ទាហាន​នៃ​យោធភូមិភាគ​ទី​៤​មួយ​ក្រុម​ព្រួត​គ្នា​ចាប់​កសិករ​ម្នាក់​នៅ​ស្រុក​អន្លង់វែង

ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ខេត្ត​មួយ​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស​ថៃ នៅ​តែ​កើត​មាន​បញ្ហា​កម្លាំង​ប្រដាប់​អាវុធ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាជន​ស៊ីវិល​ដោយ​បំពាន​ច្បាប់ ចាប់​តាំង​តែ​ពី ៣-​៤​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លង​ទៅ ទាហាន​ប្រដាប់​អាវុធ ១​ក្រុម របស់​យោធភូមិភាគ​ទី​៤ ដែល​ប្រចាំការ​នៅ​ស្រុក​អន្លង់វែង បាន​ចាប់​ខ្លួន​កសិករ​ម្នាក់​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ធ្វើ​ឱ្យ​​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ស៊ីវិល និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល។

កសិករ ១​គ្រួសារ នៅ​ភូមិ​គោកសំព័រ ឃុំ​លំទង នៃ​ស្រុក​អន្លង់វែង កំពុង​ត្រូវការ​ក្រុម​អ្នក​ច្បាប់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ទាហាន ១​ក្រុម​របស់​យោធភូមិភាគ​ទី​៤ ដែល​បាន​ចាប់​ខ្លួន​គាត់​បញ្ជូន​យក​ទៅ​ឱ្យ​ប៉ូលិស​ដាក់​ច្រវាក់ និង​បង្អត់​បាយ​រយៈពេល​ពេញ ១​យប់​ផង។

​កសិករ​ម្នាក់​ដែល​ធ្វើ​ស្រែ និង​ចម្ការ​ចិញ្ចឹម​ជីវិត គឺ​លោក លួន ឡប អាយុ ៥០​ឆ្នាំ។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៣ ខែ​វិច្ឆិកា ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លង​ទៅ លោក​បាន​នាំ​ប្រពន្ធ និង​កូន​ទៅ​ដក​ដំឡូងមី​ដែល​ដាំ នៅ​និង​ដី​ចម្ការ​ជាប់​គ្នា និង​ស្រែ​របស់​លោក។ នៅ​ពេល​ដែល​កំពុង​ដក​ដំឡូង​នោះ ក៏​មាន​ទាហាន​យោធភូមិ​ទី​៤ មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​បាន​មក​ហៅ​រូបលោក​ឱ្យ​ឡើង​ទៅ​ជួប​ពួកគេ។ លោក​បន្ត​ថា នៅ​ពេល​ដែល​លោក​ទៅ​ដល់ គឺ​ទាហាន​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា រូប​លោក​បាន​កាប់​រាន​ដី​ព្រៃ​របស់​សហគមន៍​ដោយ​ខុស​ច្បាប់ ហើយ​ក៏​ចាប់ខ្លួន​ដាក់​ក្នុង​ឡាន​តែម្ដង។

​លោក លួន ឡប បញ្ជាក់​ថា ក្នុង​ពេល​ដែល​ទាហាន​ចាប់​ខ្លួន​លោក​នោះ គឺ​គេ​បាន​យក​ទៅ​ឱ្យ​មេព្រៃ​សួរ​ចម្លើយ បន្ទាប់​មក​មេព្រៃ​រក​មិន​ឃើញ​កំហុស ក៏​បញ្ជូន​រូប​លោក​ទៅ​ឱ្យ​ក្រុម​ប៉ូលិស​ទៀត។ នៅ​ឯ​កន្លែង​ប៉ូលិស​គេ​បាន​ចាក់​ច្រវាក់​ជាប់​ជើង​របស់​លោក​ឱ្យ​នៅ​ហាល​មូស​ពេញ​មួយ​យប់។ រូប​លោក​ត្រូវ​បាន​ប៉ូលិស​ដោះលែង​មក​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បន្ទាប់​ពី​មេ​ឃុំ​លំទង ទៅ​ធានា៖ «នៅ​កន្លែង​ប៉ូលិស​គេ​សួរ​ថា អ្នក​ឯង​មាន​រឿង​អ្វី ហេតុ​អ្វី​បាន​ជា​គេ​ចាប់​មក? ខ្ញុំ​ថា មិន​មាន​ខុស​អ្វី​ទេ គ្រាន់តែ​គាស់​ដំឡូង​របស់​ខ្ញុំ ដល់​ពេល​នេះ ប៉ូលិស​ឱ្យ​ខ្ញុំ​ស្រាត​ខោ​អាវ ហើយ​ក៏​គេ​ចាក់​ច្រវាក់​ជើង»

