មូលហេតុ​១០​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​ចេះ​តែ​អស់កម្លាំង​ជាប់​ជានិច្ច​

មូលហេតុ​១០​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​ចេះ​តែ​អស់កម្លាំង​ជាប់​ជានិច្ច​

​ការ​អស់កម្លាំង​ជាប់​រហូត​ធ្វើឱ្យ​សុខភាព​របស់​យើង​ថយចុះ បាត់បង់​ថាមពល អារម្មណ៍​មិន​ជ្រះថ្លា ហើយ​បង្ក​ការប៉ះពាល់​រហូត​ទៅ​ដល់​បញ្ហា​សង្គម ថែម​ទៀត​។ ការ​អស់កម្លាំង​អាច​បណ្តាលមកពី​ការ​គេង​មិន​គ្រប់គ្រាន់​ឬ​មិន​ស្កប់ស្កល់ ប៉ុន្តែ​ក៏​អាច​បណ្តាល​មក​ពី​ទម្លាប់​មិន​ល្អ​មួយចំនួន ផងដែរ​។
​ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​អាច​ធ្វើឱ្យ​អ្នក​អស់កម្លាំង​បានដែរ តែ​អ្នក​មិនបាន​ចាប់អារម្មណ៍​ដល់​ទេ​។​
 

១- តុ​ធ្វើការ​គ្មាន​សណ្តាប់ធ្នាប់​
ការដាក់​អ្វីៗ​នៅ​លើ​តុ​ធ្វើការ​រាយប៉ាយ​គ្មាន​សណ្តាប់ធ្នាប់ មាន​ផង់​ធូលី អាច​ធ្វើឱ្យ​អ្នក​ចេះ​តែ​អស់កម្លាំង ព្រោះ​អ្នក​អាច​វង្វេងវង្វាន់​ពិបាក​រក​ឯកសារ ហើយ​ត្រូវ​ខំប្រឹង​ផ្ចង់អារម្មណ៍​ដើម្បី​អាច​ធ្វើការ​នៅក្នុង​បរិ ស្ថាន​បែបនេះ​បាន​។ ការរៀបចំ​កន្លែងធ្វើកា​រ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា រីករាយ​សប្បាយ​នឹង​ការងារ​។
 

២- នៅ​តែ​គិត​ដល់​ការងារ​ទៀត​ពេល​បាន​ឈប់សម្រាក​
អ្នក​ធ្វើការ​ជា​ច្រើន​នៅតែ​បន្ត​មើល​អ៊ីមែល​ទៀត​នៅពេល​ដែល​បាន​ច្បាប់​ឈប់សម្រាក​រួចហើយ​។ ការ​ដែល​ធ្វើ​ដូច្នេះ​នឹង​ធ្វើឱ្យ​គេ​នៅតែ​វិលវល់​នឹង​ការងារ មិន​បាន​សម្រាក​ទេ​។ ត្រូវ​បំភ្លេច​កន្លែងធ្វើការ​សិន​ទៅ ហើយ​សប្បាយរីករាយ​ជាមួយនឹង​ខ្យល់​សមុទ្រ ឬ​ពន្លឺ​ថ្ងៃ​។​ល​។ ដើម្បី​ស្តារ​កម្លាំង​របស់​អ្នក​ឡើងវិញ រួច​វិល​ត្រលប់​ទៅ​ធ្វើការ​វិញ​ពោរពេញ​ដោយ​ថាមពល​។​
 

៣- សេពសុរា​មុនពេល​ចូល​គេង​
មាន​មនុស្ស​ជាច្រើន​ដែល​គិត​ថា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បន្តិច​មុន​ចូល​គេង​អាច​ធ្វើឱ្យ​គេង​លក់​ស្កប់ស្កល់ បាន​។ ការសិក្សា​ថ្មីៗ​ជាច្រើន​បញ្ជាក់​ថា​គ្រឿង​ស្រវឹង​មាន​ផលប៉ះពាល់​ផ្ទុយទៅវិញ​ទេ ទៅ​លើ​ការ​គេង​។​
 

៤- ប្រើ​ទូរស័ព្ទដៃ​ឬ​តាប្លែ​តមុន​ចូល​គេង​
ពន្លឺ​នៃ​ស្គ្រីន​ទូរស័ព្ទឬ​តា​ប្លែត​ធ្វើ​ឱ្យ​សកម្មភាព​របស់​ខួរក្បាល​ថយចុះ ហើយ​កាត់បន្ថយ​ការបញ្ចេញអ័រ  ម៉ូ​ន mélatonine ដែល​ជំរុញ​ឱ្យ​ងងុយ​គេង​។ យក​ល្អ​គេ​គួរ​ឈប់​ប្រើ​របស់​ទាំងអស់នេះ​យ៉ាងតិច​៣​ម៉ោង​មុន​ពេល​ចូល​គេង​។​
 

