សល់​ជាង​មួយ​ខែ​ទៀត​ចូល​រោងការ យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ចោល​គូ​ដណ្ដឹង

រាជធានី​ភ្នំពេញ ៖ ជាង​ម៉ាស៊ីន​ផលិត​ដែកគោល​ម្នាក់ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ចោល​គូ​ដណ្ដឹង ដែល​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ​ថា ពួក​គេ​នៅ​សល់​តែ​ជាង​១​ខែ​ទៀត ប៉ុណ្ណោះ​នឹង​ត្រូវ​ចូល​រោងការ​ហើយ  ប៉ុន្តែ​ជា​អកុសល​ពេល​នេះ ខាង​ប្រុស​បាន​លាចាក​លោក​ចោល​ខាង​កូនក្រមុំ​បាត់​ទៅ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​នាង​ជា​គូ​ដណ្ដឹង​ស្រែក​ទ្រហោយំ​គួរ​ឲ្យ​សង្វេគ​បំផុត​។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​ក្នុង​សិប្បកម្ម​ផលិត​ដែកគោល ស្ថិត​ក្នុងភូមិ​ខ្វា​លិច សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
    
 ជន​រង​គ្រោះ​ឈ្មោះ​ហ៊ុយ សុ​គង់ អាយុ​២៣​ឆ្នាំ មុខរបរ​មេជាង​ម៉ាស៊ីន​ផលិត​ដែកគោល ស្នាក់​នៅ​ក្នុង​សិប្បកម្ម​ផលិត​ដែកគោល​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។
    
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម៉ាស៊ីន​ផលិត​ដែកគោល​បាន​ខូច​មិន​ដំណើរការ ពេល​នោះ​យុវជន​រង​គ្រោះ​បាន​ធ្វើការ​ជួសជុល​ដោយ​បាន​យក​ម៉ូ​ទ័​រ​ស្វាន​ដែក​ទៅ​ស្វាន​រន្ធ​ខ្ចៅ​ម៉ាស៊ីន​នោះ ជា​អកុសល​ម៉ូ​ទ័​រ​ឆ្លង​ចរន្ត បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​មិន​អស់ចិត្ត​ថា ជន​រង​គ្រោះ​ស្លាប់​មិត្តភក្ដិ​រួមការ​ងារ​បាន​លើក​ជន​រង​គ្រោះ​ដឹក​តាម​ម៉ូតូ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក ខណ្ឌដង្កោ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

នាង​ក្រមុំ​ម្នាក់​ឈ្មោះ​រស់ ធា​រ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា នាង​គឺជា​គូ​ដណ្ដឹង​របស់​យុវជន​រង​គ្រោះ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ហើយ​នៅ​សល់​តែ​រយៈពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ពួក​នាង​និង​ត្រូវ​ចូល​រោងការ​ក្លាយទៅជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ហើយ​។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​ត្រូវ​បាន​ចប់​សព្វគ្រប់​អស់ហើយ ពួក​នាង​បាន​ព្រាត់ប្រាស់​គ្នា ដោយ​គ្មាន​ថ្ងៃ​បាន​ជួប​វិញ​ឡើយ ព្រោះ​គូ​ដណ្ដឹង​ជាទី​ស្រលាញ់​ស្មើ​ជីវិត​បាន​លាចាក​លោក​ចោល​រូប​នាង​រហូត គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