ណាសាស្វែងវិធីថ្មី ដើម្បីអង្កេតចរន្ត មហាសមុទ្រពីលំហអវកាស

 វិទ្យាសាស្ត្រ ៖ ក្រុមការងារមួយក្រុម នៃភ្នាក់ងារ អវកាសណាសា ព្រមទាំងក្រុម អ្នកវិទ្យាសាស្រ្ត មួយក្រុមទៀត បានបង្កើតវិធីថ្មី ដើម្បីប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានការបំរែបំរួល ចរន្តមហាសមុទ្រ អាត្លង់តិច ដោយសារការប្រែប្រួល នៃ អាកាសធាតុពិភពលោក។ នេះបើ យោងតាមគេហទំព័រព័ត៌មានវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាសណាសា ចេញផ្សាយ នៅថ្ងៃអង្គារ ទី ៣ ខែវិច្ឆការ ឆ្នាំ ២០១៥។

តាមការអង្កេតរបស់ភ្នាក់ងារអវកាសណាសាបង្ហាញឲ្យឃើញថា នៅក្នុងមហាសមុទ្រ អាត្លង់តិច ចរន្តខ្សែទឹកនៅលើ ផ្ទៃមហាសមុទ្រមានទ្រង់ទ្រាយខុសប្លែកពីមុន។ ដោយលែក សីតុណ្ហភាពរបស់ផ្ទៃទឹកសមុទ្រ ក៏មានការកើនឡើងក្តៅជាង មុន បើទោះបីជានៅក្នុង រដូវត្រជាក់យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តព្រមទាំង ក្រុមការងាររបស់ពួកគេ បានប្រើប្រាស់ ទិន្នន័យដែលទទួលបានពី ផ្កាយរណបភ្លោះនៃបេសកកម្ម ស្រាវជ្រាវអំពីអាកាសធាតុ និង កម្លាំងទំនាញ (GRACE) របស់ភ្នាក់ងារអវកាសណាសា ដែលត្រូវបានបង្ហោះទៅក្នុង លំហអាកាស នៅក្នុងឆ្នាំ ២០០២ ដើម្បីអង្កេតអំពីដែនទំនាញរបស់ភពផែនដី។

ដោយឡែក បច្ចុប្បន្នភ្នាក់ងារអវកាសណាសា ក៏បានប្រើប្រាស់ផ្កាយរណបមួយនេះ ដើម្បីធ្វើការអង្កេតអំពីស្ថាន ភាពរបស់មហាសមុទ្រពីលំហអាកាស ដើម្បីឲ្យដឹងកាន់តែច្បាស់ ពីការបំរែបំរួលនៃ ចរន្តទឹក និងសីតុណ្ហភាពរបស់ទឹកសមុទ្រ៕

ណាសាស្វែងវិធីថ្មី ដើម្បីអង្កេតចរន្ត មហាសមុទ្រពីលំហអវកាស