លោកយាយ​កម្សត់​រស់នៅ​រងា​ឯកោ​

Sanofi

​ស្ថិតក្នុង​ស្ថានភាព​ដំណើរ​កោងៗ​ស្ទើរតែ​ដល់​ដី និង សម្តី​ខ្សាវៗ នៅលើ​ផ្ទៃមុខ​ពោរពេញ​ទៅដោយ​សាច់​ដែលមាន​ផ្លែ គឺ​លោកយាយ នួន ហ៊ិ​ន មាន​វ័យ ៧០ ឆ្នាំ បច្ចុប្បន្ន​លោកយាយ​មាន​ទីលំនៅ​នៅក្នុង​ភូមិ​ត្រពាំង​រកា ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ ។ ជីវភាព​រស់នៅ​របស់​លោក យាយ​រាល់ថ្ងៃនេះ​មាន​សភាព​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង ហើយ​អ្វីដែល​កាន់តែ​អាណិត​គាត់​ទៅទៀត​នោះ គឺ​គាត់​មិនមាន​កូនចៅ ឬ សាច់ញាតិ​ណា​ម្នាក់​ជាទី​ពឹង​ឡើយ ។

គាត់​រស់នៅក្នុង​ខ្ទម​ដ៏​កម្សត់​តែម្នាក់ឯង ហើយ​ការរស់នៅ​របស់គាត់​រា​ល់​ថ្ងៃនេះ គឺ​ពឹងពាក់​លើ​អ្នកជិតខាង​ប៉ុណ្ណោះ ។ ពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​«​ប្រជាប្រិយ​»​លោកយាយ នួន ហ៊ិ​ន បាន​មានប្រសាសន៍ថា គាត់​មាន​បងប្អូន​ចំនួន ៤ នាក់​គឺ​ស្រី ២ នាក់ ប្រុស ២ នាក់ គាត់​ជា​កូនពៅ​ក្នុង​គ្រួសារ ។ នៅពេល​បច្ចុប្បន្ននេះ បងប្អូន​ទាំង ៣ នាក់ របស់គាត់​នោះបាន​ស្លាប់​អស់​ទៅហើយ​នៅសល់តែ​លោកយាយ​តែម្នាក់ឯង​ប៉ុណ្ណោះ ។

កាលពី​នៅ​វ័យ​កុមារភាព​គាត់​មិនបាន​សិក្សា​រៀនសូត្រ​ជ្រៅជ្រះ​នោះទេ ព្រោះថា​ខ្លួន​ជា​កូនស្រី ម្យ៉ាងទៀត​ជីវភាព​ក្នុង​គ្រួសារ​ក្រីក្រ​ផង ហើយ​អ្វី​ដែលជា​កត្ដា​សំខាន់​នោះ​គឺ​ប្រពៃណី​ទំនៀមទម្លាប់​ដែល​លោកឪពុក​របស់គាត់​បា​ន​និយាយ​ប្រាប់ថា បើ​សិក្សា​រៀនសូត្រ​ច្រើន​នោះ​នឹង​ចេះ​សរសេរ​សំបុត្រ​ស្នេហា​នាំឱ្យ​កូនស្រី​របស់គាត់​មាន​ស្នេហា ។ ដូចនេះ​គាត់​ត្រូវ​នៅផ្ទះ​ដើម្បី​ជួយ​ធ្វើ​កិច្ចការងារ​ផ្ទះ​ដូច​នារី​ខ្មែរ​ផ្សេងៗ​ទៀត​ដែរ ។​

​ជាមួយគ្នានេះ លោកយាយ​ក៏បាន​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​រូបគាត់​កោង​ខ្នង​បែបនេះ​ថា នៅក្នុង​សម័យ​របប ប៉ុល ពត គាត់​បានធ្វើ​ការងារ​ក្នុងសម័យ​នោះ​ធ្ងន់​ហួសកម្លាំង​ទាំងយប់​ទាំង​ថ្ងៃ និង ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ ទើប​រូបរាងកាយ​របស់គាត់​មាន​សភាព​ទ្រុឌទ្រោម​បែបនេះ​រហូតមក ។

ម្យ៉ាងទៀត​ដោយ​គាត់​មិនមាន​កូនចៅ​ជាទី​ពឹងពាក់​ស្នាក់អាស្រ័យ​បាន ទើប​ត្រូវតែ​ខិតខំ​ស្វះស្វែង​ប្រក​បរបរ​ផ្សេងៗ ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹមជីវិត មិន​ថា​ការងារ​នោះ​ធ្ងន់ ឬ ស្រាល លំបាក ស្រណុក និង ហាលភ្លៀង ហាលថ្ងៃ​យ៉ាងណា​នោះទេ គឺ​ធ្វើ​ទាំងអស់​ឲ្យ​តែ​បាន​ប្រាក់ ដូចជា​ស៊ី​ស្នួល​ដក​ស្ទូង ដេរ​ស្លឹកត្នោត​លក់ មើល​កូនចៅ​ឱ្យ​អ្នកជិតខាង​កោសខ្យល់​យក​ជា​ប្រាក់ និង អង្ករ​បន្តិចបន្តួច​ស​ម្រា​ប់យក​មក​ដណ្ដាំបាយ​ហូប​ប្រចាំថ្ងៃ ។​

