​យុវជន​ម្នាក់ ជិះ​ម៉ូតូ​លឿន បុក​រថយន្ត​បត់​ឆ្លងផ្លូវ បាក់ក​ស្លាប់​

ភ្នំពេញ: យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​រូបគេជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​ចំ​ពីមុខ​រថយន្ត Rang Rover ដែល​កំពុងបត់​ឆ្លងផ្លូវ ពេញទំហឹង​តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​ម៉ោង ១១ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​នឹង​ផ្លូវ​លេខ​៩៦ ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ ឈ្មោះ កុយ វុទ្ធី មាន​មុខរបរ​ជាជាង​ដែក ស្នាក់នៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ និង​មាន​ស្រុកកំណើត នៅ​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​តាម​អ្នកឃើញ​ហេតុការណ៍ បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ឆ្វេង​បំណង​ចូល ទៅ​ផ្លូវ​លេខ​៩៦ ពេល​កំពង់តែ​បត់​ស្រាប់​តែមាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ឃ្លី​ក ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-6394 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ជិះ​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាលអោយ​បោក ជាមួយ​រថយន្ដ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ភ្លាមៗ​នោះ ម្ចាស់​រថយន្ដ បង្ក​បាន​បន្ថែម​ល្បឿន គេចខ្លួនបាត់​តែម្ដង​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក ទទួល​សព​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕V​/S

​យុវជន​ម្នាក់ ជិះ​ម៉ូតូ​លឿន បុក​រថយន្ត​បត់​ឆ្លងផ្លូវ បាក់ក​ស្លាប់​