លោក សម រង្ស៊ី សង្ឃឹមថា នឹងអាចជជែក ជាមួយ មេបក្សកាន់អំណាច ដើម្បីឈាន ទៅរកការដោះលែង សកម្មជន ១៥ដែលជាប់ឃុំ

ភ្នំពេញ៖ ក្រៅពីអំពាវនាវ ឱ្យសមត្ថកិច្ចចាប់ ខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយ ក្នុងការប្រើអំពើហិង្សា លើតំណាងរាស្រ្តរបស់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញបានឆន្ទៈ នៅក្នុងការបន្តរក្សាវប្បធម៌សន្ទនា ជាមួយនឹងមេបក្សប្រជាជនកម្ពុជា ហើយលោកសង្ឃឹមថា ការជជែកគ្នា រវាងមេដឹកនាំគណបក្សទាំងពីរ នឹងធ្វើឱ្យសភាពការណ៍នយោបាយ មានស្ថានភាពធូរស្បើយ ឈានដល់ការដោះលែងសកម្មជន១៥នាក់ ដែលកំពុងជាប់ ឃុំផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិនៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ ដើម្បីការពារតំណាងរាស្រ្ត និងប្រជាពលរដ្ឋ ហើយអំពាវនាវឱ្យសមត្ថកិច្ច ចាប់ជនដៃដល់និងអ្នកនៅពីក្រោយ ដើម្បីផ្តល់យុត្តិធម៌ ដល់តំណាងរាស្រ្តរបស់លោក គឺលោក ញ៉យ ចំរើន និង លោក គង់ សភា ។

លោក សម រង្ស៊ី បានលើកឡើងថា «យើងត្រូវមានវិធានការ ដើម្បីជៀសវាងអំពើហិង្សាបែបនេះ មកលើ តំណាងរាស្រ្តដទៃទៀត និងមកលើប្រជាពលរដ្ឋ ស្លូតត្រង់ផងដែរ ហើយយើងក៏សង្ឃឹម ការជជែកគ្នានេះ សភាពការនឹងត្រជាក់នឹងធូរស្បើយឡើងវិញ ដែលអាចឈានហើយគួរតែឈានទៅដល់ ការដោះលែងសកម្មជន គណបក្សសង្រ្គោះជាតិ ១៤នាក់ និងសមាជិកព្រឹទ្ធសភា ហុង សុខហួរម្នាក់ទៀត ១៥នាក់»។

ចំពោះរឿងនេះ លោក សម រង្ស៊ី បានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា លោកមានក្តីសង្ឃឹមថា នឹងជួបជាមួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានិច្ចដើម្បីធ្វើការជជែកពិភាក្សា សម្រាប់នាំមកនូវផលប្រយោជន៍ជាតិ។

សូមជំរាបថា សមាជិកគណបក្សសង្រ្គោះជាតិ ១៥នាក់ ដែលក្នុងនោះមានទាំងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា ប្រធានគ្រប់គ្រងផ្នែកព័ត៌មាន របស់គណបក្សសង្រ្គោះជាតិផង ត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសរ ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម (លោក ហុង សុខហួរ)៕

លោក សម រង្ស៊ី សង្ឃឹមថា នឹងអាចជជែក ជាមួយ មេបក្សកាន់អំណាច ដើម្បីឈាន ទៅរកការដោះលែង សកម្មជន ១៥ដែលជាប់ឃុំ