កែ ឡេង ប្រកួតការពារមេដាយមាសកម្រិតពិភពថ្ងៃនេះ តែក្រុមយុវជនបានធ្លាក់អស់ហើយ

​ម្ចាស់​មេដាយ​មាស កែ ឡេង នឹង​ត្រូវ​ធ្វើ​ការ​​ប្រកួត​ការពារមេដាយ​មាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភព​លោកផ្នែក​​ស្រ្តី​ ប្រចាំ​ឆ្នាំ​២០១៥ នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ នា​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ការ​ប្រកួត​ផ្នែក​យុវជន ក្រុម​កម្ពុជា​បាន​ធ្លាក់​​ទាំង​​វិញ្ញាសា​វាយ​យក​ពិន្ទុ​ និង​ប្រកួត​ជា​ក្រុម​​ ក្នុង​វគ្គ​​១/៤​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា​នោះ។

ចំពោះ​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភព​លោកផ្នែក​​យុវជន ដែល​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​អាទិត្យ និង​បាន​បញ្ចប់​កាល​ពីអង្គារ ម្សិល​មិញ​នេះ កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា មួង ទិត្យម៉ាណែត បាន​បង្ហាញ​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បំផុត តាម​រយៈ​ការ​ធ្វើ​បាន​៤៧​ពិន្ទុ ក្នុង​ការ​ប្រកួត​ជុំ​ទី​១ ដើម្បី​ឡើង​ទៅ​ប្រកួតវគ្គ​៨​នាក់ចុង​ក្រោយឬ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ គឺ​មាន​ន័យ​ថា ​ឲ្យ​តែ​ ទិត្យម៉ាណែត ​ឈ្នះ​ក្នុង​វគ្គ​៨​នាក់​នេះ គេ​នឹង​​មាន​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​ភាព​សោក​ស្តាយ​បាន​កើត​មាន​ឡើង​ចំពោះ​ម្ចាស់​មេដាយមាស​កម្រិត​អាស៊ី​រូប​នេះ ខណៈ​រូប​គេ​​បាន​ចាញ់​កីឡាករ​ជើង​ខ្លាំង​មក​ពីប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃចន្ទ​នោះ។
1
ចំណែក​ការ​ចូល​រួម​ប្រកួត​ជា​ក្រុម ​ជាមួយ​មិត្ត​រួម​ក្រុម​គឺកីឡាករ ទីវ រដ្ឋា, ផង់ ហាស់សិទ្ធិទេវរាជ និង​កីឡាការិនី​ ស្រ៊ាង សុរ៉ាឃីម(បម្រុង​១) មួង ទិត្យម៉ាណែត នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់ ដែល​ដឹក​នាំ​ក្រុម​កម្ពុជា​ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ដែល​កៀក​ទៅ​នឹង​ការ​ឈ្នះ​មេដាយ​ដូច​ការប្រកួត​វាយ​យក​ពិន្ទុ​របស់​គេ​ដែរ។ ប៉ុន្តែ​ក្រុម​ដ៏​កម្សត់​របស់​កម្ពុជា​មួយ​នេះបាន​ចាញ់​ក្រុម​ឡាវ ១៣-១២ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ម្សិល​មិញ ដែល​ធ្វើ​ឲ្យ​ក្រុម​យុវជន​របស់​កម្ពុជា​ បាន​ត្រឹមនាំ​យក​​បទ​ពិសោធ​​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ពុធ​នេះ។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ុក យ៉ារី គ្រូ​បង្វឹក​ប៉េតង់​ផ្នែក​យុវជនរបសើ​កម្ពុជា នៅ​តែ​សម្តែង​ការ​ត្រេក​អរ នឹង​ទទួល​យក​ការ​លទ្ធ​ផល​នេះ​យ៉ាង​ពេញ​ចិត្ត ព្រោះ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​យុវជន​កម្ពុជា​ទាំង​៤​នេះ​បាន​ចូល​រួម​ប្រកួត​កម្រិត​ពិភព​លោក​បែប​នេះ តែ​ពួក​គេ​អាច​ឡើង​មក​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ទាំង​២​វិញ្ញាសា​តែ​ម្តង ខណៈ​ការ​ប្រកួត​លើក​នេះ​មាន​ប្រទេស​ខ្លាំង​ចូល​រួម​ជា​ច្រើន​រ៉ាប់​បញ្ចូល​ទាំង​ប្រទេស​មក​ពី​ប៉ែក​អឺរ៉ុប​ផង​ដែរ។ នេះ​បើ​តាម​ការ​ រាយ​រ៉ាប់​របស់​កញ្ញា ម៉ៃ រតនា ដែល​បាន​ចូល​រួម​ការ​ប្រកួត​កីឡាប៉េតង់​ជើង​ឯក​ពិភព​លោក នៅ​ប្រទេស​ថៃ​នោះ​ដែរ។
2
​        ដោយ​ឡែក កីឡាការិជើង​ចាស់ កែ ឡេង ​នឹង​​ចាប់​​ប្រកួត​ជម្រុះ​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ដើម្បី​ការពារ​មេដាយ​មាស ដែល​អ្នក​ស្រី​ដណ្តើម​បាន​ នៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ​២០១៣ នៅ​​រសៀល​ថ្ងៃ​ពុធ​នេះ។ រីឯ​កីឡាការិនី​ អ៊ុំ ចន្ទ្រា ក៏​នឹង​​ត្រូវ​ចូល​រួម​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ជាមួយ​អ្នក​ស្រី កែ ឡេង ផង​ដែរ។

បន្ថែម​លើ​នេះ​អ្នកស្រី​ កែ ឡេង និង អ៊ុំ ចន្ទ្រា ក៏​នឹង​ចូលរួម​ជាមួយ​កីឡាការិនី ​អ៊ុក និង អ៊ុន ស្រីយ៉ា (បម្រុង​ម្នាក់) ដើម្បី​ធ្វើ​​ការ​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​៣​នាក់ ផង​ដែរ ខណៈ​វិញ្ញាសា​នេះ ក៏​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ គឺ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​ដាក់​វិញ្ញាសា​ទាំង​២​នេះ​ឲ្យ​ប្រកួត​ឆ្លោះ​ពេល​គ្នា​តាំង​ពី​វគ្គ​នេះ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ តែ​ម្តង៕