កងទ័ព​រុ​ស្ស៊ី​ប្រកាស​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​PALMYRE​ស៊ី​រី

កងទ័ព​រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ថា បាន​ទម្លាក់​គ្រាប់បែក​លើ​តំបន់ PALMYRE ជាទី​តាំង​មួយ​នៅ​ស៊ី​រី​របស់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អិុស្លា​ម ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា កង​យន្តហោះ​រុ​ស្ស៊ី​បាន​កម្ទេច​ទីតាំង​ការពារ​មួយ និង​បណ្តា​កាំភ្លើង​ការពារ​អាកាស​របស់​ក្រុម​រដ្ឋ​អិុស្លា​ម​ក្នុង​តំបន់ TADMOR ជា​ឈ្មោះ​អា​រ៉ាប់​ប្រើ​ដោយ​កងទ័ព​រុ​ស្ស៊ី​សំដៅលើ​ក្រុង PALMYRE ។ សេចក្តី​ប្រកាស​នេះ​អះអាង​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​២៣៧​របស់​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​រយៈពេល​២​ថ្ងៃ​ផង​ដែរ ។

នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន អះអាង​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​លើ​តំបន់ PALMYRE នេះ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​រួច​ហើយ​ថា កង​យន្តហោះ​របស់​ខ្លួន​បាន​វាយប្រហារ​ជិត​ទីក្រុង PALMYRE ដោយ​ខិតខំ​ចៀសវាង​បណ្តា​ទីតាំង​បុរាណ ។

ចំណែក​កងទ័ព​ស៊ី​រី​វិញ បន្ត​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​បណ្តា​សង្កាត់​ពួក​ឧទ្ទាម​កាន់កាប់​ជិត​ក្រុង​ដា​ម៉ាស់ ។ ក្នុង​វី​ដេ​អូ​មួយ​ថត​ដោយ​ពួក​ឧទ្ទាម ហើយ​ដែល​រ៉​យ​ទ័​រ​ទទួល​បាន​គេ​ឃើញ​ប្រជាជន​ប៉ុនប៉ង​ជួយ​បណ្តា​អ្នក​របួស​នៅ​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​ឌូ​ម៉ា បន្ទាប់​ពី​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា ។ គ្រាប់​មី​ស៊ី​ល​ទាំងឡាយ​បាញ់​ចេញ​ដោយ​កងទ័ព​ស៊ី​រី​សម្លាប់​មនុស្ស​យ៉ាងតិច​៧០​នាក់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៣០ តុលា ក្នុង​មូលដ្ឋាន​ដដែល​នេះ ។

យោង​តាម​វី​ដេ​អូ​មួយ និង​អង្គការ OSDH ថា ពួក​ឧទ្ទាម​ស៊ី​រី​១​ក្រុម​គឺ​ក្រុម JAICH AL ISLAM (​កងទ័ព​របស់​អ៊ិ​ស្លា​ម​) ចាត់ទុកជា​ក្រុម​ឧទ្ទាម​សំខាន់​មួយ​នៅ​ជិត​រដ្ឋធានី​ស៊ី​រី បាន​ចាប់​បណ្តាជន​ស៊ី​វិល​ជា​សមាជិក​សហគមន៍​អា​ឡា​ហ្វី​ត និង​ពួក​ទាហាន​ស៊ី​រី​ដាក់​ទ្រុង​ដែក​នៅ​ឯ​ទីលាន​សាធារណៈ​នានា​ជិត​ក្រុង​ដា​ម៉ាស់ សម្រាប់​ធ្វើ​ជា​ខែល​មនុស្ស​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​តាម​អាកាស ។ សហគមន៍​អា​ឡា​ហ្វី​ត​ជា​សហគមន៍​ស៊ី​អីុ​តរបស់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ៕