ទៅលើក​ឡុក​ស្បៃមុង បែរ​ជា​ប្រទះឃើញសព​ក្នុង​បឹង​អន្លង់គល់

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​​ទៅ​លើ​កឡុក​ស្បៃ​មុង ស្រាប់តែប្រទះឃើញ​លង់ទឹកស្លាប់​ទៅវិញ​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​ កាលពី​វេលា​ម៉ោង​០៤ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​បឹង​អន្លង់​គល់​មួយ​កន្លែង ​ក្នុងភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​មិ គង់ អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ផុ​ន ហឿ​ង អាយុ​២៩​ឆ្នាំ មានកូន​២​នាក់ មាន​ទីលំ​នៅ​​ក្នុងភូមិ​​កើតហេតុ​ខាងលើ ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា គ្រួសារ​គាត់​ជា​អ្នកនេសាទ​ត្រី ដោយ​ជា​រៀងរាល់ថ្ងៃ​ប្តី​គាត់​ចេញ​ទៅ​បើកទូក​កា​ណូត​ទៅ​លើ​ក​ឡុក​ស្បៃ​មុង​ជា​រៀងរាល់ថ្ងៃ ។ លុះ​​នៅ​វេលា​ម៉ោង​៤​រសៀល​នោះ ក៏​មាន​អ្នកនេសាទ​ម្នាក់​ឈ្មោះ​ទុំ រី​ណា ទូរស័ព្ទ​ប្រាប់​គាត់​ថា ​ឃើញ​ទូក​ប្តី​គាត់​រសាត់​តាម​ខ្យល់ តែ​មិនឃើញ​មនុស្ស​ទេ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា គ្រាន់តែ​ទទួល​ដំណឹង​នេះ​ភ្លាម គាត់​និង​អ្នក​ជិតខាង​បាន​បើក​កា​ណុ​តទៅ​តាម​រក​ស្រែ​ហៅ​ពេញ​ផ្ទៃ​បឹង នៅ​តែ​រក​មិនឃើញ ។ ដោយ​មានការ​សង្ស័យ ក៏​នាំ​គ្នា​ចុះ​រាវ​កន្លែង​ឡុ​ក​ស្បៃ​មុង ស្រាប់តែ​ប្រទះ​ឃើញ​សព​ប្តី​គាត់​ក្បែរ​បង្គោល​ឡុ​ក​នោះ ក៏​នាំ​គ្នា​ស្រង់​ដាក់​លើ​កាណូត​ដឹក​មក​ផ្ទះ​តែ​ម្តង​។

មន្ត្រី​ជំនាញ​បច្ចេកទេស សហការ​ជាមួយ​អាជ្ញាធរ​ឃុំ បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​យ៉ាង​ល្អិតល្អន់​រួច​បញ្ជាក់​ថា សព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ តែ​នៅ​ក្នុង​ពោះ​ជន​រង​គ្រោះ​កាក​សំណល់​ឈាម​ចេញ​មាត់ និង​ចម្រុះ ហើយ​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ។