ប្រធានរដ្ឋសភា កម្ពុជា-ហុងគ្រី ជំរុញឲ្យរាជរដ្ឋាភិបាល ទាំងពីរពង្រីកទំនាក់ទំនង វិនិយោគ ជាមួយគ្នាបន្ថែម

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភា ប្រទេសហុងគ្រី លោក ឡូស្លូវ កូវើ (Laslo Kover)នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរួមគ្នាជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ពង្រីក ទំនាក់ទំនងវិស័យវិនិយោគ ជាមួយគ្នាបន្ថែមទៀត។

លោក កែវ ពិសិដ្ឋ ប្រធានខុទ្ទកាល័យសម្តេច ហេង សំរិន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបជាមួយ ប្រធានរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី៣ វិច្ឆិកា នេះ សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ស្ថាប័ននីតិប្បញ្ញត្តិ គួរតែ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្របខ័ណ្ឌទ្វេរភាគី ក៏ដូចជាពហុភាគី សំដៅរួម ចំណែកធ្វើយ៉ាងម៉េចឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្ថាប័នទាំងពីរកាន់តែត្រូវបានពង្រឹងពង្រីក។

សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា “រដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសហុងគ្រីជាមួយរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាហើយក៏សូមស្នើពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្សេងទៀត ជាពិសេស ដូចជាវិស័យវិនិយោគ, វិស័យពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ជាដើម”។

បើតាមលោក កែវ ពិសិដ្ឋ ប្រធានរដ្ឋសភាហុងគ្រី លោក ឡូស្លូវ កូវើ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូហុងគ្រីពេលនេះ ដើម្បីរួមចំណែកក្នុងការបន្តជំរុញពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរបន្ថែមទៀត។

 ប្រធានរដ្ឋសភាហុងគ្រី បានលើកឡើងថា “សព្វថ្ងៃនេះទំហំពាណិជ្ជកម្មហាក់ដូចជានៅតិចនៅឡើយ (នៅកម្ពុជា) ឥឡូវនេះ ហុងគ្រីកំពុងតែមានការចាប់អារម្មណ៍ទៅលើការវិនិយោគក្នុងប្រទេសអាស៊ី ជាពិសេសចាប់អារម្មណ៍ ទៅលើប្រទេសកម្ពុជា។ ហុងគ្រីសន្យាថា នឹងជួយជំរុញផ្នែកវិនិយោគបន្តនៅកម្ពុជា និងបង្កើនការដោះដូរ ពាណិជ្ជកម្ម ដូចជាជំរុញទេសចរណ៍ពីហុងគ្រីមកកម្ពុជាផងដែរ”។

 លោក ឡូស្លូវ កូវើ បានបញ្ជាក់ថា ចុងឆ្នាំ២០១៥ខាងមុខ រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីនឹងមកធ្វើទស្សនកិច្ច នៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ នឹងមានការចុះកិច្ចព្រមព្រៀងនានា ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និង ទេសចរណ៍ជាដើម ហើយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី នឹងបើកការិយាល័យពាណិជ្ជកម្មជាផ្លូវការនៅ រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

 សូមបញ្ជាក់ថា ប្រធានរដ្ឋសភាហុងគ្រីលោក ឡូស្លូវ កូវើ បានដឹកនាំគណៈប្រតិភូហុងគ្រី មកធ្វើទស្សនកិច្ចនៅ កម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៥។ ដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាហុងគ្រី ជួប សំណេះសំណាលជាមួយសម្តេច ហេង សំរិន, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

ប្រធានរដ្ឋសភា កម្ពុជា-ហុងគ្រី ជំរុញឲ្យរាជរដ្ឋាភិបាល ទាំងពីរពង្រីកទំនាក់ទំនង វិនិយោគ ជាមួយគ្នាបន្ថែម

ប្រធានរដ្ឋសភា កម្ពុជា-ហុងគ្រី ជំរុញឲ្យរាជរដ្ឋាភិបាល ទាំងពីរពង្រីកទំនាក់ទំនង វិនិយោគ ជាមួយគ្នាបន្ថែម

ប្រធានរដ្ឋសភា កម្ពុជា-ហុងគ្រី ជំរុញឲ្យរាជរដ្ឋាភិបាល ទាំងពីរពង្រីកទំនាក់ទំនង វិនិយោគ ជាមួយគ្នាបន្ថែម