ជិះ​ម៉ូតូ​ចុះ​ពី​លើ​ស្ពាន​លឿន​ពេក​​ជ្រុល​បុក​ខឿន​ស្ពាន​​​រង​របួសធ្ងន់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​លឿន​ពេក​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ខឿន​គល់​ស្ពាន​ដួល​បែកក្បាល​​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​៤​ វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​២៧១ ចំណុចចុះ​ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​ស្ថិត​នៅ​ក្នុង​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

​សាក្សី​នៅ​​​កន្លែង​កើតហេតុ ​បានឱ្យ​​ដឹង​ថា បុរស​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម៉ាក​XT250 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1AV-9174 ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​​​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ល្បឿន​លឿន​​​ស្ពាន​កោង​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ខឿន​គល់​ស្ពានបណ្តាល​ឱ្យ​ដួល​រង​របួស​​បែកក្បាល​ខាងឆ្វេង​ និង​ម៉ូតូ​ខូចខាត​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​បុរស​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹងសាឡា​ង ​៕