សមត្ថកិច្ច​ដេញចាប់​រថយន្ត​ដឹក​ត្រី​រ៉ស់​-​ត្រី​ឆ្តោ​ ប៉ះ​ចំ​រថយន្ត​ឈ្មួញ​ដឹក​ត្រី​អណ្តែង​-​ត្រី​ក្រាញ់​ពី​ស្រុក​យួន​

​សមត្ថកិច្ច​មន្ត្រី​ជលផល​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ កាលពី​រាត្រី​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​ បន្ទាប់​ពី​តាម​ដេញចាប់​រថយន្ត​ដឹក​ត្រី​នាំ​ចូល​ពី​ស្រុក​យួន​ធុន​ធំ​២​គ្រឿង​ របស់​ឈ្មួញ​ល្បីឈ្មោះ​ "​ចែ​ដាវ​"​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ មុខ​វត្ត​ស្លា​កែ​ត​ ឋិត​ក្នុងភូមិ​ស្លាប​តា​អោន​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ព្រោះ​សង្ស័យ​ថា​ដឹក​ត្រី​រ៉ស់​ និង​ត្រី​ឆ្តោ​នាំ​ចូល​ខុសច្បាប់​ ប៉ុន្តែ​ពេល​ដេញ​ទាន់​ពិនិត្យ​ឃើញ​មាន​អាជ្ញា​ប័ណ្ណដឹកជញ្ជូន​ប្រភេទ​ត្រី​អណ្តែង​ និង​ត្រី​ក្រាញ់​ នាំ​ចូល​ពី​ស្រុក​យួន​ទៅ​វិញ​ ។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​សមត្ថកិច្ច​មន្ត្រី​ជលផល​ដេញ​តាម​ទាន់​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង​ ដែល​ដឹក​ត្រី​នាំ​ចូល​ពី​ស្រុក​យួន​មក​ចែកចាយ​លក់ដូរ​នៅ​កម្ពុជា​នោះ​ គឺ​គេ​បានឃើញ​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹក​ត្រី​ចេញ​មុខ​មក​ដោះស្រាយ​ភ្លាមៗ​ មិន​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ត្រី​នៅ​ក្នុង​រថយន្ត​ឡើយ​ ហើយ​បាន​បង្ហាញ​អាជ្ញា​ប័ណ្ណដឹកជញ្ជូន​ប្រភេទ​ត្រី​អណ្តែង​ និង​ត្រី​ក្រាញ់​ ខណៈ​សមត្ថកិច្ច​បាន​ត្រឹម​ដើរ​ក្រវែល​ជុំវិញ​រថយន្ត​ដឹក​ត្រី​ប៉ុណ្ណោះ​ រួច​ក៏​អនុញ្ញាត​ឲ្យ​រថយន្ត​បន្តដំណើរ​យ៉ាង​រលូន​ ។​

​សាក្សី​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ ទោះបី​អាជ្ញា​ប័ណ្ណដឹកជញ្ជូន​ត្រី​នាំ​ចូល​ពី​ស្រុក​យួន​នោះ​ជា​ប្រភេទ​ត្រី​អណ្តែង​ និង​ត្រី​ក្រាញ់​ក៏​ដោយ​ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា​ ឈ្មួញ​មានគំនិត​ទុច្ចរិត​លួច​បង្កប់​ប្រភេទ​ត្រី​រ៉ស់​-​ត្រី​ឆ្តោ​ពិត​ ឬ​មិន​ពិត​ ក្នុង​ករណី​សមត្ថកិច្ច​បាន​ត្រឹម​ដើរ​ក្រវែល​រថយន្ត​ដឹក​ត្រី​ មិន​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​ ?

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​និយាយ​ពេញៗ​មាត់​ថា​ ទន្លេសាប​ដែល​មានឈ្មោះ​ថា​ ជា​ជង្រុក​ត្រី​នៅ​កម្ពុជា​នោះ​ ពី​មុន​ពិតជា​អាច​ផ្គត់ផ្គង់​ត្រី​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​បាន​មែន​ ប៉ុន្តែ​ឥឡូវនេះ​ កម្ពុជា​បរិភោគ​ត្រី​នាំ​ចូល​ពី​ស្រុក​យួន​ជាប់​ជា​ប្រចាំ​ ដោយសារ​ត្រី​នៅ​បឹង​ទន្លេសាប​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​តាម​គ្រប់​រូបភាព​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បែរជា​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ចាយ​ ពី​បទល្មើស​នេសាទ​យ៉ាង​រំភើយ​ ៕​

សមត្ថកិច្ច​ដេញចាប់​រថយន្ត​ដឹក​ត្រី​រ៉ស់​-​ត្រី​ឆ្តោ​ ប៉ះ​ចំ​រថយន្ត​ឈ្មួញ​ដឹក​ត្រី​អណ្តែង​-​ត្រី​ក្រាញ់​ពី​ស្រុក​យួន​