ភ្លៀង​លាយ​ឡំ​ផ្គរ​រន្ទះ​យប់​មិញ​ធ្វើ​ឱ្យ​មន្ត្រី​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​កំពង់​ស្ពឺ​ម្នាក់​ភ័យ​រហូត​គាំង​បេះដូង​ស្លាប់

ខេត្ត​កំពង់​ស្ពឺ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ភ្លៀង​លាយ​ឡំ​ផ្គរ​រន្ទះ​កាល​ពី​យប់​មិញ​ធ្វើ​ឱ្យបុរស​ម្នាក់ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​កំពង់​ស្ពឺ​​​ភ័យ​រហូត​គាំង​បេះ​ដូងស្លាប់​​​​​​​​​​​​​​​​​​​​​​​ ​។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៥ព្រឹក ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ នេះ​ នៅ​ក្នុង​មន្ទីរ​ធន​ធាន​ទឹក​ ស្ថិត​ក្នុង​ភូមិ​ត្បិះ ឃុំ​វល្លិ៍ស ស្រុកសំរោង​ទង​ ។

ជន​រង​គ្រោះ​ឈ្មោះ​ម៉ូង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​ធន​ធាន​ទឹក​។

តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ​ផល ចាន់​ថន បាន​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​ខ្សោយ​បេះ​ដូង​ឱ្យ​តែ​ឭសម្លេង​ក្ឌុង​ក្ឌាំង​ខ្លាំងៗគាត់​តែង​តែ​ភ័យ​។ កាល​ពី​យប់​មិញ​មេឃ​ភ្លៀង​ខ្លាំង លាយ​ឡំ​ផ្គរ​រន្ទះ​ផង គាត់​ឃើញ​ប្តី​របស់​គាត់​ភ័យ​រញី​រញ័រ​ តែ​គាត់​មិន​ចាប់​អារម្មណ៍​ទេ ព្រោះរាល់ដង​គាត់​ធ្លាប់​តែ​បែប​នឹង​ ហើយ​ក៏​នាំ​គ្នា​ចូល​ដេក​ទៅ​។

ស្ត្រី​ខាង​លើ​បន្ត​ថា លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៥ ថ្ងៃ​ទី៤ វិច្ឆិកា នេះ​ទើប​គាត់​ដឹង​ថា ប្តី​របស់​គាត់​ស្លាប់ក៏​មានការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​។

បន្ទាប់​ពី​ពិនិត្យ​កោសល្យ​វិច័យ​រួច សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ភ័យ​នឹង​សម្លេង​ផ្គរ​រន្ទះ​ធ្វើ​ឱ្យ​គាំង​បេះ​ដូង​ស្លាប់​៕