មួយ​គត់​សម្រាប់​ពន្យល់​ពី​គ្រោះថ្នាក់​នេះ​គឺ​សកម្មភាព​ពី​ខាងក្រៅ​មួយ​ជា​ការ​ចង់​និយាយ​យោង​ដល់​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។

យោង​តាម​អ្នកកាសែត​បារាំង​ម្នាក់ លោក WASSIM NASR របស់​ទូរទស្សន៍​បារាំង FRANCE-24 ថា បើ​គិត​ថា​មាន​សកម្មភាព​បែប​នេះ​មែន វា​នឹង​ជា​លើក​ដំបូង​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ធ្វើ​ឱ្យ​ផ្ទុះ​យន្តហោះ​ពាណិជ្ជកម្ម​មួយ​គ្រឿង ៕