​លោកយាយ នួន ហ៊ិ​ន ក៏បាន​បញ្ជាក់បន្ថែម​ទាំង​អារម្មណ៍​ក្ដុកក្តួល​អួលដើមក​ថា សព្វថ្ងៃនេះ​គាត់​មិនមាន​ផ្ទះសម្បែង​ត្រឹមត្រូវ​នោះទេ ផ្ទះ​ដែល​គាត់​រស់នៅ​រាល់ថ្ងៃនេះ​បាន​បងប្អូន​អ្នកជិតខាង​ជួយ​សាងសង់​ឱ្យ ហើយ​ដី​ដែល​សាងសង់​នេះ​ជា​ដី​បងប្អូន​អ្នកជិតខាង គាត់​មិនមាន​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ ។

មិនថាតែ​ផ្ទះ និង ដី​នោះទេ រួមទាំង​មុង ភួយ កន្ទេល ខ្នើយ រួមទាំង​របស់របរ​ប្រើប្រាស់​របស់គាត់​មួយចំនួនធំ គឺ​សុទ្ធតែ​បានមកពី​អ្នកជិតខាង​បរិច្ចាគ​ឱ្យ បន្ទាប់ពី​ឪពុកម្ដាយ សាច់ញាតិ​របស់​ពួកគេ​បាន​ស្លាប់ទៅ ហេតុដូចនេះ​ទើប​ពួកគេ​យក​របស់របរ​ទាំងនោះ មក​បរិច្ចាគ​ឱ្យ​គាត់។ ម្យ៉ាងវិញទៀត​ការហូបចុក​នាពេល​បច្ចុប្បន្ន​នេះ​មានដូចជា​បាយ​ម្ហូបគឺ​បាន​អ្នកជិតខាង​តែងតែ​ផ្ដល់ឱ្យ។​

ជា​ចុងក្រោយ​លោកយាយ នួន ហ៊ិ​ន ក៏បាន​រៀបរាប់​បន្តទៀតថា នៅក្នុង​រដូវវស្សា​ផ្ទះ​របស់គាត់​ដំបូល​ធ្លុះធ្លាយ​ពិបាក​នឹង​ជួសជុល​ការពារ​ទឹកភ្លៀង​ណាស់ ព្រោះ​គាត់​ត្រូវសុំ​ស្លឹកត្នោត​ពី​អ្នកជិតខាង​មក​ដេរ រួច​ប្រក់​ដោយ​ខ្លួនឯង ។ ហេតុដូចនេះ​គាត់​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​សូម​មេត្តាជួយ​ដល់​គាត់​ផង ។​

​អ្នក​មីង អេង ហ៊ីម ជា​អ្នកជិតខាង​របស់លោក​យាយ​កម្សត់​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ថា លោកយាយ នួន ហ៊ិ​ន នេះ​មិនមាន​កូនចៅ​នោះទេ គឺ​តាំងតែ​ពី​ដើម​រៀងមក​លោកយាយ​រស់នៅ​តែម្នាក់ឯង ដោយ​ពឹង​លើ​ការ​ស៊ីឈ្នួល​អ្នកជិតខាង​បានទទួល​កម្រៃ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ។​

​អ្នក​មីង ញ៉ា​ន់ សួន ជា​អ្នកជិតខាង ហើយក៏​ជា​អ្នកផ្ដល់​ដី​សម្រាប់​ឱ្យ​លោកយាយ នួន ហ៊ិ​ន សង់ផ្ទះ​នេះ​បានឱ្យដឹង​ដែរ​ថា ថ្វីដ្បិតតែ​លោកយាយ ហ៊ិ​ន មិនមែនជា​ម្ដាយ ឬ ក៏​ជា​សាច់ញាតិ​ក៏ដោយ តែ​អ្នក​មីង​តែងតែ​ផ្តល់​ការហូបចុក​ទាំង​បាយ​សម្ល បើទោះបីជា​មិនបាន​ដិតដល់​ដោយសារតែ​ជីវភាព​របស់​អ្នក​មីង​មិនសូវ​ជា​ធូរធារ​ដែរនោះ ក៏​អ្នក​មីង​នៅតែ​ឆ្លៀត​ហុច​បាយទឹក​ជូន​លោកយាយ​ផងដែរ ព្រោះ​លោកយាយ​មិនមាន​អ្នកណា​ជាទី​ពឹង​នោះទេ​គឺ​គាត់​មានតែ​ម្នាក់ឯង​គត់ ។

ការរស់នៅ​របស់គាត់​រាល់ថ្ងៃនេះ​មានការ​លំបាក​ខ្លាំងណាស់ ក្នុងនាម​ជា​អ្នក​ក្បែរ​ខាង​គាត់​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង​ក្នុង និង ក្រៅប្រទេស​សូមមេត្តា​ជួយ​ស្រោចស្រង់​អាយុជីវិត​របស់គាត់​ផង គាត់​រស់នៅ​តែម្នាក់ឯង​ពុំមាន​កូនចៅ ឬ សាច់ញាតិ នៅ​បម្រើ​មើលថែ​នោះទេ ដូច្នេះ​ជីវិតចុងក្រោយ​របស់គាត់​នេះ​មានតែ​ពឹង​លើ​សប្បុរសជន ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​នោះទេ សូមមេត្តា​ជួយ​ដល់​លោកយាយ​ម្នាក់នេះ​ផង ៕ សុធន​



Related