បែកធ្លាយ ! ក្មេងជំទង់​មួយ​ក្រុម​គំរាម​យក​ប្រាក់​ពី​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេង​ជាង​​១​ឆ្នាំ ព្រោះតែ​រឿង​ស្នេហា

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ជំទង់​ចំនួន​៩​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ បន្ទាប់​ពី​មានការ​សង្ស័យ​ថា បាន​សមគំនិត​គ្នា​ក្នុង​ការ​គំរាមកំហែង​យក​លុយ​ប្រចាំ​ថ្ងៃ និង​ដាក់​ខែ​ពី​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ជា​ថ្នូរ​នឹង​ការ​មិន​ទម្លាយ​រឿង​ស្នេហា​ប្រាប់​ឪពុក​ម្ដាយ ដែល​កើតឡើង​តាំងពី​ចុងឆ្នាំ​២០១៤​រហូត​មក​ដល់​ពេល​នេះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​សង្កែ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរ​បាល​​ខេត្ត បើក​ប្រតិបត្តិការ​ភ្លាម​ៗ​លើ​ករណី​នេះ បន្ទាប់​ពី​អាណាព្យាបាល​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ​ លី ឆៃ​តាក់ ប្រុស​អាយុ​១៦​ឆ្នាំ ជា​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។ រីឯ​ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ស៊ុ​គ លី​ឆាយ អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ ហម ស្ថាបនា អាយុ​១៨​ឆ្នាំ​, ៣-​ឈ្មោះ​ យូ មក​រា អាយុ​១៦​ឆ្នាំ​, ៤-​ឈ្មោះ​ វុន ប៊ុ​ន​រ៉ុ​ង អាយុ​១៧​ឆ្នាំ​, ៥-​ឈ្មោះ រុណ សួស្ដី អាយុ​១៧​ឆ្នាំ​, ៦-​ឈ្មោះ សត់ សុ​កន អាយុ​១៧​ឆ្នាំ​, ៧-​ឈ្មោះ ភី​ន ឆា​នុ​ត អាយុ​១៥​ឆ្នាំ​, ៨-​ឈ្មោះ មេន ស៊ី​ង អាយុ​១៧​ឆ្នាំ និង ៩-​ឈ្មោះ​ ហែម ស៊ី​ណា អាយុ​១៧​ឆ្នាំ ពួក​គេ​ទាំងអស់​គ្នា​ជា​យុវ​សិស្ស​រៀន​ជាមួយ​ជន​រង​គ្រោះ​នៅ​វិទ្យាល័យ​អន្លង់​វិល ស្រុក​សង្កែ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ជំទង់​ទាំងនេះ​ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ស្ទើរតែ​រាល់​ថ្ងៃជា​ថ្នូ​រនឹង​ការ​មិន​ទម្លាយ​នូវ​រឿង​ស្នេហា​ប្រាប់​ឪពុក​ម្ដាយ​ជន​រង​គ្រោះ ។ លោក​ថា បើ​តាម​ចម្លើយ​របស់​ពួក​គេ គឺ​ពួក​គេ​បាន​សម្លុត​ជន​រង​គ្រោះ​យក​លុយ​ត​ៗ​គ្នា ដោយសារ​ឃើញ​មិត្តភក្ដិ​ពួក​គេ​ប្រើ​វិធី​នេះ​យក​លុយ​ពី​ជន​រង​គ្រោះ​បាន​ងាយ​ៗ ។ លោក ជេ​ត វណ្ណ​នី បញ្ជាក់​ថា ពួក​គេ​បាន​ប្រើ​វិធី​នេះ​វិល​ជុំ ដើម្បី​គំរាមកំហែង​យក​លុយ​ពី​ជន​រង​គ្រោះ​ស្ទើរ​តែ​​រាល់ថ្ងៃ និង​ខ្លះ​ទៀត​គំរាម​យក​លុយ​ប្រចាំខែ ចាប់តាំងពី​ចុងឆ្នាំ​២០១៤​រហូត​មក ហើយ​ទើប​បែកធ្លាយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អាណាព្យាបាល​ជន​រង​គ្រោះ​មានការ​សង្ស័យ​ពី​រឿង​បាត់ប្រាក់​ចំណូល ទើប​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តែ​ម្ដង ។

ក្រុម​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សំដី​ថា ពួក​គេ​ពិតជា​បាន​ប្រើ​គំនិត​ទុច្ចរិត​វិល​ជុំ ដើម្បី​គំរាម​យក​ប្រាក់​ពី​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេង​ខាងលើ​នេះ​មែន ។ ពួក​គេ​និយាយ​ថា ឈ្មោះ លី ឆៃ​តាក់ បាន​ស្រលាញ់​នារី​ម្នាក់ រហូត​លួច​ទិញ​គ្រឿងអលង្ការ​ឲ្យ​នាង​ជា​ញឹក​ញ៉ាប់​ទៀត​ផង ទើប​ពួក​គេ​យក​លេស​ត្រង់​ចំណុចខ្សោយ​នេះ​គំរាម​យក​លុយ​ពី​ជន​រង​គ្រោះជា​បន្តបន្ទាប់​តែ​ម្ដង ជា​ថ្នូរ​នឹង​ការ​មិន​ទម្លាយ​រឿង​នេះ​ប្រាប់​ឪពុក​ម្ដាយ​ជន​រង​គ្រោះ ។

សមត្ថកិច្ច​ក៏​បាន​និយាយ​ដែរ​ថា ក្រុម​ជនសង្ស័យ​បាន​យក​រឿង​នេះ​ធ្វើ​ជា​លេស​ដើម្បី​គំរាមកំហែង​យក​លុយ​ពី​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ចេះ​តែ​ឲ្យ​លុយ​ពួក​គេ​ស្ទើរ​រាល់ថ្ងៃ ព្រោះតែ​ខ្លាច​បែក​ការណ៍ ។ មន្ត្រី​ដដែល​បញ្ជក់​ថា បើ​តាម​ចម្លើយ​ថា ជន​ខ្លះ​គំរាម​ទារ​លុយ​ប្រចាំ​ថ្ងៃ​ចាប់ពី​១០០​ដុល្លា​ឡើង​ទៅ រីឯ​ខ្លះ​ទៀត​គំរាម​ទា​ប្រាក់​ចាំ​ខែ​តែ​ម្ដង ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា គ្រាន់តែ​សំណុំរឿង​ស្នេហា​សោះ ត្រូវ​ជនសង្ស័យ​ទាំង​ហ្វូង​ព្រួត​គ្នា​គំរាមកំហែង​យក​ប្រាក់​ពី​សាមីខ្លួន​អស់​រយៈពេល​ជាង​១​ឆ្នាំ​យ៉ាង​ស្ងាត់ស្ងៀម ។ លោក​បញ្ជាក់​បន្ថែម​ថា ក្រុម​ជនសង្ស័យ​អាច​ត្រូវ​ចោទប្រកាន់​ពី​បទ «​កំហែង​យក​» បើ​តុលាការ​រក​ឃើញ​កំហុស ។ តែ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ចម្លើយ​បឋម​តែ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​នឹង​បន្ត​ការ​សួរនាំ​បន្ថែម​ទៀត​អំពី​បញ្ហា​នេះ មុន​ពេល​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