នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​ចុះ​ត្រួត​ពិនិត្យ​យាន​យន្ត​ពាក់​ស្លាក​លេខ(​ន.ប)នៅ​មុខ​​ម៉ុង​ឌី​យ៉ាល់​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​តម្រួត​បទ​បញ្ជា​ចុះ​ត្រួត​ពិនិត្យ​ស្លាក​លេខ​(ន.ប)​ នៅ​មុខ​ម៉ុង​ឌី​យ៉ាល់​។

ការ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង​តាម​លោក​វរ​សេនីយ៍​ឯក​ ចាន់ ស៊ីណាត អនុ​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។ លោក​​​វរ​សេនីយ៍​ឯក​ ចាន់ ស៊ីណាត បាន​ឱ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​ស្លាក​លេ​ខ​យាន​យន្ត​ (ន.ប)នេះ​ធ្វើ​ឡើង​តាម​បទ​បញ្ជា​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ចំពោះ​យាន​យន្ត​ពាក់​ស្លាក​លេខ​នគរ​បាល​ត្រូវ​ដក​ហូត​ម៉ូតូ​ និង​ឃាត់​ខ្លួន​ម្ចាស់​ម៉ូតូ ទោះ​បី​អ្នក​បើក​យាន​យន្ត​ជា​មន្ត្រី​នគរ​បាល​ក៏​ត្រូវ​ឃាត់​អប់​រំ​ដែរ​ ចំណែកជន​ស៊ី​វិល​ប្រើ​ស្លាក​លេខ​ន.ប ក៏​ត្រូវ​ដក​ហូត និង​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដែរ​។

លោក​វរ​សេនីយ៍​ឯក​ចាន់ ស៊ីណា បាន​បញ្ជាក់​ថា ការ​អនុវត្ត​បទ​បញ្ជា​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ វិច្ឆិកា​ ត​ទៅ​ ដោយ​នគរ​បាល​នាយក​ដ្ឋាន​សហការ​ជាមួយ​តម្រួត​បទ​បញ្ជា​បែង​ចែក​ជា​២​គោល​ដៅ​ ហើយ​នៅ​ថ្ងៃ​ទី​២​ វិច្ឆិកា បាន​ឃាត់​ដក​ហូត​ម៉ូតូ​២​គ្រឿង​ ស្លាក​លេខ​៥​បន្ទះ​ ដោយ​ឡែក​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​កម្លាំង​នគរ​បាល​ខាងលើ​បាន​ចុះ​ប្រតិ​បត្តិ​ការ​តាំង​ពី​វេលា​ម៉ោង​២​រសៀល និង​បញ្ចប់​នៅ​វេលា​ម៉ោង​៥​ល្ងាច​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ម្នាក់ ដក​ហូត​ម៉ូតូ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ក្លែង​ក្លាយ​​៕