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោកសំព័រ ឱ្យ​ដឹង​ថា ក្រុម​ទាហាន​របស់​យោធភូមិភាគ​ទី​៤ ដែល​នាំ​គ្នា​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ គឺ​ឈ្មោះ ម៉ៅ ស៊ីចន ឈ្មោះ ឌី ហាត នុត ដន និង​ឈ្មោះ ភាព។

​ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​លេខ​ទូរស័ព្ទ​មេបញ្ជាការ​យោធា​របស់​អង្គភាព​ទីនោះ​ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

​មេ​ឃុំ​លំទង លោក ជន រះ មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​ដែល​ទាហាន​ចាប់​ខ្លួន​នោះ ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​លោក​ពិត​ជា​បាន​ទៅ​ធានា​ឱ្យ​ប៉ូលិស​ដោះលែង​មក​ជួបជុំ​គ្រួសារ​មែន។ លោក​មេឃុំ​ក៏​សំដែង​ការ​អាក់​អន់​ចិត្ត​ចំពោះ​ទាហាន​ដែល​មក​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ស្រេច​តែ​ចិត្ត​ដោយ​មិន​យល់​ច្បាប់​នោះ​ដែរ៖ «ខ្ញុំ​ថា កុំ​ឱ្យ​ចាប់​ប្រជាជន​ទៅ​វាយ​ធ្វើ​បាប​អី សុទ្ធតែ​គ្នា​ឯង​ទេ ធ្វើ​អ៊ីចឹង​វា​មិន​ល្អ​ទេ គួរ​តែ​កុំ​ធ្វើ​វិញ​វា​ល្អ​ជាង»

​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​ហៅ​សកម្មភាព​របស់​ក្រុម​ទាហាន​ដែល​ចាប់ចង​ប្រជាពលរដ្ឋ​នោះ​ថា គឺ​ជា​អំពើ​មិន​ស្របច្បាប់ ព្រមទាំង​រំលោភ​លើ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស។ លោក ស្រី ណារ៉េន បញ្ជាក់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ធ្វើ​ខុស​ច្បាប់​ក៏ដោយ ក៏​ការ​ចាប់ចង​មិន​មែន​ជា​សមត្ថកិច្ច​របស់​ទាហាន​ទេ គឺ​ជា​ការងារ​របស់​ប៉ូលិស​រដ្ឋបាល​ស៊ីវិល។

នៅ​ខេត្ត​ឧត្តរមានជ័យ ឧស្សាហ៍​កើត​មាន​សកម្មភាព​ទាហាន​ដែល​រំលោភ​ទៅ​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​ណាស់។ កាល​ពី​អំឡុង​ខែ​មិថុនា កន្លង​ទៅ សហគមន៍​ការពារ​ព្រៃឈើ សង្ឃរុក្ខវ័ន្ត ក៏​ធ្លាប់​ទទួល​រង​ការ​គំរាមកំហែង​ពី​ក្រុម​ទាហាន​ដែរ នៅ​ពេល​ដែល​ព្រះសង្ឃ និង​គណៈកម្មការ​សហគមន៍​ដើរ​ល្បាត ហើយ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​លួច​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។