ពលរដ្ឋ​បារម្ភ​ខ្លាច​បាត់ដី និង​ដី​សាលា ខណៈ​ក្រុមហ៊ុន ស៊ុន ហួរ យក​គ្រឿងចក្រ​កាយ​ព័ទ្ធ​ដី​ភូមិ​ពួក​គាត់

ខេត្តកំពង់ស្ពឺ ៖ តាំងពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ២០១៥ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ​វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ត្បិត​មាន​ក្រុមហ៊ុន​មួយ​ដែល​គេ​ស្គាល់​ថា​ ជាក្រុមហ៊ុន​ស៊ុន​ហួរ បាន​យក​គ្រឿងចក្រ​ទៅ​កាយ​ដី​សាលារៀន និង​កាយ​ព្រំ​ដី​ព័​ទ្ឋ​ដី​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល ។ អ្វី​ដែល​ពួក​គាត់​បារម្ភ​នោះ​គឺ​ខ្លាច​បាត់បង់​ដី​លំនៅ​ដ្ឋា​ន និង​ដី​អាស្រ័យ​ផល​ដែល​គាត់​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ និង​ដី​សាលា​រៀន​ដែល​កូន​ចៅ​របស់​ពួក​គាត់​កំពុង​រៀន​សូត្រ​រាល់​ថ្ងៃ ។

លោក ហែម សុន្ទ​រ៉ា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​បាន​លើក​ឡើង​ថា ពួក​គាត់​បាន​កាន់កាប់​ដី​អាស្រ័យ​ផលដំណាំ និង​ដី​លំនៅ​ដ្ឋា​ន​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ទើបតែ​នៅ​ពេល​ថ្មី​ៗ​នេះ​ពួក​គាត់​បានឃើញ​គេ​ដឹក​គ្រឿងចក្រ​មក​កាយ​ព្រំ​ដី​ព័​ទ្ឋ​ភូមិ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

ចំណែក​លោកគ្រូ សម សា​វ៉​ន ដែល​ជា​គ្រូ​ស្ម័គ្រចិត្ត​នៅ​សាលារៀន​ស្រែ​ជើង​រាស្ត្រ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​កាយ​ដី​ចំ​កណ្តាល​ដី​សាលារៀន ធ្វើ​ឲ្យ​ក្មេង​ៗ​សិស្សានុសិស្ស​ពិបាក​ក្នុង​ការ​ឆ្លង​ទៅ​រៀន​ជា​ខ្លាំង ។ ចំណែក​អ្នកគ្រូ ហ៊ុន សៀ​ក ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រុមហ៊ុន​ធ្វើ​នេះ​ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស​មានការ​ពិបាក​ចិត្តជា​ខ្លាំង ព្រោះ​បារម្ភ​ខ្លាច​គេ​រំលោភ​យក​ដី​សាលារៀន ក្មេង​ៗ​មិន​បាន​រៀនសូត្រ ។

ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ លោក​ផ្កាយ​៣ ស៊ុន ហួរ ប្រធាន ក្រុមហ៊ុន អេស​អេ​ច​ ខិ​ន​សេ​សិន​ អ៊ិ​ន​វេស​មេន ក៏​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ក្រុមហ៊ុន​បាន​ស្នើ​សុំ​អភិ​វ​ឌ្ឆ​នៅ​តំបន់​ខាងលើ​ពិតមែន តែ​ជំហាន​ដំបូង​គ្រាន់តែ​ចុះ​ធ្វើ​ផ្លូវ​ជា​មុន​សិន គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ ហើយ​បើ​ពួក​គាត់​លក់​ក្រុមហ៊ុន​នឹង​ទិញ​យក ។

ចំណែកឯ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ឲ្យ «​កោះសន្តិភាព​» ដឹង​តាម​ទូរស័ព្ទ​ថា លោក​គ្រាន់តែ​ចារ​លើ​សំណើសុំ​របស់​ក្រុមហ៊ុន​ឲ្យ​ធ្វើការ​សិក្សា​ជាមួយ​ជំនាញ បើ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​ពួក​គាត់ គឺ​មិន​ត្រូវ​ទៅ​រំលោភ​បំពាន​លើ​ដី​ពួក​គាត់​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​ឆ្នោត ។

លោក​មេឃុំ​ត្រពាំង​ក្រ​ញូ​ង បាន​ឲ្យ «​កោះសន្តិភាព​» ដឹង​ដែរ​ថា ទីតាំង​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​នេះ​តាម​រដ្ឋបាល​គ្រប់គ្រង​ពី​មុន​គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ខេត្តកំពង់ស្ពឺ គឺ​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច តែ​អំឡុង​ប៉ុន្មាន​ខែ​នេះ​មាន​ព្រះរាជក្រឹត្យ​មួយ​ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះករុណា​ មហា​ក្សត្រ បាន​កាត់​ដី​នៅ​តំបន់​ខាងលើ​ឲ្យ​ខាង​រដ្ឋបាល​ខេត្តតាកែវ​ជា​អ្នកគ្រប់គ្រង​វិញ ក្រុម​ប្រជាពលរដ្ឋ​សុ​ទ្ឋ​តែ​អ្នក​រស់នៅ​ចាស់​ខាង​កំពង់ស្ពឺ ចំណែក​ក្រុមហ៊ុន​បាន​សិ​ទ្ឋិ​ពី​ខាង​ខេត្តតាកែវ ក្នុង​ការ​អភិ​វ​ឌ្ឈ​តំបន់​ខាងលើ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ លោក​វរសេនីយ៍ត្រី ឡា អ៊ឹម​រ៉េ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ បាន​ឲ្យ «​កោះសន្តិភាព​» ដឹង​ដែរ​ថា លោក​​បាន​ដឹក​នាំ​កម្លាំង​អាវុធហត្ថ​ស្រុក បាន​ចុះ​មក​តំបន់​ស្រែ​ជើង​រាស្ត្រ​នេះ​តាម​ការ​បញ្ជា​ពី​លោក​អភិបាលខេត្ត ហើយ​លោក​បាន​សិក្សា​ឃើញ​ថា សំណើ​របស់​ប្រជា​ពល​រដ្ឋ​មិន​ជំទាស់​នឹង​ការ​អភិ​វ​ឌ្ឈ​នៅ​តំបន់​ស្រែ​ជើង​រាស្ត្រ​ទេ ដោយ​ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ជំហាន​ដំបូង​ក្រុមហ៊ុន​ត្រូវធ្វើ​ផ្លូវ​មេ​ជា​មុន​សិន ។ លោក​មេបញ្ជាការ​បន្ត​ថា ពេល​នេះ​ប្រជាពលរដ្ឋ​បាន​យល់​ខ្លះ​ហើយ​អំពី​បញ្ហា​នេះ​គ្រាន់តែ​ពួក​គាត់​បារម្ភ​ខា្ល​ច​បាត់បង់​ដី​តែ​ប៉ុណ្ណោះ ៕