កំហុស​តូចតាច​៣​យ៉ាង​ដែល​រំខាន​ដល់​ការរំលាយ​អាហារ​

កំហុស​តូចតាច​៣​យ៉ាង​ដែល​រំខាន​ដល់​ការរំលាយ​អាហារ​

​ប្រភេទ​របស់​ចំណីអាហារ និង​របៀប​ដែល​អ្នក​បរិភោគ​អាច​បង្ក​ជា​ការរំខាន់​ដល់​ការរំលាយ​អាហារ​បាន ដែល​អាច​ស្តែងចេញ​ជា​បញ្ហា​អាហារ​មិន​រលាយ ការ​ហើមពោះ ឬ​ការ​ច្រាល​ទឹក​ក្រពះ ជាដើម​។ ខាងក្រោម​នេះ​គឺជា​កំហុស​ឆ្គង​តូចតាច​៣​យ៉ាង ដែល​អ្នក​គួរតែ​ជៀសវាង​ចេញ​។​
 

១- ការបរិភោគ​ប្រូតេអ៊ីន​លាយ​ជាមួយ​នឹង​អាមីដុង​
 
​ការបរិភោគ​ចំណីអាហារ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ដូចជា​សាច់ ស៊ុត ឬ​ត្រី លាយ​ជាមួយ​នឹង​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាមីដុង ដូចជា​ដំឡូង បាយ ឬ​នំ​ធ្វើ​ពី​ម្សៅ​ផ្សេងៗ ធ្វើឱ្យមាន​បញ្ហា​នៅក្នុង​ការរំលាយ​អាហារ បង្ក​ឱ្យ​មាន​ការ​ច្រាល​ទឹក​ក្រពះ​។ ហេតុអ្វី​?
​ប្រូតេអ៊ីន​ត្រូវបាន​រំលាយ​ដោយ​អាស៊ីតក្ល​រី​ឌ្រិ​ក ដែលមាន pH ចន្លោះ​ពី​២​ទៅ​៤​។ ចំណែកឯ​អាមីដុង​វិញ អាហារ​នេះ​ជំរុញ​ឱ្យ​មាន​ការបញ្ចេញ​នូវ​អង់​ហ្ស៊ី​មមួយ​ឈ្មោះថា ptyaline ដែល​ទទួលខុសត្រូវ​នៅក្នុង​ការរំលាយ​វា​ឱ្យក្លាយ​ទៅ​ជា​គ្លុយកូស នៅក្នុង pH ចន្លោះ​ពី​៧​ទៅ​៨​។ ដូច្នេះ កាលណា​អ្នក​បរិភោគ​ប្រូតេអ៊ីន​ដែល​ត្រូវ​រំលាយ​នៅក្នុង​pH ទាប ជាមួយនឹង​អាមីដុង អាមីដុង​នេះ​វា​មិន​រលាយ​ទេ វា​ទៅ​ជា​ជូរ​ផ្អូម ធ្វើ​ឱ្យ​ទៅ​ជា​ហើមពោះ​ទៅ​។​
​ដោយហេតុនេះ អ្នក​គួរ​បរិភោគ​សាច់​ជាមួយនឹង​បន្លែ​វិញ ដែល​ងាយ​នឹង​រំលាយ​ជាង ហើយ​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​ផង​។ បើសិនជា​ចង់​ញ៉ាំ​អាមីដុង អ្នក​អាច​ចាប់ផ្តើម​ញ៉ាំ​សាច់​សិន រួច​សឹម​ញ៉ាំ​អាមីដុង​បន្តិចបន្តួច​បាន​ហើយ​។​
 

២- ផឹកទឹក​ត្រជាក់​ក្នុងពេល​បរិភោគ​អាហារ​
 
​មនុស្ស​ភាគច្រើន​ចូលចិត្ត​ផឹកទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​ដែល​មាន​ដាក់​ទឹកកក នៅក្នុង​ពេល​បរិភោគ​អាហារ​។ ត្រូវ​ដឹង​ថា​ទឹក​ត្រជាក់​ធ្វើឱ្យ​សរសៃឈាម​រួម​តូច ដែល​នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​ប្រព្រឹត្ត​ទៅ​មិន​បាន​ល្អ​ទេ​។ ម្យ៉ាងទៀត​ទឹក​ត្រជាក់​ធ្វើឱ្យ​ជាតិ​ខ្លាញ់​កក បង្ក​ជា​ការលំបាក​ដល់​ក្រពះ​នៅ​ក្នុង​ការ​កិន​រំលាយ​វា ដល់​យូរៗ​ទៅ​វា​នឹង​កក​ច្រើនឡើងៗ ធ្វើឱ្យ​ធាត់​បាន​។​
 

៣- ផឹកទឹក​ច្រើនពេក​ក្នុងពេល​បរិភោគ​អាហារ​
ទឹក​សំខាន់​ណាស់​សម្រាប់​សុខភាព ក៏​ប៉ុន្តែ​បើ​ផឹកទឹក​ច្រើនពេក​នៅក្នុង​ពេល​បរិភោគ​អាហារ​វា​នឹង​ធ្វើឱ្យ​អាហារ​មិន​រលាយ បង្ក​ទៅ​ជាការ​ហើមពោះ​បាន​។ ព្រោះថា កាលណា​អាហារ​ចូល​ទៅ​ដល់​ក្រពះ ក្រពះ​បញ្ចេញ​អាស៊ីតក្ល​រី​ឌ្រិ​ក​ដើម្បី​រំលាយ​អាហារ​នោះ​។ បើ​អ្នក​ផឹកទឹក​ច្រើន ទឹក​នោះ​វា​ទៅ​បន្សាប​អាស៊ីត ហើយ​អាហារ​ក៏​មិន​រលាយ​ផងដែរ​។​

ហេតុនេះ អ្នក​មិន​ត្រូវ​ផឹកទឹក​ច្រើនពេក​ទេ នៅក្នុង​ពេល​បរិភោគ​អាហារ​។ ទឹក​ត្រឹម​១​កែវ​អាច​មិន​ជា​អ្វី​ទេ​។ អ្នក​គួរតែ​ផឹកទឹក​១​កែវ ១​ម៉ោង​មុន​ឬ​ក្រោយ​បរិភោគ​អាហារ​។

យក​ល្អ អ្នក​គួរ​អនុវត្ត​តាម​ក្បួន​ជប៉ុន គឺ​ផឹកទឹក​ក្តៅ​ឧណ្ហៗ (​អាច​លាយ​ជាមួយ​ក្រូចឆ្មារ​ផង​) ឬ​ទឹកតែ​បៃតង ១​កែវ​មុននឹង​ចាប់ផ្តើម​បរិភោគ​អាហារ​។ ធ្វើបែបនេះ អ្នក​អាច​ជៀសវាង​ការ​ដែល​មាន​បញ្ហា​ជាមួយនឹង​អាហារ​មិន​រលាយ ហើយ​មិន​ហើមពោះ​បាន​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។