៥- ផឹក​កាហ្វេ​ច្រើនពេក​
ការ​ផឹក​កាហ្វេ​១​កែវ​នៅ​ពេល​ព្រឹក​ធ្វើឱ្យ​គេ​មាន​អារម្មណ៍​ភ្លឺ​ថ្លា មាន​កម្លាំង​ឡើងវិញ​សម្រាប់​ចាប់ផ្តើម​ការងារ​សារជាថ្មី​។ ក៏​ប៉ុន្តែ​បើសិនជា​គេ​នៅ​បន្ត​ផឹក​កាហ្វេ​ថែមទៀត​នៅ​ពេល​ថ្ងៃ ជាពិសេស​នៅពេល​ល្ងាច ជាតិ​កាហ្វេ​អ៊ី​ន​នឹង​ធ្វើឱ្យ​គេ​ស្វាង​ងងុយ គេ​ង​បាន​តិច ម្ល៉ោះហើយ​អស់កម្លាំង​ដល់​ពេល​ស្អែក    ឡើង​។​
 

៦- ការផ្លាស់ប្តូរ​ទម្លាប់​គេង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​
ថ្ងៃ​ចុង​សប្តាហ៍​គឺជា​ថ្ងៃ​ឈប់សម្រាក អ្នកខ្លះ​រៀបចំ​កម្មវិធី​ដែល​ធ្វើឱ្យ​គេ​ក្រ​ចូល​គេង រួច​ក៏​ក្រ​ងើប​វិញ    ដែរ​។ ថ្វី​បើ​រយៈពេល​គេង​នៅ​ដដែល ឬ​អាច​វែង​ជាង​ថ្ងៃ​ធម្មតា ក៏​ប៉ុន្តែ​ការផ្លាស់ប្តូរ​ម៉ោង​គេង​អាច​បង្ក​ជា​ការច្របូកច្របល់​ក្នុង​រាងកាយ ហើយ​បាត់បង់​អស់​ថាមពល​បាន​។​
 

៧- ធ្វើ​អ្វីៗ​បំពេញចិត្ត​អ្នកដទៃ​
ការ​ដែល​ចេះ​តែ​ខិតខំ​បំពេញ​ចិត្ត​អ្នកដទៃ មានគ្រួសារ មិត្តភក្តិ មិត្ត​រួម​ការងារ​ជាដើម ក៏​អាច​ធ្វើឱ្យ​អ្នក​អស់កម្លាំង​ដោយ​មិន​ដឹង​ខ្លួន បានដែរ​។ អ្នក​អាច​គ្មាន​អារម្មណ៍​ថា​អស់កម្លាំង​ទេ ក៏​ប៉ុន្តែ​អ្នក​ពិតជា​បាន​បញ្ចេញ​ថាមពល ដើម្បី​ធ្វើ​អ្វីៗ​នោះ​។ គួរតែ​ចេះ​និយាយ​ថា​ទេ​ខ្លះ​ទៅ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន​ខ្លះ​ផង​។​
 

៨- ភ្លេច​មិនបាន​ផឹកទឹក​
ទឹក​សំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព​។ ការផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក ដែលជា​មូលហេតុ​ធ្វើឱ្យ​សរីរាង្គ​ទាំងឡាយ​មិន​អាច​មាន​ដំណើរការ​ធម្មតា​បានទេ​។ ការសិក្សា​មួយ​ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១០​បាន​បង្ហាញ​ឱ្យ​គេ​ដឹងថា ការខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ធ្វើឱ្យ​ខួរក្បាល​ទៅជា​អសកម្ម ហើយ​ចាប់​មាន​ដំណើរការ​ឡើងវិញ​នៅពេលដែល​គេ​ផឹកទឹក​បាន​គ្រប់គ្រាន់​។ អ្នក​ត្រូវ​ផឹកទឹក​យ៉ាងតិចណាស់​ចំនួន​៨​កែវ​ក្នុង​១​ថ្ងៃៗ​។​
 

៩- កង្វះ​ជាតិ​ដែក​
កង្វះ​ជាតិ​ដែក​ក៏​ធ្វើឱ្យ​រាងកាយ​អស់កម្លាំង​បានដែរ​។ ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ដែក​ឱ្យបាន​គ្រប់គ្រាន់ ដែល​រួម​មាន​បន្លែ​បៃតង ស៊ុត សាច់​។​ល​។ ហើយ​មាន​វីតាមីន​C ផង​។ ក៏ប៉ុន្តែ​ត្រូវ​ដឹង​ផង​ដែរ​ថា​ការបរិភោគ​ជាតិ​ដែក​ច្រើន​ហួសពេក​អាច​ធ្វើឱ្យ​មាន​ជំងឺ hemochromatose បាន​។​
 

១០- ការ​មិន​បញ្ចេញ​កម្លាំង​កាយ​អ្វី​សោះ​
ការ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​ដែល​មិន​ធ្វើឱ្យ​បែកញើស​ទេ អាច​ធ្វើឱ្យ​សរីរាង្គ​ផ្សេងៗ​មាន​ដំណើរការ​មិន​ល្អ ម្ល៉ោះហើយ​អស់កម្លាំង​។ ការបញ្ចេញ​កម្លាំងកាយ ដូច​ជា​ការ​ហាត់ប្រាណ​ជាដើម អាច​ធ្វើឱ្យ​បាត់​ស្ត្រេ​ស រាងកាយ​មាំមួន មាន​សុខភាព​ល្អ ហើយ​ក៏​ងងុយគេង ផងដែរ​។​
 

ប្រែសម្រួលដោយសាស្រ្តាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។