នគរបាល ឃាត់ខ្លួន យុវសិស្ស៩នាក់ ពីបទគម្រាម កំហែង ជម្រិតទារប្រាក់ បញ្ជូនទៅស្នងការ

បាត់ដំបង៖ បន្ទាប់ពីបានទទួលពាក្យ បណ្តឹងពីជនរងគ្រោះ រួចមក កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ទ កម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍ ឃុំអន្លង់វិល និងកម្លាំងអធិការ ស្រុកសង្កែ បានខ្លួនយុវសិស្ស៩នាក់ ជាបន្តបន្ទាប់កាលពី វេលាម៉ោង២រសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទគម្រាមកំហែង ទារប្រាក់បញ្ជូន ទៅស្នងការខេត្តដើម្បី បញ្ជូនបន្តទៅតុលាការ ខេត្តដើម្បីចាត់ការ តាមច្បាប់។

លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុក សង្កែបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ទកម្រិតធ្ងន់ បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមក លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យ ជំនាញដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍ ឃុំអន្លង់ វិលនិងកម្លាំងអធិការស្រុកសង្កែ ចុះទៅតាមគោលដៅ ផ្សេងគ្នា ឈានដល់ធ្វើការនាំខ្លួនជនសង្ស័យបាន៩នាក់ ដែលពាក់ព័ន្ធ ទៅនិងករណី គម្រាមកំហែងជម្រិតទារប្រាក់ ពីជនរងគ្រោះជាបន្តបន្ទាប់ តាំងក្នុងអំឡុងឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។

លោក ស៊ុន សុវណ្ណ បានបញ្ជាក់ថា លុះដល់ថ្ងៃចុងក្រោយទី២ខែវិច្ឆិកាឆ្នាំ២០១៥ ជនសង្ស័យបាន គមរាមទារ ប្រាក់ពីជនរងគ្រោះ៤លានរៀល ហើយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចឲ្យជួយអន្តរាគម។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅដើមហេតុដំបូងជនរងគ្រោះ បានលួចលុយឪពុកម្តាយខ្លួនដែលមានមុខរបរ លក់សាំង យីហោ ស្ថានីយ៍ប្រេងឥន្ទនៈឆាលី ដែលមានទីតាំងនៅចំណុចទួលសាស្ថិតក្នុង ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមរបាយការណ៍ចម្លើយរបស់ជនរងគ្រោះនិងចម្លើយសារភាព របស់ជនសង្ស័យ ទឹកប្រាក់ដែល បានពីការលួច ឪពុកម្តាយខ្លួនសរុបជាង៨ពាន់ដុល្លារ ដោយជនរងគ្រោះជនរងគ្រោះលួចបានដំបូង ក៏បាន ទៅប្រាប់មិត្តភក្តិរៀនជាមួយគ្នានៅវិទ្យាល័យអន្លង់វិល ហើយមិត្តនោះក៏បានគម្រាមជនរងគ្រោះ បើមិនឲ្យលុយ ដែលគេចង់បាននោះទេគេ និងទៅប្រាប់ឪពុកម្តាយខ្លួន ដោយតែខ្លាចដឹងដល់ឪពុកម្តាយ ជនរងគ្រោះ ក៏បាន លួចលុយនៅកន្លែងលក់សាំងជាបន្តបន្ទាប់ ដើម្បីឲ្យទៅមិត្តភក្តិ ក្រោយមករឿងនេះបានបែកធ្លាយរឿងដល់មិត្តភក្តិផ្សេងទៀត ហើយក៏នាំគម្រាមបានលុយជាបន្តបន្ទាប់រហូត តែដល់ចុងក្រោយនេះ ជនរងគ្រោះ បានលួចលុយចុងក្រោយធ្វើឪពុកម្តាយទាន់ ក៏បែកធ្លាយរឿងនេះ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចឲ្យជួយអន្តរាគមតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៩នាក់ដែលឃាត់ខ្លួនបានមាន៖ ទី១ឈ្មោះ ហែម ស៊ីណា ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ភិន ឆានុន ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ឈ្មោះ សត់ សុកន ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ឈ្មោះ បេន ស៊ីង ភេទប្រុស អាយុ១៧ឆ្នាំ ទី៥ឈ្មោះ លី មករា ភេទប្រុសអាយុ១៨ឆ្នាំ ទី៦ឈ្មោះ ស៊ុត លីឆាយ ភេទប្រុសអាយុ១៧ឆ្នាំ ទី៧ឈ្មោះ លី ឆាយគក់ ភេទប្រុសអាយុ១៦ឆ្នាំ ទី៨ឈ្មោះ ហម ស្ថាបនា ភេទប្រុសអាយុ១៨ឆ្នាំ និងទី៩ឈ្មោះ វុន ប៊ុនរ៉ុង ភេទប្រុសអាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង៩នាក់នេះ រស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែដូចគ្នា រៀនថ្នាក់ទី៩ នៅវិទ្យាល័យអន្លង់វិលជាមួយគ្នា ខ្លះក៏បានឈប់រៀន ហើយដែរ។ ចំណែកជនរងគ្រោះ ឈ្មោះ លី ឆាយតាក់ ភេទប្រុសអាយុ១៦ឆ្នាំ រៀនថ្នាក់ទី៦ G វិទ្យាល័យអន្លង់វិល ក្នុងស្រុសង្កែជាមួយគ្នា។

បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ ជនសង្ស័យទាំងបានឆ្លើយសារភាពស្រដៀងៗគ្នា ដើម្បីគម្រាមទារប្រាក់ពីមិត្តភក្តិ តាមតិច តាមច្រើន ខុសៗគ្នា ពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសង្កែ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៩នាក់ទៅស្នងការ នគរបាលខេត្តនៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

នគរបាល ឃាត់ខ្លួន យុវសិស្ស៩នាក់ ពីបទគម្រាម កំហែង ជម្រិតទារប្រាក់ បញ្ជូនទៅស្នងការ