យុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន នឹងទទួលឱកាស ប្រកួតប្រជែង ប្រចាំឆ្នាំដ៏ធំ លើចំណេះដឹង សហគមន៍ អាស៊ាន ឆ្នាំ២០១៥

ភ្នំពេញ៖ យុវជនរបស់កម្ពុជា មកគ្រប់មជ្ឈដ្ឋាន នឹងមានឱកាសចូលរួម ក្នុងការប្រកួតប្រជែង ប្រចាំឆ្នាំដ៏ធំ ស្តីពីសហគមន៍អាស៊ាន ដើម្បីទទួលបាននូវចំណេះដឹង ពាក់ព័ន្ធបញ្ហាអាស៊ាន ដែលនឹងត្រូវចូលមកដល់ ក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ពោលគឺនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ រួមទាំងទទួលបានរង្វាន់ អាហារូបករណ៍ ជាមួយការធ្វើដំណើរ ទៅប្រទេសម៉ាឡេស៊ីផងដែរ។

លោក ស៊ាន សុបញ្ញា នាយកវិទ្យាស្ថាន CAM-ASEAN ដែលអ្នកផ្តួចផ្តើមរៀបចំសិក្ខាសាលា ស្តីពីសរសរ ស្តម្ភសហគមន៍អាស៊ាន និងវិធិសាស្ត្រស្រាវវជ្រាវអំពីអាស៊ាន និងការប្រកួតប្រជែង របស់យុវជនកម្ពុជា ពាក់ព័ន្ធចំណេះសហគមន៍អាស៊ាន បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពាក់ព័ន្ធនឹងអាស៊ាននេះ នឹងរៀបចំឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយបានការគាំទ្រ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា ក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស សហភាពសហព័ន្ធយុវជន កម្ពុជា ក្នុងគោលបំណង ដើម្បីដាស់តឿនយុវជនកម្ពុជា ឲ្យត្រៀមខ្លួនដើម្បីចូលរួមក្នុង សហគមន៍ អាស៊ានដោយស្មើមុខ និងស្មើសមត្ថភាព ជាមួយយុវជនអាស៊ាន ទាំង៩ប្រទេសផ្សេងទៀត។

លោក ស៊ាន សុបញ្ញា បានបញ្ជាក់ទៀតថា មន្ត្រីជានខ្ពស់នៃក្រសួងស្ថាប័ន ដែលចូលរួមគាំទ្រខាងលើ នឹងចូលខ្លួនធ្វើជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីសរសរស្តម្ភសហគមន៍អាស៊ាន និងវិធិសាស្ត្រជ្រាវជ្រាវអំពីអាស៊ាន ដើម្បីជាការចែករំលែក ចំណេះដឹងពាក់ព័ន្ធជាមួយសហគមន៍អាស៊ាន ជូនដល់យុវជនកម្ពុជា ហើយយុវជន ទាំងនោះ នឹងទទួលមូលដ្ឋានចំណេះដឹង ឈានដល់ការប្រកួតជែង លើការស្រាវជ្រាវ និងសរសេរអត្តបទ លើប្រធានបទ «តើសហគមន៍អាស៊ាន មានប្រយោជន៍អ្វីសម្រាប់ខ្ញុំ និងតើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីទទួល បានផលប្រយោជន៍ច្រើនបំផុត ពីសហគមន៍នេះ?» ដើម្បីស្វែងរកម្ចាស់ជ័យលាភី៣រូប ទទួលបានរង្វាន់ជាច្រើន រួមមានទឹកប្រាក់ និងការធ្វើដំណើរទៅ ប្រទេសម៉ាទ្បេស៊ី អាហារូបករណ៍សិក្សានៅ CAM-ASEAN និងរង្វាន់លើកទឹកចិត្តផ្សេងទៀត៕

យុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន នឹងទទួលឱកាស ប្រកួតប្រជែង ប្រចាំឆ្នាំដ៏ធំ លើចំណេះដឹង សហគមន៍ អាស៊ាន ឆ្នាំ២០១៥