អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បដិសេធ​ករណី​ប្លន់​ម៉ូតូ​នៅ​យប់​ថ្ងៃទី​២​វិ​ច្ឆ​កា​ថា ជា​រឿង​បំប៉ោង​សភាពការណ៍​ត្រូវ​មានទោស​តាមច្បាប់​

ភ្នំពេញ: អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​អះអាងថា ករណី​ប្លន់​ម៉ូតូ​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២​វិច្ឆិកា​នោះ នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ គឺ​មិនមែនជា​ករណី​ប្លន់​ទេ ស្ត្រី​រូបនោះ​មាន​សភាព​ស្រវឹង ស្រែក​ឆោឡោ ជា​រឿង​បញ្ហា​គ្រួសារ​ដែល​ទំនងជា​មិន​ត្រូវរ៉ូវ​គ្នា​រវាង​ប្តី​ប្រពន្ធ ប្តី​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ហើយក៏​ឃើញ​ប្តី​ជិះ​ម៉ូតូ​ទៅវិញ ក៏​កើត​ប្រឌិត​រឿង​ថា គេ​ប្លន់​ម៉ូតូ​គាត់​។​

​ស្ត្រី​ម្នាក់​បាន​ស្រែក​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កងកម្លាំង​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ដង្កោ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ក្នុងករណី​ស្ត្រី​រូបនេះ អះអាងថា រូបគាត់​ត្រូវ​ជនសង្ស័យ​២​នាក់ ស្លៀកពាក់​ស៊ីវិល មាន​អាវុធខ្លី អង្គុយ​នៅ​ជិត​ស្ពាន​មួយ ហើយ​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ពី​រូបគាត់​ម៉ាក់​ឃ្លី​ក កាលពី​វេលា​ម៉ោង​៧:៤០​យប់ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈដែល​រូបគាត់​ជិះ​ម៉ូតូ​មកពី​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ស្ត្រី​រូបនេះ​មានឈ្មោះ សែម ធិ​តា អាយុ ២១​ឆ្នាំ ស្នាក់នៅ​ម្តុំ​បឹងត្របែក ខណ្ឌចំការមន​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី ការអះអាង​របស់​ស្ត្រី​ខាងលើ ត្រូវបាន​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ច្រានចោល និង​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​ខាងលើនេះ​។​

​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា បានបញ្ជាក់​ឲ្យ​ដឹងថា ពុំមាន​ករណី​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ខាង លើ​នេះ​ទេ ហើយ​ម្យ៉ាង​គាត់​មាន​សភាព​ស្រវឹង​។ ពេល​កើតហេតុ​ភ្លាម​កម្លាំង​ប៉ុ​សិ៍្ត​ដែល​ឈរ​ប្រចាំ​នៅ​គោលដៅ​បឹង​តា​ម៉ា​ត បាន​ចុះ​ដល់​ភ្លាម​កន្លែងកើតហេតុ តែ​ស្ត្រី​រូបនេះ គាត់​បាន​ទៅ​ស្រែក​ឆោឡោ នៅលើ​ផ្លូវ​៣៧១ សង្កាត់​បឹងទំពុន ទោះ​ឲ្យ​គាត់​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​សិ៍្ត​ក៏​គាត់​មិន​ព្រម​មក​ដែរ​។ ដល់ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មូលហេតុ​ទើប​ដឹងថា ជា​រឿង​បញ្ហា​គ្រួសារ​គាត់ និង​ប្តី​របស់គាត់​។​

​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា បន្តថា តាមពិត​ប្តី​របស់គាត់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​យក លុយ​ឲ្យ​គាត់​ចំនួន​២​ម៉ឺន​រៀល ទើប​គាត់​យក​ម៉ូតូ​ទៅ​ប្រគល់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​វិញ​។ ក្រោយមក​ទំនងជា​មិន​ត្រូវរ៉ូវ​គ្នា​ក៏​ឃើញ​ប្តី​ជិះ​ម៉ូតូ​ទៅវិញ​ក៏​កើត​ប្រឌិត​រឿង​ថា គេ​ប្លន់​ម៉ូតូ​គាត់​។​

