សកម្មជន​បក្ស​ប្រឆាំង​នៅ​ពោធិ៍សាត់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​៥​ឆ្នាំ​ពី​បទ​កាប់​រាន​ដី​ព្រៃ

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នឹង​រៀបចំ​បណ្ដឹង​ប្ដឹង​ឧទ្ធរណ៍ បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​គុក​កូន​ក្ដី​របស់​ខ្លួន​រយៈ​ពេល ៥​ឆ្នាំ។ មេធាវី និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​សាលក្រម​នេះ​ថា មាន​ភាព​អយុត្តិធម៌។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ដែល​កាន់​សំណុំ​រឿង​នេះ គឺ​លោក ម៉ៅ ស៊ីណា បដិសេធ​មិន​អត្ថាធិប្បាយ​ថា លោក​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក សោម សារាវុត ឬ​យ៉ាង​ណា​នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ​បន្ទាប់​ពី​ចៅក្រម​រូប​នេះ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក សោម សារាវុត កាល​ពី​រសៀល​​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ។

ប៉ុន្តែ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​អ្នកស្រី សន ស៊ីដាណែត ថ្លែង​ថា អ្នកស្រី​អាច​ប្រើ​ពេល​មួយ​រយៈ​ខ្លី​ទៀត តែ​ហួស​មួយ​ខែ​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​នោះ​ទេ ដើម្បី​ពិភាក្សា​បន្ថែម​ជាមួយ​កូន​ក្ដី​រៀបចំ​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍។ អ្នកស្រី​មិន​ចង់​អត្ថាធិប្បាយ​ពី​អង្គហេតុ ឬ​ដំណើរការ​ក្នុង​ពេល​សវនាការ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ថា ចៅក្រម​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​អ្នកស្រី៖ «អត់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​ខ្ញុំ​ទេ ហើយ​ខ្ញុំ​នឹង​ត្រៀម​លក្ខណៈ​ជាមួយ​កូន​ក្ដី​ក្នុង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ក្រគរ​ និង​ជា​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក សោម សារាវុត ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក។ បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ដី​ទំហំ ៥០០​ហិកតារ នៅ​ចំណុច​អន្សរក្ដាម ធ្វើ​ជា​ព្រៃ​សហគមន៍​កាល​ពី​ឆ្នាំ​២០១១។

ការ​កំណត់​ដី​ព្រៃ​សហគមន៍​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ បាន​ប៉ះពាល់​ដល់​ដី​អ្នក​ភូមិ​អន្សរក្ដាម នៃ​ឃុំ​ស្នាអន្សា ចំនួន ៦៤​គ្រួសារ ប៉ុន្តែ​ពួកគាត់​ភាគ​ច្រើន​យល់​ព្រម​ដោះដូរ​ដី​ចេញ ដោយ​ឡែក​ក្រុម​គ្រួសារ​លោក សោម សារាវតុ មិន​ព្រម​ដោះដូរ។ ប្រជាពលរដ្ឋ​អះអាង​ថា ការ​ដោះដូរ​របស់​អាជ្ញាធរ​នេះ​បាន​ប៉ះ​ចំ​លើ​ដី​ត្រួត​ប្លង់​គ្នា និង​អ្នក​ភូមិ​ខ្លះ​ទៀត​មិន​ទទួល​បាន​ដី​តែម្ដង។

ទាក់ទង​បញ្ហា​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា យល់​ថា ចៅក្រម​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ​ឡើយ ដោយ​ក្នុង​ដំណើរការ​សួរ​ដេញ​ដោល​ក្នុង​សវនាការ​មាន​វិមតិសង្ស័យ​ជា​ច្រើន ដែល​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ រាល់​វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​សង្ស័យ។ លោក​ថា ការ​ពិត​ជន​ជាប់​ចោទ​បាន​កាន់កាប់​ដី​នៅ​តំបន់​នោះ​បន្ត​ជំនាន់៖ «ក្រោយ​មក​លោក​គ្រូ វុត បាន​ចូល​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គ្រូ​បង្រៀន​ឯករាជ្យ។ ដល់​ពេល​អ៊ីចឹង​ទៅ​គេ​ចាប់​ផ្ដើម​រើសអើង​គាត់ ហើយ​ដាក់​គាត់​ជា​អ្នក​កាប់​រុករាន​យក​ដី​ដោយ​ខុស​ច្បាប់​ទៅ​វិញ ប៉ុន្តែ​អ្វី​ដែល​យើង​ស្រាវជ្រាវ​ដី​ហ្នឹង គឺ​ជា​ដី​បាន​កាន់​កាប់​តាំង​ពី​ដូន​តា​មក»

យ៉ាង​ណា​ទាំង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ លោក ប៉ុល ចាន់ថា និង​មេឃុំ​ស្នាអន្សា លោក មោក កោ ធ្លាប់​បញ្ជាក់​ស្រដៀង​គ្នា​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ពិនិត្យ​គ្រប់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ តែ​លោក សោម សារាវុត នៅ​តែ​មិន​ព្រម​ទទួល​យក​ការ​ដោះស្រាយ ​ហើយ​បាន​បំបែក​ចំនួន​គ្រួសារ​ពី ៦ ទៅ​ជា ២១​គ្រួសារ​ទៀត​ផង ដើម្បី​តវ៉ា​ទាមទារ​យក​ដី​នៅ​តំបន់​ដែល​មាន​ព្រៃ​ច្រើន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។