មនុស្ស​ជាង១០០នាក់​ទស្សនកិច្ច​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​នៅ​ភូមិ​គោល

សៀមរាប៖ ក្រោយពី​បញ្ចប់​បទ​បង្ហាញ​រយៈពេល​មួយថ្ងៃ​ស្តី​ការស្រាវជ្រាវ​ផ្លូវ​បុរាណ នៅ​អាជ្ញាធរ​ជាតិ​អប្សរា​រួចមក សិក្ខាកាម​ជាង១០០នាក់ បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ចំនួន៣កន្លែង មាន​ស្ពាន​បុរាណ មន្ទីរពេទ្យ និង​កន្លែង​ស្លដែក ដែល​ស្ថិតនៅ​ភូមិ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប។

នៅ​ម៉ោង១០ព្រឹក​ថ្ងៃទី២ វិច្ឆិកា ក្បួន​រថយន្ត​ដែល​ដឹក​សិក្ខាកាម​ជាង១០០នាក់ បាន​ទៅដល់​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច គឺ​នៅ​ភូមិ​គោល ស្រុក​អង្គរជុំ។ ទីនោះ​ហើយ ដែល​អ្នករៀបចំ មាន​អាជ្ញាធរ​អប្សរា និង​ភាគី​ថៃ ចង់បង្ហាញ​ពី​ទីតាំង​ប្រវត្តិសាស្ត្រ និង​ប្រវត្តិ​មួយចំនួន របស់​វា ដល់​អ្នកចូលរួម ក្រោយ​តំបន់​ទាំងនោះ បាន​ឆ្លងកាត់​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​រួចមក។

ក្រោម​កិច្ចសហការ​រវាង​ភាគី​កម្ពុជា​និង​ថៃ ធ្វើ​ឲ្យ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​មួយ ដែល​ត​ភា្ជ​ប់​ពី​តំបន់​អង្គរ ទៅ​ប្រាសាទ​ភិ​មា​យ​របស់​ប្រទេស​ថៃ ទទួលបាន​ជោគជ័យ។ គម្រោង​ដែល​ប្រើពេល១០ឆ្នាំ និង​ធ្លាប់​ទទួលបាន​ពានរង្វាន់​លេខ​មួយ​កាលពី​ឆ្នាំ២០១៣នៅ​ថៃ បាន​រកឃើញ​កន្លែងសំខាន់ៗជាច្រើន មាន​ស្ពាន​បុរាណ​ធ្វើ​ពី​ថ្មភក់​និង​ថ្មបាយក្រៀម មន្ទីរពេទ្យ កន្លែង​ស្លដែក កន្លែង​ធ្វើ​អំបិល សាលាសំណាក់ និង​បណ្តាញ​គមនាគមន៍​នៃ​ចក្រភព​ខ្មែរ ដែលមាន​ចំនួន៦ខ្សែ ត​ភ្ជាប់​ទៅ​ខេត្ត​នានា​នៃ​អាណាចក្រ​ជិតខាង។

នៅពេល​មកដល់​គោលដៅ លោក អ៊ឹម សុខ​រិទ្ធី ដែលជា​អ្នកដឹកនាំ​ដំណើរ​ទស្សនកិច្ច​នៅពេលនោះ បាន​និយាយ​រៀបរាប់ខ្លះៗពី​ទីតាំង​បុរាណ មាន​ស្ពាន មន្ទីរពេទ្យ។ មុន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច លោក សុខ​រិទ្ធី បានបង្ហាញ​ផែនទី​ជាច្រើន​ផ្ទាំង ដែល​លម្អិត​ពី​ទីតាំង​បុរាណ ហើយ​ប្រៀបធៀប​តំបន់​ខ្លះ​ទៅនឹង​បច្ចុប្បន្ន។ មាន​កន្លែង​ខ្លះ ដូចជា​អាងទឹក​នៅ​ភូមិ​គោល​នោះ បាន​ក្លាយជា​វាលស្រែ​ទៅហើយ។ មន្ទីរពេទ្យ រង​ការខូចខាត ដោយសារ​គ្មាន​ការការពារ​ត្រឹមត្រូវ​ជាដើម។
មនុស្ស​ជាង១០០នាក់​ទស្សនកិច្ច​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​នៅ​ភូមិ​គោល

ដំណើរ​ទស្សនកិច្ច បានបញ្ចប់ ក្រោយពី​អ្នកចូលរួម​ទាំងអស់ បាន​ទៅ​កន្លែង​ស្លដែក​ពី​បុរាណ។ នៅ​ទីនោះ អ្នកចូលរួម​មាន​ចំណាប់អារម្មណ៍​ខ្លាំង ព្រោះថា វា​ជា​ទិដ្ឋភាព​ថ្មី ប្លែក ដែល​ពួកគេ​កម្រ​ឃើញ​ពីមុន ជាពិសេស​នោះ គឺ​ការបង្ហាញ​ពី​អាច​ន៍​ដែក​ដែល​នៅ​សេសសល់​ពី​បុរាណ និង​របៀប​ស្ល​ពី​សម័យ​នោះ ដែល​បង្ហាញ​ដោយ​អ្នកជំនាញ។

អ្នកចូលរួម និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​រុស្ស៊ី លោក ម៉ក់ សុ​ធិ​ន ថា​ទស្សនកិច្ច​ទៅកាន់​ភូមិ​គោល គឺមាន​សារសំខាន់​ណាស់​សម្រាប់​លោក។ លោក សុ​ធិ​ន បន្តថា​លោក​បានឃើញ​ផ្ទាល់​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនោះ ដែល​កន្លងមក​លោក​ធ្លាប់​ឃើញ​នៅក្នុង​ឯកសារ។ ទោះជា​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បន្តិច​មែន តែ​លោក សុ​ធិ​ន ថា​ទីតាំង​ទាំងនោះ មាន​ផ្លូវ​បុរាណ​ជាដើម​នោះ គឺ​ពិសេស​ណាស់ ដែល​គួរ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​បានដឹង។ ប៉ុន្តែ​មុននឹង​ឲ្យ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​នោះ តាម​យោបល់​របស់​មគ្គុទ្ទេសក៍​ភាសា​រុស្ស៊ី អាជ្ញាធរ​គួររៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវថ្នល់ បន្ទប់ទឹក និង​អាហារ​ដ្ឋា​ន ព្រោះថា​ស្ថានភាព​បច្ចុប្បន្ន មិនអាច​នាំ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​ទាំង​នោះបាន​នៅឡើយ​ទេ។

គួរ​បញ្ជាក់ថា បណ្តាញ​ផ្លូវ​បុរាណ ដែល​ត​ភា្ជ​ប់​ពី​ចក្រភព​អង្គរ​ទៅ​ក្រុង​ភិ​មា​យ​ប្រទេស​ថៃ​សព្វថ្ងៃ មាន​ចម្ងាយ២៥០គម។ អ្នកស្រាវជ្រាវ​កម្ពុជា និង​ថៃ បាន​ចំណាយពេល​ជាង១០ឆ្នាំ ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​បណ្តាញ​ផ្លូវ​គមនាគមន៍​មួយ​នេះ ហើយ​ផ្លូវ​នេះ បាន​បន្ត​ប្រើប្រាស់ រហូត​ទល់នឹង​បច្ចុប្បន្ន៕
មនុស្ស​ជាង១០០នាក់​ទស្សនកិច្ច​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​នៅ​ភូមិ​គោល
មនុស្ស​ជាង១០០នាក់​ទស្សនកិច្ច​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​នៅ​ភូមិ​គោល


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​