កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​ព្រមព្រៀង​គ្នា​លើ​ផែនការ​4D​ប្រឆាំង​មី​ស៊ី​ល​កូរ៉េ​ខាងជើង

យោង​តាម YONHAP ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​សន្តិសុខ SCM លើក​ទី​៤៧ រវាង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទិ​២ វិច្ឆិកា នៅ​ក្រុង​សេ​អ៊ូ​ល ហើយ​ភាគី​ទាំង​២​ប្រកាស​ថា យើង​នឹង​មិន​អត់ឱន​ឱ្យ​ឡើយ ចំពោះ​រាល់​ការ​លុកលុយ ឬ​ការ​បង្កហេតុ​គ្រប់​ប្រភេទ​របស់​កូរ៉េ​ខាងជើង រួច​ប្រកាស​ពី​ការ​រៀបចំ​ផែនការ​ប្រតិបត្តិការ 4D មួយ ។

បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​ស្តី​ពី​បញ្ហា​សន្តិសុខ​នោះ​មក  រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក HAN MIN KOO និង​សម​ភាគី​អា​មេ​រិ​ក លោក ASHTON CARTER បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​មួយ​មាន​១៦​មាត្រា​។

ចំពោះ​រឿង​នេះ លោក ASHTON CARTER បញ្ជាក់​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ថា នេះ​ជា​ការ​ផ្ទេរ​បេសកកម្ម​មួយ​បំពេញ ដោយ​កងទ័ព​អា​មេ​រិ​ក​តែ​ម្តង ។ លោក​បន្ត​ថា ការ​ផ្ទេរ​នេះ​នឹង​ត្រូវធ្វើ​រហូត​ដល់​ពេល​កងទ័ព​កូរ៉េ​ខាងត្បូង មាន​សមត្ថភាព​ពេញលេញ ទើប​នាំ​ឱ្យ​មានការ​ប្រើ​ពេលវេលា​ថែម​ទៀត ។

ភាគី​ទាំង​២​ពុំ​បាន​លើក​ឡើង​ពី​បញ្ហា​រសើប​នានា​ដូច​ជា​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារប្រឆាំង​មី​ស៊ី​ល ដែល​អាច​បាញ់​បាន​ខ្ពស់​បំផុត THAAD នៅ​កូរ៉េ​ខាងត្បូង ខណៈ​ភាគី​ទាំង​២​ចុះហត្ថលេខា​លើ​ការ​ផ្ទេរ​ការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​ក្នុង​ពេល​សង្គ្រាម OPOON ក្រោម​លក្ខ ខណ្ឌ​មួយ​ចំនួន ដើម្បី​ឱ្យ​ការ​ផ្ទេរ​ដោយ​ស្ថិតស្ថេរ​មួយ​នៃ OPOON ត្រូវធ្វើ​ក្នុង​ពេលវេលា​សម​ស្រប​មួយ​ក្តី ។

ពេល​បើក​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​អះអាង​ជា​ថ្មី​ថា សម្ព័ន្ធភាពរវាង​ប្រទេស​ទាំង​២​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ខណៈ​លោក HAN គូសបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​អះអាង​ជា​ថ្មី​ពី​កិច្ចសន្យា​ការពារ​នានា​ក្នុង​ឋានៈ​ជា​សម្ព័ន្ធមិត្ត​សំដៅ​ថែរក្សា​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ។

សេចក្តី​ប្រកាស​រួម​នេះ​ក៏​ចែង​ផង​ដែរ​ពី​បណ្តា​ទិស​ដៅ​ជា​គោលការណ៍​របស់​សម្ព័ន្ធមិត្ត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​កូរ៉េ​ខាងជើង ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ឬ​ជីវគីមី ព្រមទាំង​សញ្ញាណ​នៃ​ប្រតិបត្តិការ​ប្រឆាំង​មី​ស៊ី​ល (NOTION 4D) ។ គម្រោង​ប្រតិបត្តិការ 4D នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​ផែនការ​ប្រតិបត្តិការ​៥០១៥ ដែល​ជំនួស​អតីត​ផែនការ​ប្រតិបត្តិការ​៥០២៧ ។ ផែនការ 4D ផ្តោត​លើ​ដំណាក់កាល​៤​ប្រឆាំង​មី​ស៊ី​ល ជា​វិធី​ការពារ​ក្នុង​ករណី​មានការ​គំរាមកំហែង ដោយ​មី​ស៊ី​ល​កូរ៉េ​ខាងជើង ។ សញ្ញាណ​នេះ​សំដៅ​ចាប់​ឱ្យ​ឃើញ​បណ្តា​មី​ស៊ី​ល​កូរ៉េ​ខាងជើង ដោយ​ប្រមូល​បណ្តា​ផ្កាយ​រណប​យោធា ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រួតពិនិត្យ​ពី​កម្ពស់​យ៉ាង​ខ្ពស់ ដូច​ជា GLOBAL HAWK ព្រមទាំង​បណ្តា​មធ្យោបាយ​ស៊ើបការណ៍ ។

ការ​សម្រេចចិត្ត​ប្រកាន់​យក​ផែនការ 4D នេះ​មក​ពី​ការ​បង្កើន​សមត្ថភាព​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ។ កូរ៉េ​ខាងជើង​បច្ចុប្បន្ន​មាន​មី​ស៊ី​ល​ជា​ច្រើន​ប្រភេទ ពិសេស​មី​ស៊ី​ល​ធុន SCUD ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី​៣០០​ទៅ​៧០០​គីឡូម៉ែត្រ មី​ស៊ី​ល RODONG (១.២០០​គីឡូម៉ែត្រ​) មី​ស៊ី​ល MUSUDAN (​ជាង​៣.០០០​គីឡូម៉ែត្រ​) និង​មី​ស៊ី​ល​បណ្តែត​អន្តរទ្វីប KN-08 (១០.០០០​គីឡូម៉ែត្រ ទៅ​១២០០០​គីឡូម៉ែត្រ​) ដឹក​ដោយ​ជើង​ទម្រ​ចល័ត ។

ប្រសិនបើ​កូរ៉េ​ខាងជើង​អាច​ផលិត​បាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នោះ ប្រទេស​នេះ​នឹង​មាន​មី​ស៊ី​ល​បាលី​ស្ទីក​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​សហរដ្ឋ​អា​េ​ម​រិ​ក ។ ផែនការ 4D នឹង​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងត្បូង ហៅ​ប្រព័ន្ធ KAMD ឬ KILL CHAIN ៕