បណ្តេញ​ជនបរទេស​ខុសច្បាប់​៣៩៦១​នាក់ ក្នុង​រយៈពេល​១០ នា​ឆ្នាំ​២០១៥

រូបភាពពីហ្វេសប៊ុកនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ៣៩៦១​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន និង​បណ្តេញ​ចេញទៅ​ស្រុកកំណើត​វិញ ដោយ​គិត​ត្រឹម​រយៈពេល ១០​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៥​នេះ​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​។

​បើតាម​ការលើកឡើងរ​ប​ស់លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជនបរទេស​ខុសច្បាប់​សរុប​៣៩៦១​នាក់ (​ស្រី​៥១៧​នាក់​) រួមមាន​៤៨​សញ្ជាតិ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៥​នេះ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើនជាងគេ ដែលមាន​រហូតដល់​៣៧៦១​នាក់ (​ស្រី​៥០៣​នាក់​) ហើយ​បន្ទាប់មក គឺ​ជន​ជាតិចិន ដែលមាន​ជិត​៣០០​នាក់ ហើយ​បន្ទាប់មកទៀត​គឺ​ជនជាតិ​ហ្វីលីពីន​។

​លោក អ៊ុក ហៃ​សីលា បាន​បន្ថែមទៀតថា ជនអន្តោប្រវេសន៍​ទាំងនោះ ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ទម្រង់​ផ្សេងៗ​គ្នា​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​ជនជាតិ​វៀតណាម​ភាគច្រើន លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលមក​រស់នៅ​តែម្តង ហើយ​បើ​ជនជាតិ​ចិន​វិញ មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ត្រឹមត្រូវ តែ​ភាគច្រើន​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ឬក៏​ប្រកបមុខរបរ​ខុសច្បាប់ ដូចជា​ចាប់ជំរិត​ទារប្រាក់​តាម​ទូរ​សព្ទ​ជាដើម​»​។

​ក្រោយពី​មានការ​អំពាវនាវ​រប​ស់ ប្រធាន​នាយកដ្ឋាន​រូបនេះ​កន្លងមក ប្រជាពលរដ្ឋ​កម្ពុជា ហាក់ដូច​ជាមាន​សកម្ម​ភាពខ្លាំង​ក្លា​ជាង​មុន ក្នុងការ​រាយការណ៍​ដ​ល់​សមត្ថកិច្ច ដើម្បី​ឃាត់ខ្លួន​ជនបរទេស ជាពិសេស​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ដោយ​ខុសច្បាប់​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ឥឡូវ​ឃើញថា​ប្រជាពលរដ្ឋ​បាន​ផ្តល់ដំណឹង​មក​សមត្ថកិច្ច​ច្រើន​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​ដែល​រស់នៅ​និង​ធ្វើការ​ផ្តុំគ្នា​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក អ៊ុក ហៃ​សីលា នៅតែ​បន្ត​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ទាំង​២៥​រាជធានី​ខេត្ត​ឲ្យ​សកម្ម​ជាង​មុន ក្នុងការ​ផ្តល់ដំណឹង​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​