ទុស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​រាលដាល​ឆេះ​ជញ្ជាំង​ផ្ទះស្លឹក​ពេល​ម្ចាស់​បិទទ្វារ​ផ្ទះ​ចោល បាន​អ្នកជិតខាង​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ពេល​

​ខេត្តកំពង់ឆ្នាំង​៖ ផ្ទះស្លឹក​មួយ​ខ្នង​ទំហំ​ប្រមាណ​៤​ម​គុណ​និង​៦​ម​សង់​ផ្ទាល់​ដី ត្រូវបាន​ភ្លើង ឆេះ​អស់​ជញ្ជាំង​ខាងមុខ​មួយចំនួន ដោយសារ​ការ​ទុស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​១​គ្រឿង ហើយ​ក៏បាន​រាលដាល​ឆេះ​ផ្ទះ និង​ត្រូវបាន​អ្នកស្រុក​ជិតខាង​ជួយ​គាស់​ទ្វារផ្ទះ បាញ់​ទឹក ពន្លត់​ទាន់ពេលវេលា នៅពេល​ម្ចាស់​មិន​នៅផ្ទះ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើនេះ​ ​មានឈ្មោះ សូ អ៊ីវ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​ឥ​វ៉ាន់ នៅ​ផ្សារ​ក្រោម​។ មុនពេល​កើតហេតុ​អ្នកស្រុក​ក្នុងភូមិ​បានឃើញ​ភ្លើង​ឆេះ​ជញ្ជាំង​ស្លឹក​ផ្នែក​ខាងមុខផ្ទះ​យ៉ាង​សន្ធោសន្ធៅ ពេលនោះ​អ្នកភូមិ​ជិតខាង ក៏បាន​នាំគ្នា​គាស់​ទ្វារផ្ទះ​អូស​ទុយោ​ទឹក​បាញ់​ពន្លត់ ជិត​កន្លះ​ម៉ោង​ទើប​គ្រប់គ្រង​សភាពការណ៍​នេះ​បាន នៅក្នុង​ហេតុការណ៍​នេះ​ម្ចាស់ផ្ទះ​មិនបាន​នៅផ្ទះ​ទេ គឺ​គា​ត់ទៅ​លក់ដូរ​ឥ​វ៉ាន់​នៅ​ផ្សារ​ក្រោម​។​ ​ ​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ផ្ទះ​ជនរងគ្រោះ និង​បានដឹងថា​៖ ​ករណី​ឆេះ​ផ្ទះ​នេះ បណ្តាលមកពី​ការ​ទុយ​ស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​១​គ្រឿង ដែល​បានដាក់​ជាប់​នឹង​ជញ្ជាំង​ស្លឹក ទើប​រាលដាល​ឆេះ​ផ្ទះ​តែម្តង កុំ​តែ​បាន​អ្នកភូមិ​ស្រុះគ្នា​បាន​ជួយ​ពន្លត់​ទាន់ពេល​កុំ​អី​ឆេះ​ផ្ទះ​ម៉ត់​។ ករណីនេះ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ពេល​ចេញពីផ្ទះ​មិន​បិត​បារ៉ែត​ភ្លើង​ក្នុងផ្ទះ ដែល​ករណីនេះ​គឺជា​សារ​មួយ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​គួរតែមាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​។​ ​ ​

​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖ នៅក្នុង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គ្រោះ​ ​អគ្គីភ័យ​បានកើត​ឡើង​២​លើក គឺ​លើក​ទី​១ ផ្ទះ​២​ខ្នង​បាន​ឆេះ​នៅ​ម៉ោង​១២ និង​៣០​នាទី​នៅ ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ដោយសារ​ការដាំ​ស្ល​មិន​ពន្លត់ភ្លើង​ចង្ក្រាន​បាយ និង​លើក​ ​ទី​២ គឺ​ការ​ទុស្សេ​ខ្សែភ្លើង​ឆេះ​ជញ្ជាំង​ផ្ទះស្លឹក​ក្នុងភូមិ​ខាងលើនេះ​៕ រិ​ទ្ធិ ជ័យ

KA-03-11-2015-24 KA-03-11-2015-25 KA-03-11-2015-26​ ​