លោក ខៀវ សុភ័គ​៖ បុរស ៣ នាក់ បាន​ចេញមក​សារភាព ក្នុង​សំណុំរឿង​បង្ក​អំពើហិង្សា វាយ​តំណាងរាស្ត្រ​

ភ្នំពេញ: នៅ​ព្រលប់​ថ្ងៃទី​៣​វិច្ឆិកា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រកាសថា មកទល់ពេលនេះ មាន​បុរស ៣ នាក់ បាន​ចេញមក​សារភាព ក្នុង​សំណុំរឿង​បង្ក​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​២៦​តុលា​។ សេចក្តីប្រកាស​ដូច្នេះ បានធ្វើ​ឡើង ខណៈដែល​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ត្រលប់​ពី​ក្រៅប្រទេស មកដល់​រាជធានី​ភ្នំពេញ នា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី​៣​វិច្ឆិកា​នេះ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តី​ប្រកាស​ព័ត៌ស្តី ស្តីពី​ការចេញមក​សារភាព​របស់​បុរសទាំងបីនាក់ ដោយ​បង្ហាញអត្តសញ្ញាណពិតប្រាកដអ្នកទាំងនោះ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់​ក្នុង​សេចក្តីប្រកាសថា គណៈកម្មការ​ពិសេស​ នឹង​បញ្ជូនជនទាំងបីនាក់ ទៅកាន់​តុលាការ​ ​ដើម្បីផ្តន្ទាទោសតាមច្បាប់​។

សូមរម្លឹកថា ​បន្ទាប់ពី​ហេតុការណ៍ បង្ក​អំពើហិង្សា​វាយ​លើ​តំណាងរាស្ត្រ ២ រូប ឲ្យ​របួស កាលពី​ថ្ងៃទី​២៦​តុលា គឺ​ភ្លាមៗ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ពិសេស​មួយ ដឹកនាំ​ដោយ​លោក​ប៉ូលិស​ក្រសួងមហាផ្ទៃ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​វាយ​តំណាងរាស្ត្រ​នោះ​។​

​នៅ​ថ្ងៃទី​២៨​តុលា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ប្រកាស​បញ្ជា​ឲ្យ​ប៉ូលិស​សមត្ថកិច្ច តាម​ចាប់ខ្លួន​ជនបង្ក​អំពើហិង្សា​ទាំងនោះ មក​ផ្តន្ទាទោស ដោយគ្មាន​ការ​លើក​​លែង ទោះបីជា​ជន​នោះ ជា​អ្នកគាំទ្រ​គណបក្សនយោបាយ​ណា រាប់ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​។ ក្នុង​សារ​នយោបាយ​នោះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​ឲ្យ​ជនដៃដល់ ចេញមុខ​សារភាព​ផងដែរ​៕​

លោក ខៀវ សុភ័គ​៖ បុរស ៣ នាក់ បាន​ចេញមក​សារភាព ក្នុង​សំណុំរឿង​បង្ក​អំពើហិង្សា វាយ​តំណាងរាស្ត្រ​