សាលារាជធានីភ្នំពេញ ប្រជុំរៀបចំគម្រោង បំបែកសង្កាត់ធំៗ នៅទូទាំងក្រុងភ្នំពេញ ព្រោះកើនឡើង តម្រូវការសេវាសាធារណៈ

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញ មានកិច្ចប្រជុំលើកទី២ ស្តីពីការរៀបចំឯកសារ សំរាប់បំបែកសង្កាត់ធំៗ នៅរាជធានីភ្នំពេញ។ លោក អៀង អូនី អភិបាលរងភ្នំពេញ បានលើកឡើងថា ដោយសារបញ្ហាស្មុគស្មាញក្នុងការគ្រប់គ្រងភូមិសាស្ត្រ នៅសង្កាត់ធំៗមួយចំនួននោះ បានធ្វើឲ្យតំរូវការកើនឡើង នៃការផ្តល់សេវាសាធារណៈ ជូនទៅប្រជាពលរដ្ឋមានភាពអសកម្មផងដែរ។

សាលារាជធានីភ្នំពេញ ចាំបាច់មានយន្តការដោះស្រាយ នូវភាពអសកម្មនានា ក្នុងការសំរួលតុល្យភាព នៃការ គ្រប់គ្រង ព្រំប្រទល់រដ្ឋបាល និងស្នើសុំទៅក្រសួងមហាផ្ទៃបំបែកសង្កាត់ធំៗ នៅរាជធានីភ្នំពេញ។

ជាមួយគោលការណ៍ស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងមានការឯកភាពរវាងខណ្ឌពាក់ព័ន្ធ សាលារាជធានីបាន ស្នើសុំបំបែក សង្កាត់ចំនួន៨សង្កាត់ របស់រដ្ឋបាលខណ្ឌ ចំនួន៥ខណ្ឌក្នុងនោះមាន៖

ទី១៖ ខណ្ឌមានជ័យមាន ២សង្កាត់ដែលត្រូវបំបែកគឺ៖ សង្កាត់ស្ទឹងមានជ័យមាន ១៦ភូមិ ស្នើសុំបំបែកជា ៣សង្កាត់, សង្កាត់បឹងទំពុនមាន ១៥ភូមិ ស្នើសុំបំបែកជា ៣សង្កាត់

ទី២៖ ខណ្ឌពោធិ៍សែនជ័យមាន ២សង្កាត់គឺ៖ សង្កាត់ចោមចៅមាន ២៧ភូមិ ស្នើសុំបំបែកជា ៣សង្កាត់, សង្កាត់កាកាប មាន ៩ភូមិ ស្នើសុំបំបែកជា ២សង្កាត់

ទី៣៖ ខណ្ឌឫស្សីកែវ មាន ១សង្កាត់គឺ៖ សង្កាត់ទួលសង្កែមាន ៣ភូមិ ស្នើសុំបំបែកជា ២សង្កាត់

ទី៤៖ ខណ្ឌសែនសុខ មាន ២សង្កាត់គឺ៖ សង្កាត់ទឹកថ្លាមាន ៩ភូមិ ស្នើសុំបំបែកជា ២សង្កាត់, សង្កាត់ភ្នំពេញថ្មីមាន ១០ភូមិ ស្នើសុំបំបែកជា ២សង្កាត់

ទី៥៖ ខណ្ឌចំការមន មាន ១សង្កាត់មានគឹ៖ សង្កាត់ទន្លេបាសាក់មាន ១៦ភូមិ ស្នើសុំបំបែកជា ២សង្កាត់

ជាសរុបមុនបំបែក ១២ខណ្ឌ មាន ៩៦សង្កាត់ និងមាន ៩០៩ភូមិ ក្រោយបំបែក ១២ខណ្ឌមាន ១០៧សង្កាត់, ភូមិមាន ១២៧ភូមិ សង្កាត់ថ្មីមាន ១១សង្កាត់ ព្រមទាំងកើនឡើងនូវភូមិថ្មី ចំនួន ១៨ភូមិ និងមានសង្កាត់មួយចំនួន បានកើនឡើងភូមិមួយចំនួនផងដែរ៕

សាលារាជធានីភ្នំពេញ ប្រជុំរៀបចំគម្រោង បំបែកសង្កាត់ធំៗ នៅទូទាំងក្រុងភ្នំពេញ ព្រោះកើនឡើង តម្រូវការសេវាសាធារណៈ