ព្រះរាជឱង្ការ​សម្តេចឪ​ស្តីពី​ឯករាជ្យ និង​សាមគ្គីភាព ត្រូវបាន​ឆ្លាក់​តាំង​ជា​សាធារណៈ​

​ពី​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​២០១១ ពោលគឺ​ជិត​៥០​ឆ្នាំ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​នៅតែមាន​ព្រះរាជបន្ទូល​អំពី​ឯករាជ្យ និង​សាមគ្គីភាព​នៃ​កម្ពុជា ទៅកាន់​ប្រជា​ជាតិខ្មែរ​។ សម្រង់​ព្រះរាជបន្ទូល​ចំនួន​២​ត្រូវបាន​យកមក​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម​ម៉ាប​ដ៏​ធំ នៅលើ​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដើម្បី​ទុក​ជូន​ប្រជានុរាស្ត្រ​បាន​អាន​។ ពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​ឈរ​អាន​ព្រះរាជឱង្ការ​នេះ នៅលើ​សួនច្បារ​ជាប់​នឹង​របង​អតីត​សណ្ឋាគារ​រណសិរ្ស​។ គ្រាន់តែ​ថា ទីនោះ​មាន​សភាព​កខ្វក់​បន្តិច  ដែល​បង្កដោយ​ពលរដ្ឋ​ជា​អ្នកលក់ដូរ​របរ​តូចតាច និង​កូនៗ​តូចៗ​របស់​ពួកគេ ធ្វើ​ឲ្យ​មាន​ក្លិន​មិនសូវ​ល្អ​។​

ព្រះរាជឱង្ការ​សម្តេចឪ​ស្តីពី​ឯករាជ្យ និង​សាមគ្គីភាព ត្រូវបាន​ឆ្លាក់​តាំង​ជា​សាធារណៈ​​សម្រង់​ព្រះរាជឱង្ការ​មួយ​របស់​ព្រះអង្គ​ក្នុង​ទិវា​ឯករាជ្យ​ជាតិ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​១៩៦២៖
«​ក្នុង​ជីវភាព​ប្រទេសជាតិ​នីមួយៗ គ្មានអ្វី​ឲ្យ​មានតម្លៃ​ជាង​ឯករាជ្យ​ទេ ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ទាំងឡាយ​ដទៃទៀត​។ អាវុធ​សំខាន់​ជាងគេ​សម្រាប់​កសាង និង​ការពារ​ឯករាជ្យ និង​អនាគត​យើង ពុំមែន​គ្រឿង​យោធបរិក្ខា​ដ៏​ស្តួចស្តើង គួរ​ឲ្យ​វេទនា​របស់​កងទ័ព​យើង​នោះទេ​។ អាវុធ​នោះ​គឺ ការរួបរួម​ចង​ជាប់​គ្នា​ជា​ធ្លុង​មួយ​នៃ​យើង​នេះឯង​។ ខ្ញុំ​ជឿជាក់ថា ការរួបរួម​របស់​យើង​ជា​ធ្លុង​មួយ​នេះ នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង និង​ឯករាជ្យ​យើង​ឲ្យ​ឆ្លង​សមុទ្រ​គ្រោះថ្នាក់​ដែលមាន​នៅមុខ​យើង​នេះ​បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល​»​។

​សម្រង់​ព្រះរាជបន្ទូល​របស់​ព្រះអង្គ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១១៖
«​សូម​បងប្អូន​ប្រជារាស្ត្រ កូនចៅ ចៅទួត ចៅលួត សាមគ្គី​ជា​ធ្លុង​មួយ​រួមរស់​ជាមួយគ្នា ពួតដៃគ្នា​កសាង​ជាតិ​ដើម្បី​កម្ពុជា​ប្រាសចាក​ជាដាច់ខាត​ពី ភាពទន់ខ្សោយ ឈានទៅ​កាន់​ភាពរុងរឿង​ក្នុង​ពិភពលោក​។ ទាំងនេះ​បង្ហាញ​ពិភពលោក​ថា កម្ពុជា​រួបរួមគ្នា​ល្អ​ណាស់​ក្នុង​សន្តិភាព ឯករាជ្យ កសាង​ជាតិ​គ្មាន​ឈប់ឈរ​»​។​

​ដោយ វិច្ឆិកា


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​