RSF ជំរុញ​ឲ្យ​UN តែងតាំង​អ្នកតំណាង​ពិសេស​សម្រាប់​សុវត្ថិភាព​អ្នកកាសែត​

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​(RSF) បាន​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ ចាត់​វិធាន​តឹងរឹង ដោយ​បង្កើត​អ្នកតំណាង​ពិសេស​នៃ​អគ្គលេខា​អង្គការសហប្រជាជាតិ សម្រាប់​សុវត្ថិភាព​អ្នកកាសែត ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើបាន​។ អ្នកតំណាង​ពិសេស​នេះ មាន​កាតព្វកិច្ច​ពិនិត្យ​ការអនុវត្ត​ដែល​អនុលោម​ដោយ​សមាជិក​អង្គការសហប្រជាជាតិ ស្ថិតក្រោម​ច្បាប់​អន្តរជាតិ​។ 

​ការអំពាវនាវ​ធ្វើឡើង​ស្រប​ពេលដែល​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត (IDEI)  នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា​ខាងមុខ​។​

​បើតាម RSF ទោះជា​កន្លងមក​ដំណោះស្រាយ​នានា​លើ​ប្រធានបទ​នេះ ត្រូវបាន​អនុម័ត ក្នុងនោះ​មាន​ទាំង​ក្រុមប្រឹក្សាសន្តិសុខ និង​មហាសន្និបាត​ផង​ក៏ដោយ តែ​តួលេខ​នៃ​ការសម្លាប់​អ្នកកាសែត​នៅតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​។ ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ RSF រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ អ្នកកាសែត​ប្រមាណ​៧០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងពេល​បំពេញការងារ​។​

​លោក Christophe Deloire អគ្គលេខាធិការ​នៃ​RSF បាន​មានប្រសាសន៍ថា​៖«​បញ្ហា​សុវត្ថិភាព​របស់​អ្នកកាសែត មិនមែន​មកពី​គ្មាន​ច្បាប់​ដែល​អាច​អនុវត្តន៍​បាន​នោះទេ ប៉ុន្តែ​គឺ​កង្វះ​វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​ច្បាប់​»​។ បើតាម​អគ្គលេខាធិការ​នៃ​RSF មានតែ​អ្នកតំណាង​ពិសេស​ដែល​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​អគ្គលេខា​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​ដែលមាន​ទម្ងន់​ផ្នែក​នយោបាយ មាន​សមត្ថភាព​ធ្វើ​សកម្មភាព​រហ័ស និង​ភាពស្របច្បាប់​ក្នុងការ​សម្របសម្រួល​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​អនុវត្តន៍​ការផ្លាស់ប្តូរ​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០១៤ ជា​ឆ្នាំ​ដែល​គេ​សម្គាល់ថា កម្រិត​ធ្ងន់ធ្ងរ​នៃ​អំពើហិង្សា​លើ​អ្នកកាសែត​នៅ​ទូទាំង​ពិភពលោក រួមទាំង​ការគំរាមកំហែង និង​ការ​កាត់​ក្បាល​។ ឆ្នាំ​២០១៤ អ្នកកាសែត​៧១​នាក់​ត្រូវបាន​សម្លាប់ ភាគច្រើន​នៅ​ប្រទេស​ស៊ី​រី ប៉ា​ឡេ​ស្ទី​ន អ៊ុយ​ក្រែ​ន អ៊ីរ៉ាក់ និង​លី​ប៊ី និង​អ្នកកាសែត​១១៩​នាក់​ទៀត ត្រូវបាន​ចាប់ជំរិត​។ ដោយឡែក​នៅ​ឆ្នាំ​២០១៥​នេះ មាន​អ្នកកាសែត​ចំនួន​៤៨​នាក់ នៅ​ទូទាំង​ពិភពលោក បាន​បាត់​បង់ជីវិត ក្នុងនោះ​៨​នាក់​នៅក្នុង​ប្រទេស​បារាំង ៦​នាក់​នៅ​ស៊ូដង់​ខាងត្បូង ៥​នាក់​នៅ​យ៉េ​មែន ៥​នាក់​អ៊ីរ៉ាក់ ៥​នាក់​នៅ​ស៊ី​រី ៣​នាក់​នៅ​ម៉ិ​ក​សិច ៣​នាក់​នៅ​ប្រេ​ស៊ី​ល និង​ប្រទេស​ផ្សេងៗ​ទៀត​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​