វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក​បង្ហាញ​យុទ្ធសាស្ត្រ​ជោគជ័យ​នៃ​សហគមន៍​អាស៊ាន

វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក​លើក​ទី​១១ (WIEF) ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា។ មេ​ដឹក​នាំ​រដ្ឋ​កំពូលៗ ពាណិជ្ជករ និង​សហគ្រិន​ជាង ៣​ពាន់​នាក់​មក​ពី​រដ្ឋ​អ៊ីស្លាម និង​មិន​មែន​អ៊ីស្លាម​ពី​ប្រទេស​ចំនួន​៩៨ ក្នុង​ទ្វីប​ចំនួន​៥ ផ្សេងៗ​គ្នា ជួប​ពិភាក្សា​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី (Malaysia) ដើម្បី​រក​ដំណោះស្រាយ និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ (Equitable Growth)។

វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ឬ SME ទាំង​នៅ​ក្នុង​តំបន់​អាស៊ាន និង​នៅ​ក្នុង​ពិភពលោក ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ និង​និរន្តរភាព។

ប្រធាន​នៃ​មូលនិធិ​វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក លោក តួន មូសា ហីតាម (Tun Musa Hitam) ថ្លែង​ថា ការ​ពង្រឹង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ស្រប​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​មក​ដល់​នៅ​ចុង​ឆ្នាំ​២០១៥ នេះ នឹង​ជួយ​ឲ្យ​អាស៊ាន​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សម្រាប់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​តំបន់។

លោក​បន្ត​ថា វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​អាស៊ាន ដែល​តំណាង​ឲ្យ ៣០ ទៅ ៥៣​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) របស់​អាស៊ាន។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក (Najib Razak) យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​មូលនិធិ​វេទិកា​​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក។ លោក​ថា វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម នៅ​ឆ្នាំ​២០២០ នឹង​នាំ​ទឹក​ប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ (៤,៧​ពាន់​លាន) មក​ឲ្យ​អាស៊ាន​ដែល​មាន​ការ​កើន​ឡើង ១០​ដង បើ​ធៀប​ទៅ​នឹង​រយៈពេល ១០​ឆ្នាំ​មុន។

យ៉ាង​ណា​ក៏ដោយ លោក មូសា ហីតាម នៃ​មូលនិធិ​វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក ផ្ដល់​យោបល់​ថា នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​នីមួយៗ​គួរ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ និង​និរន្តរភាព។

តំណាង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក អញ្ជើញ​ឲ្យ​ចែក​រំលែក​បទពិសោធន៍​ពី​ការ​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ប្រាប់​វេទិកា​សេដ្ឋកិច្ច​អ៊ីស្លាម​ពិភពលោក ថា បរិយាកាស​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វិស័យ​ឯកជន។ លោក​លើក​ឡើង​ថា ប្រទេស​កម្ពុជា កំពុង​អនុវត្ត​គោលការណ៍​នៃ​ការ​ធ្វើ​ធុរកិច្ច​ដោយ​សេរី និង​យុត្តិធម៌ ដើម្បី​ធានា​មនុស្ស​ជំនាន់​ក្រោយ នៅ​តែ​អាច​ទទួល​ផល​ប្រយោជន៍​ពី​ដំណើរ​ការ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។ លោក ស៊ុន ចាន់ថុល ប្រកាស​ប្រាប់​អ្នក​ចូលរួម​ទាំង ៩៨​ប្រទេស​ថា កម្ពុជា នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​ចុះ​ឈ្មោះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Online Business Registration) នៅ​ចុង​ឆ្នាំ​២០១៥ នេះ។

លោក​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​នេះ​នឹង​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​ដំណើរ​ការ​ក្រដាស​ស្នាម​សាំញ៉ាំ ព្រម​ទាំង​សន្សំ​សំចៃ​ពេលវេលា ក្នុង​ដំណើរ​ការ​ចុះ​បញ្ជិកា​តាម​ផ្លូវ​ច្បាប់។ លោក​បន្ថែម​ថា ប្រព័ន្ធ​នេះ​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រកប​អាជីវកម្ម​ជា​ផ្លូវ​ការ។

នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សក បញ្ជាក់​ថា ភាព​ជោគជ័យ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​អាស្រ័យ​លើ​ភាព​រីក​ចម្រើន​នៃ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​ដើម្បី​ធានា​នូវ​ភាព​រីក​ចម្រើន​នេះ លោក រ៉ាហ្សក ស្នើ​ឡើង​ថា ប្រទេស​ក្នុង​តំបន់ គួរ​ពង្រឹង និង​ពង្រីក​ទីផ្សារ​សម្រាប់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម បន្ថយ​របាំង​ពាណិជ្ជកម្ម ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គោល​នយោបាយ​ស្ដីពី​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ឲ្យ​បាន​ជាក់លាក់ និង​បង្កើន​ទំនាក់ទំនង និង​ការ​ត​ភ្ជាប់​ផ្នែក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​រវាង​អាស៊ាន​ជាមួយ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។