លោក កែម ឡី៖ ធ្វើនយោបាយ ដើម្បីដោះស្រាយ បញ្ហាសង្គម មិនមែន ធ្វើនយោបាយ ដើម្បីបង្កើត បញ្ហាសង្គមទេ

ភ្នំពេញ៖ ធ្វើនយោបាយ ដើម្បីដោះស្រាយបញ្ហាសង្គម មិនមែនធ្វើនយោបាយ ដើម្បីបង្កើតបញ្ហាសង្គមទេ នេះជាការលើកឡើងរបស់លោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

លោកបានសរសេរបន្តទៀត “ប្រជាជនយើងមានសំណាងមិនល្អ ត្រង់ថា រស់នៅក្រោមការដឹកនាំ របស់មេដឹកនាំមិនល្អ គ្មានមនុស្សធម៌ គ្មានឯករាជ្យខ្លួនឯង ក្នុងគ្រប់សម័យកាល៖ ១. មុនឆ្នាំ១៩៧០ សម័យសង្គមរាស្រ្តនិយម គឺមេដឹកនាំតែងតាំង ដោយប្រទេសបារាំង , ២. ឆ្នាំ១៩៧០ដល់១៩៧៥ សម័យសាធារណរដ្ឋគឺ មេដឹកនាំតែងតាំង ដោយសហរដ្ឋអាមេរិក , ៣. ឆ្នាំ១៩៧៥ដល់១៩៧៩ សម័យកម្ពុជាប្រជាធិបតេយ្យគឺ មេដឹកនាំ គាំទ្រនិងគ្រប់គ្រងដោយប្រទេសចិន , ៤. ក្រោយ សម័យខ្មែរក្រហមគឺ មេដឹកនាំតែងតាំងដោយប្រទេសយួន”។

អ្នកវិភាគរូបនេះបន្ថែមថា ប៉ុន្តែកម្ពុជាមានសំណាងល្អបំផុត ដែលយុវជន បញ្ញាជន និងប្រជាជនក្លាយជាពលរដ្ឋថ្មី ពលរដ្ឋមានព័ត៌មាន ពលរដ្ឋឆ្លាតនិងពលរដ្ឋ ចូលរួមសកម្មភាពនយោបាយយ៉ាងសកម្ម ហើយមិនបានដើរតាមគំរូអាក្រក់របស់មេដឹកនាំ។ ក្តីសង្ឃឹមនៃការផ្លាស់ប្តូរ ជាវិជ្ជមាននឹងកើតមាននៅពេលខាងមុខ ក្នុងករណីដែលក្បាល និងដងខ្លួនត្រូវបានតភ្ជាប់គ្នាល្អ៕

លោក កែម ឡី៖ ធ្វើនយោបាយ ដើម្បីដោះស្រាយ បញ្ហាសង្គម មិនមែន ធ្វើនយោបាយ ដើម្បីបង្កើត បញ្ហាសង្គមទេ