បើក​ម៉ូតូ​លឿន​ពេក​ពេលយប់​ទៅបុក​គោយន្ត​ពីក្រោយ​រយៈ​បំពង់ក​ប្រកាច់​ស្លាប់​នៅនឹងកន្លែង​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នាក់​រយះ​បំពង់ក​ស្លាប់​យ៉ាង​រន្ធត់​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់ ចរាចរណ៍​មួយ​ខណៈដែល​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​លឿន​ពេក ទៅបុក​គោយន្ត​កន្ត្រៃ​អត់​មាន​ចំណាំងផ្លាត​ពីក្រោយ​។​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​គ្រួស​ក្រហម​មួយ ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។​ ​ ​

​សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ ឈៀង​សីលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1B6142 លើផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ពីក្រោយ ពេញទំហឹង ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ដោយសារតែ​គោយន្ត​នោះ​អត់​មាន​ចំណាំងផ្លាត​នៅ​ពីក្រោយ បណ្តាលអោយ​រយៈ​ក្បែរ​បំពង់ក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​ចំណែក​អ្នកបើក​គោយន្ត​ដឹងខ្លួន​បាន​បើក​គោយន្ត​គេចខ្លួនបាត់​។ ​ ​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ កសាង​សំណុំរឿង​តាម​និតិ​វិធី​ចំណែក​សព​ជនរងគ្រោះ បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទៀន​តាម​ប្រពៃណី​។ ករណីនេះ​សមត្ថកិច្ច​សូម​អំពាវនាវ​អោយ​អ្នកប្រើប្រាស់​គោយន្ត​ទាំងអស់ ត្រូវ​បំពាក់​ចំណាំងផ្លាត​នៅ​ពីក្រោយ ដើម្បី​កុំអោយ​កើតមាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ ​ដូច​ករណី​ខាងលើនេះ​។ នឹង​បើតាម​ផ្លូវច្បាប់​ម្ចាស់​គោយន្ត​ត្រូវ​ទទួល​ការផ្តន្ទាទោស​តាមច្បាប់ និង​ត្រូវ​សង​សំណង​រដ្ឋប្បវេណី នៃ​ការខូចខាត​អោយ​ជនរងគ្រោះ​៕ រិ​ទ្ធិ ជ័យ​ ​

KA-03-11-2015-21 KA-03-11-2015-22 KA-03-11-2015-23