ភាពយន្ត​ខ្លី ៧ រឿង​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៥

ភាពយន្ត​ខ្លី ៧ រឿង​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៥

ភាពយន្ត​ខ្លី​ចំនួន ៧ រឿង​ត្រូវ​បាន​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​ការ​ប្រកួតប្រជែង​នៅ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ ២០១៥។ នេះ​បើ​តាម​លោក សុខ វិសាល នាយក​ផលិតកម្ម 802AD និង​ជា​ប្រធាន​មហោស្រព​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ព្រឹក​មិញ។

 

ភាពយន្ត​ខ្លី ៧ រឿង​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៥

 

ភាពយន្ត​ខ្លី​ទាំង​នោះ​រួម​មាន​រឿង”AXD-13”, “សាលា​មេអំបៅ”, “ចម្ងាយ”, “ជម្រើស​ចុង​ក្រោយ”, “រស់​ឡើង​វិញ”, អំបោះ” និង​រឿង”គ្រាប់​ថ្ម​មួយ​ក្ដាប់” ជា​ដើម ដែល​ជា​ស្នាដៃ​ផលិតករ​វ័យ​ក្មេង​នៅ​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​រឿង​ខ្លី​ប្រមាណ ៣០ ចំណង​ជើង​ផ្សេង​ទៀត ដែល​បាន​ដាក់​ចូលរួម​ប្រកួត​ប្រជែង។

 

ប្រធាន​មហោស្រព​បន្ថែម​ថា បេក្ខជន​ទាំង​អស់​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មហោស្រព ដោយ​ភាពយន្ត​ទាំង​អស់​មិន​លើស ៣០ នាទី​ក្រោម​ប្រធាន​បទ​សេរី ដែល​ជា​រឿង​ប្រឌិត​សុទ្ធសាធ ហើយ​មិនមែន​វីដេអូ​ឯកសារ​ស្ដី​ពី​ជីវិត​ផ្ទាល់​ខ្លួន។

 

ជាមួយ​គ្នា​នោះ​លោក​បន្ត​ថា មហោស្រព​ភាពយន្ត​ខ្លី​ដំបូង​គេ​នៅ​កម្ពុជា ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ផលិត​កុន​នានា​ទូទាំង​ពិភព​លោក​ផង​ដែរ។ ជាក់​ស្ដែង​មាន​ភាពយន្ត​ខ្លី​អន្តរជាតិ​ចំនួន ១២០ ចំណង​ជើង ក៏​ត្រូវ​បាន​ផ្ញើ​មក​ដល់​ដៃ​អ្នក​រៀបចំ​កម្មវិធី ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ។ ប៉ុន្តែ​ភាពយន្ត​ទាំង​នោះ​មិន​ត្រូវ​បាន​ជ្រើសរើស​ទេ ព្រោះ​ខុស​​គោលការណ៍ ដែល​រៀប​ចំ​ឡើង​សម្រាប់​សមិទ្ធិករ​ភាពយន្ត​កម្ពុជា​ប៉ុណ្ណោះ។

 

លោក​ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​មហោស្រព​ភាពយន្ត​នេះ​ ដែល​មាន​ផលិតករ​ភាពយន្ត​អន្តរជាតិ​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ និង​យក​ស្នាដៃ​របស់​ពួកគេ​មក​ចូល​រួម​ប្រកួតប្រជែង​ដូច្នេះ។ ដោយ​ឡែក​ភាពយន្ត​ខ្លី​ដែល​បាន​ជ្រើសរើស​ជា​ផ្លូវ​ការ​ខាង​លើ នឹង​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​នេះ និង​បង្ហាញ​មុខ​សមិទ្ធិករ​វ័យ​ក្មេង​​ម្ចាស់​ប្រាក់​រង្វាន់ ៣០០០ ដុល្លារ​អាមេរិក៕

 

អាន​អត្ថបទ៖  នឹក​មិន​ដល់…មុន​ឈ្នះ​ពាន Cambodian Idol នី រតនា រក​ស៊ី​លក់​ថង់​នៅ​​ទល់​ដែនខ្មែរ​-ថៃ

អាន​អត្ថបទ៖  បើក​អត្តសញ្ញាណ​ប៉ូលិស​ចរាចរណ៍​ស្រី​ល្បី​ក្នុង Facebook

 

ភាពយន្ត​ខ្លី ៧ រឿង​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៥

ភាពយន្ត​ខ្លី ៧ រឿង​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៥

 

អត្ថបទ៖ សំ ជំនាញ