​លោក​អនុសេនីយ៍ទោ លត់ ឃីម នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ដង្កោ បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា ករណី​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២​វិច្ឆិកា​នេះ គឺ​មិនមែនជា​ករណី​ប្លន់​ទេ ហើយ​នៅ​យប់​ថ្ងៃនោះ លោក​បានដាក់​កម្លាំង​ឈរ​នៅ​គោលដៅ​នោះ​៤​នាក់ មុខ​ភោ​ជ នី​យ​ដ្ឋា​ន​ពៅ​រតនា និង​នៅ​គោលដៅ​ស្ពាន​យានដ្ឋាន​ស៊ីន​ទ្រី​ផងដែរ​។ លោក​ថា នៅ​មុនពេល​កើតហេតុ លោក​បានឃើញ​ស្ត្រី​ខាងលើនេះ គាត់​បាន​ដើរ​ឆ្លងកាត់​គោលដៅ​របស់លោក ហើយក៏​មិន ដឹងថា ស្ត្រី​នេះ​គាត់​មានរឿង​អ្វី​នោះដែរ  ហើយក៏​មិនឃើញ​គាត់​និយាយ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផង​នោះដែរ​។ ក្រោយមក​ក៏មាន​ពលរដ្ឋ​ម្នាក់​ប្រាប់ថា មាន​ករណី​ប្លន់​ភ្លាមៗ​នោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ មិនឃើញ​ជនរងគ្រោះ​មិនដឹង​ទៅ​ទីណា​។ បន្ទាប់មក​លោក​ក៏​ធ្វើដំណើរ​ឡើងទៅ​ដល់​ផ្លូវ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ហើយ​បានឃើញ​ក្រុម​ប្រជា​ការពារ​សង្កាត់​បឹងទំពន់ ហើយ​ពួកគាត់​បាន​ដឹក​ស្ត្រី​រងគ្រោះ​នោះ មក​លោក​ដើម្បី​ឲ្យ​ស្ត្រី​រងគ្រោះ​រូបនោះ​ទៅ​ចង្អុល​កន្លែងកើតហេតុ​។​

​លោកនាយ​ប៉ុ​សិ៍្ត​រដ្ឋបាល​ដង្កោ​ដដែល​បន្តថា នោះ​លោក​ក៏​សួរ​ទៅកាន់​ស្ត្រី​រងគ្រោះ​ថា ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​មធ្យោបាយ​ស្អី​ខ្លះ​? ហើយ​លោក​សួរ​ទៀតថា តើ​មកពីណា​? ស្ត្រី​រងគ្រោះ​ប្រាប់ថា គាត់​មកពី​លេង​ផ្ទះ​ប្អូន​ពេល​គាត់​ត្រឡប់​ទៅវិញ ក៏មាន​ចោរប្លន់​ម៉ូតូ​គាត់​តែម្តង​។ ក្រោយមក​លោក​ក៏បាន​ឌុប​ស្ត្រី​រងគ្រោះ​ទៅផ្ទះ​ប្អូន​គាត់​ដែល​គាត់​បានមក​លេង ហើយក៏​បាន​ជួប​ជាមួយ​ប្អូន​គាត់ និង​ជួប​ជាមួយ​បង​ស្ត្រី​ម្នាក់ទៀត​ជា​ម្ចាស់ផ្ទះ​។ បងស្រី​ម្ចាស់ផ្ទះ និង​ក្មួយ​គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា នារី​រងគ្រោះ​គ្មាន​ជិះ​ម៉ូតូ​មក​ទេ គាត់​ជិះ​ម៉ូតូឌុប​មក ហើយ​អត់​មាន​លុយ​ឲ្យ​ថ្លៃ​ម៉ូតូឌុប​គេ ទើប​នារី​រងគ្រោះ​ទូរស័ព្ទ​ទៅ​ប្អូន​របស់ខ្លួន​ឲ្យ​យកលុយ​មក​ថ្លៃ​ម៉ូតូឌុប ពេលនោះ​ប្អូន​បាន​យកលុយ​ឲ្យ​ថ្លៃ​ម៉ូតូឌុប ហើយ​ម៉ូតូឌុប​ក៏​ជិះ​ចេញទៅ​បាត់ ចំណែក​នារី​រងគ្រោះ និង​ប្អូន​ក៏បាន​នាំគ្នា​ឡើងទៅ​ផ្ទះជួល​នៅ​ខាងលើ​បាត់​ដែរ​ទៅ​។​

​លោក​អនុសេនីយ៍ទោ លត់ ឃីម ក៏បាន​បញ្ជាក់ថា ហេតុដូច្នេះ​ពុំមាន​ករណី​ប្លន់ យក​ម៉ូតូ​ពី​ស្ត្រី​ខាងលើ​នោះទេ ស្ត្រី​រូបនេះ និង​ប្តី​របស់គាត់​បាន​បំប៉ោង​សភាពការណ៍​ប្រឌិត​រឿង​។ បើតាម​ឲ្យ​ដឹង​ពី​ម្តាយ​របស់​ស្ត្រី​ខាងលើ រស់នៅ​ភូមិ​ម័ល បាន​ប្រាប់ថា ស្ត្រី​រូបនេះ និង​ប្តី​បាន​យក​ម៉ូតូ​ឃ្លី​ក​ចេញពីផ្ទះ​តាំងពី​កន្លះ​ខែ​មុន ហើយ​គេច​ង់​មក​យក​ម៉ូតូ​សង់​ការ៉េ​១​គ្រឿង​ទៀត​។ ម្យ៉ាង​វិញ​ស្ត្រី​ខាងលើ​មិន​ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​នោះទេ គឺ​គាត់​រស់នៅ​ផ្ទះជួល​ម្តុំ​បឹងត្របែក ក្នុង​ខណ្ឌចំការមន ៕