លោក ហុង សុខហួរ តម្កល់​លុយ​១០លាន​រៀល​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

មេធាវី​ការពារ​ក្តី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ថ្លែង​ថា ​ការសវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដែល​ធ្វើ​ឡើង នៅ​សាលាឧទ្ធរណ៍ នា​ថ្ងៃ​ទី ៤ វិច្ឆិកា គឺ​កូន​ក្ដី​របស់​លោក សម្រេច​តម្កល់​លុយ​ចំនួន ១០លាន​រៀល ជា​ថ្នូរ​ដើម្បី​ លោក ហុង សុខហ៊ួរ បាន​នៅ​ក្រៅ​ឃុំ ជា​បណ្ដោះអាសន្ន។

លោក ជូង ជូងងី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៣ វិច្ឆិកា ថា សវនាការ​ដែល​នឹង​ចាប់ផ្ដើម នៅ​ព្រឹក​ថ្ងៃ​ទី ៤ វិច្ឆិកា គឺ​លោក​មាន​ភស្តុតាង​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដោះបន្ទុក​កូន​ក្តី​របស់​ខ្លួន​បាន។ បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ លោក ជូង ជូងី នៅ​ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ការ​ជំនុំជម្រះ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ លទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ឡើយ​នោះ​ទេ។ ទន្ទឹម​នឹង​នេះ លោក ជូង ជូងី បញ្ជាក់​ថា កូន​ក្ដី​របស់​លោក សម្រេច​តម្កល់​លុយ​មួយ​ចំនួន​ផង ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ចៅក្រម​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ ធ្លាប់​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ ចំនួន​ពីរ​លើក​រួច​មក​ហើយ។ ការ​ជំទាស់​លើក​ចុងក្រោយ របស់​ចៅក្រម​ជំនុំជម្រះ សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា នោះ គឺ​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​បន្ត និង​កុំ​ឲ្យ​មាន​វឹកវរ​កើត​ឡើង

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៥ សីហា។ ក្រោយ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ ៣បទ​ចោទ គឺ បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ និង​ញុះញង់ ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។