ចិន​បញ្ចេញ​យន្តហោះ​ផលិត​ក្នុងស្រុក​ប្រជែង​ជាមួយ​ក្រុមហ៊ុន​Boeing​និង Airbus

​ចិន​បាន​បញ្ចេញ​នូវ​យន្តហោះ​ដឹក​អ្នកដំណើរ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ នៅឯ​ព្រលានយន្តហោះ​ក្រុង​ស៊ា​ង​ហៃ​។ ការបញ្ចេញ​យន្តហោះ​ដឹក​អ្នកដំណើរ​លើក​នេះ ត្រូវបាន​មើលឃើញថា​ជាការ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការ​នាំចូល​យន្តហោះ​ពី​បរទេស ខណៈ​ប្រទេស​ចិន​គឺជា​ទីផ្សារ​អាកាសចរណ៍​ធំ​មួយ​នៅក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋាភិបាល​ចិន បាន​បញ្ចេញ​យន្តហោះ​ដឹក​អ្នកដំណើរ​ជា​លើកដំបូង​។ យន្តហោះ​នេះ ជា​ប្រភេទ​យន្តហោះ C919 មាន​ម៉ាស៊ីន​២ និង​ផលិត​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ចិន (COMAC) ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ​។ យន្តហោះ​នេះ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ចំណុះ​១៦៨​នាក់ ហើយ​អាច​នឹង​ត្រៀម​ហោះហើរ​សាកល្បង​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៦ ។​

​ទីផ្សារ​អាកាសចរណ៍រ​បស់​ចិន​កំពុងតែ​មានការ​រីកដុះដាល​យ៉ាងខ្លាំង តែ​ចិន​មានការ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការ​នាំចូល​យន្តហោះ​ពី​បរទេស​ជាពិសេស​ពី​ក្រុមហ៊ុន​យក្ស​ពីរ​គឺ​Boeing​និង Airbus ។

​យ៉ាងណាក៏ដោយ ដើម្បី​បន្ថយ​ការ​នាំចូល​យន្តហោះ​ដែល​បាន​បណ្ដាលឱ្យ​ចិន​ខាត​ថវិកា​ជាច្រើន​ពាន់​លាន​ដុល្លារ​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវតែ​ផលិត​យន្តហោះ​ដោយ​ខ្លួនឯង​វិញ​។ ក្រៅពី​ការកាត់បន្ថយ​ចំនួន​នាំចូល នេះ​ក៏​ប្រហែលជា​ចេតនា​របស់​ចិន​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​យន្តហោះ​ផងដែរ​។​

​នាយក​អាកាសចរណ៍​ស៊ីវិល​ចិន Li Jiaxiang ដែល​ចូលរួម​ពិធី​សម្ភោ​ធ​យន្តហោះ​ថ្មី​បានបញ្ជាក់​ពី​មហិច្ឆតា​របស់​រដ្ឋាភិបាល​ចិន​ក្នុងការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​យន្តហោះ​ឱ្យ​កាន់តែ​ធំ​បន្តទៀត​។ លោក​ថា ឧស្សាហកម្ម​យន្តហោះ​មិនគួរ​ពឹង​តែ​លើ​ការនាំ​ចូល​ពី​បរទេស​នោះទេ​។ ប្រទេស​ធំ​ដូចជា​ចិន ត្រូវតែមាន​របស់​ផ្ទាល់​ខ្លួនឯង​។

​អ្វីដែល​គួរកត់សម្គាល់​នោះ បើទោះជា​យន្តហោះ​ប្រភេទ​នេះ​ផលិត​ក្នុងស្រុក​ក៏ដោយ គ្រឿង​ម៉ាស៊ីន​ជាច្រើន​ត្រូវបាន​នាំចូល​ពី​បរទេស​នៅឡើយ ។ នោះ ក៏​ព្រោះតែ​ចិន​មិនទាន់មាន​សមត្ថភាព​ផលិត​ឧបករណ៍​ដែល​ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់​នោះទេ​។​

​មកទល់ពេលនេះ មាន​ការបញ្ជាទិញ​យន្ត​ហោះ​ប្រភេទ​នេះ​ចំនួន​៥១៧​ហើយ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ក្នុងស្រុក​។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ថៃ ក៏បាន​បញ្ជា​ទិញ​ចំនួន​១០​គ្រឿង​ផងដែរ​។ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​២០១៩ ទើប​ក្រុមហ៊ុន​ចែកចាយ​ដល់​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​ទាំងអស់​បាន​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​