ពលរដ្ឋ​៥៧​គ្រួសារ​នៅ​ស្រុក​ឆ្លូង​ចោទ​អ្នក​មាន​អំណាច​ម្នាក់​បិទ​ផ្លូវ​សាធារណៈ

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃគោ ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ អំពាវនាវ​ឲ្យ​អាជ្ញាធរ អន្តរាគមន៍​ករណី​អ្នក​មាន​ប្រាក់​មាន​អំណាច​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ចរាចរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​មាន​ប្រាក់​មាន​អំណាច​ម្នាក់​ឈ្មោះ ឆាយ ឆើត បិទ​ផ្លូវ​លំ​បែក​ចេញ​ពី​ផ្លូវ​ធំ ដែល​អ្នក​ភូមិ​ធ្វើ​ដំណើរ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម។

តំណាង​ពលរដ្ឋ លោក សូ មករា ចោទ​ប្រកាន់​ថា បុរស​ឈ្មោះ ឆាយ ឆើត មាន​ដី​ស្រែ​ចម្ការ​ជាង ២០​ហិកតារ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០២ បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់​ជាង ៥​ឆ្នាំ​កន្លង​មក បង្ក​ការ​លំបាក​ដល់​កសិករ​ដឹក​កសិផល និង​ដឹក​គោ​ក្របី ជាដើម។ លោក​បន្ត​ថា នៅ​ពេល​ពលរដ្ឋ​ប្រមូល​ផល​កសិកម្ម ត្រូវ​រង់ចាំ​ទាល់​តែ​ស្រូវ​ច្រូត​កាត់​រួច​រាល់ ទើប​អាច​ដឹក​បាន​តាម​វាល​ស្រែ។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ទាំង ៥៧​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សុំ​ឲ្យ លោក ឆាយ ឆើត បើក​ផ្លូវ​នេះ​ឡើង​វិញ៖ «ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ។ គាត់​ពិបាក​ដឹក​ស្រូវ ពេល​ដែល​គាត់​ធ្វើ​ស្រូវ​បាន​ទាល់​តែ​ខែ​ប្រាំង វាល​ស្រែ​ដែល​គេ​ច្រូត​អស់ ទើប​គាត់​ដឹក​មក​បាន។ នៅ​ដេក​ចាំ​ខាំ​រនាប​នៅ​នោះ ទម្រាំ​មាន​ផ្លូវ​ចេញ​ចូល។ ផ្លូវ​កាត់​វាល​ស្រែ​មក​ភូមិ​វិញ។ គាត់​ពិបាក​ដឹក​គោ​ក្របី ហើយ​គោ​ក្របី​គាត់​យក​ទៅ​ចង​នៅ​ទីនោះ ដឹក​ចេញ​ចូល​ទៅ​ដឹក​អត់​បាន ហើយ​ត្រូវ​ទាក់​ចោល ប្រុង​ប្រយ័ត្ន​ចោរ​លួច​គោ​ក្របី​គាត់​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឆាយ ឆើត ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា។

ចំណែក​មេ​ឃុំ​ដំរីផុង លោក ឡាយ សាវាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​បាន​សម្រប​សម្រួល​ឲ្យ លោក ឆាយ ឆើត បើក​ផ្លូវ​តាម​សំណើ​ពលរដ្ឋ នៅ​ពេល​អាជ្ញាធរ​ឃុំ​ទទួល​ពាក្យ​បណ្ដឹង​អ្នក​ភូមិ ក៏ប៉ុន្តែ លោក ឆាយ ឆើត បដិសេធ។ លោក​បន្ត​ថា លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​អភិបាល​ស្រុក​ឆ្លូង ដើម្បី​ដោះស្រាយ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ដែល​បាន​ចុះ​អង្កេត​ករណី​នេះ ចាត់​ទុក​ការ​បិទ​ផ្លូវ​របស់ លោក ឆាយ ឆើត ថា​ជា​ទង្វើ​ល្មើស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។