ព្រាប សុវត្ថិ : ការជួប ​អេ​ន​ជឺ​លី​ណា ជូ​លី ជា​កិត្តិយស​មិន​ធ្លាប់មាន​

Sanofi

​ទោះបីជា​គម្រោង​ជួបពិភាក្សា​រវាង​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង កំពូល​តារា​សម្តែង​ពិភពលោក អេ​ន​ជឺ​លី​ណា ជូ​លី (Angelina Jolie) មិនទាន់បាន​ជួបគ្នា​នៅឡើយ តែមាន​ព័ត៌មាន​ជាច្រើន​បាន​និយាយថា នាង អេ​ន​ជឺ​លី​ណា ជូ​លី ចង់​សិក្សា​ពី​ប្រវត្តិ​លោក ព្រាប សុ​វ​ត្តិ រួម​ជាមួយនឹង​ការនិយាយ​ពីមុខ​តំណែង​តួអង្គ​ណាមួយ​ដែល​លោក ព្រាប សុវត្ថិ ត្រូវ​សម្តែង​ក្នុង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» តាម​សាច់រឿង​ក្នុង​សៀ​ភៅ​«​ការចងចាំ​របស់​កុមារី​ម្នាក់​» ។

លោក ព្រាប សុវត្ថិ បាន​ប្រាប់ថា ប្រសិនបើ​គម្រោង​ជួបគ្នា​រវាង​លោក​ជាមួយ អេ​ន​ជឺ​លី​ណា ជូ​លី ហើយ​លោក​អាច​បានទទួល​ការងារ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខាងលើនេះ​ពិតមែន គឺជា​ឱកាស​មួយ​ក្នុងចំណោម​មួយ​ពាន់​ឱកាស​ផ្សេងទៀត ហើយក៏​ជា​មោទកភាព​សម្រាប់​លោក ក៏ដូចជា​ប្រទេស​យើង​ផងដែរ ។​

​តារា​សម្តែង​ល្បីឈ្មោះ​លំដាប់​ពិភពលោក​សញ្ជាតិ​អាមេរិក និង មាន​សញ្ជាតិ​ខ្មែរ អេ​ន​ជឺ​លី​ណា ជូ​លី បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ប្រមាណ​ជា​កន្លះ​ខែ​មកហើយ ក្នុង​គម្រោង​ការងារ​អភិរក្ស​ព្រៃឈើ​ស្រុក​សំឡូត ខេត្តបាត់ដំបង និង សិក្សា​បន្ថែម​លើ​ទីតាំង​ថត​រួមជាមួយ​សាច់រឿង​ពិត​ក្នុង​ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» ដែលជា​ខ្សែភាពយន្ត​បង្ហាញ​ពីរ​បប​ប្រល័យពូជសាសន៍​ខ្មែរក្រហម (​របប​កម្ពុជា​ប្រជាធិបតេយ្យ​) ដែល​ត្រូវ​ចាប់ផ្តើម​ថត​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៥ ដល់​ខែកុម្ភៈ ឆ្នាំ ២០១៦ ។

បើតាម​ព័ត៌មាន​នៃ​គម្រោង​ជួបគ្នា​រវាង​លោក ព្រាប សុវត្ថិ និង តារា​សម្តែង អេ​ន​ជឺ​លី​ណា ចូ​លី មាន​ព័ត៌មាន​លេច​ឮថា មកពី​លោក ព្រាប សុវត្ថិ គឺជា​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ហើយក៏​ជា​ក្មេង​កើត​ក្នុងសម័យ​ប្រល័យពូជសាសន៍​កើត​ក្រោម​ដើម​ស្នាយ និង ត្រូវ​ឪពុក​ស្លាប់​ក្នុងសម័យ​នោះ​ផងដែរ ទើប​ធ្វើឱ្យ​នាង អេ​ន​ជឺ​លី​ណា ជូ​លី ចាប់អារម្មណ៍ និង ចង់​សិក្សា​បន្ថែម​ពី​ប្រវត្តិ​ជាក់ស្តែង​របស់លោក ។​

ដោយឡែក​ការងារ​ផ្សេងៗ​ទៀត​ត្រូវបាន​គេ​សន្និដ្ឋានថា ជំនួប​រវាង​លោក ព្រាប សុ​វ​ត្តិ និង អេ​ន​ជឺ​លី​ណា ជូ​លី ក៏​អាច​ពិភាក្សា​ពីមុខ​តំណែង​តួអង្គ​ណាមួយ​ដែល​លោក ព្រាប សុវត្ថិ ត្រូវ​សម្តែង​ផងដែរ ព្រោះ​តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» គឺមាន​តារា​សម្តែង​ក្នុងស្រុក​ចូលរួម​សម្តែង​ភាគច្រើន ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះ​ពេល​អ្នកយកព័ត៌មាន​រប​ស់​យើង​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក ព្រាប សុវត្ថិ កាលពី​ថ្ងៃទី ២៦ ខែកញ្ញា លោក​បាន​ប្រាប់ថា សម្រាប់​គម្រោង​ជួបគ្នា​រវាង​រូបលោក​ជាមួយ អេ​ន​ជឺ​លី​ណា ជូ​លី មកដល់​ថ្ងៃនេះ​នៅ​មិនទាន់បាន​ជួបគ្នា​នៅឡើយ​ទេ ហើយ​ពេលវេលា និង ការជួបគ្នា​និយាយ​ពី​ប្រធានបទ​អ្វី លោក​ក៏​មិនទាន់​បានដឹង​នៅឡើយ​ដែរ ។

កន្លងទៅ​ថ្មីៗ​នេះ​ពួកយើង​បាន​ណាត់​ពេលវេលា​ម្តង​រួចមកហើយ តែ​ពេល​គាត់​ទំនេរ​ចង់​ជួប​លោក លោក​បែរជា​ជាប់រវល់​ការងារ​សំខាន់​មិនអាច​បោះបង់​បាន តែ​ដល់ពេល​លោក​ទំនេរ អេ​ន​ជឺ​លី​ណា ជូ​លី បែរជា​ជាប់រវល់​ម្តងវិញ ដូច្នេះហើយ​ពួកយើង​លើក​ទៅ​ខែតុលា​វិញ​តែ​មិនទាន់​កំណត់​ថ្ងៃ​ណា​ច្បាស់លាស់​នៅឡើយ​ទេ ។​

នៅក្នុង​បទ​សម្ភាស​នេះ​ថ្វីដ្បិតតែ លោក ព្រាប សុវត្ថិ មិនទាន់​ហ៊ាន​បញ្ជាក់ប្រាប់​ពី​ពេលវេលា​ជួបគ្នា​ជាមួយ​តារា​សម្តែង​ល្បីឈ្មោះ​លំដាប់​ពិភពលោក អេ​ន​ជឺ​លី​ណា ជូ​លី នៅពេលណា និង ពិភាក្សាគ្នា​ពី​ប្រធានបទ​អ្វី​ក៏ពិតមែន ប៉ុន្តែ​មតិ​ភាគច្រើន​បាន​និយាយថា គម្រោង​ជួបគ្នា​រវាង​តារាចម្រៀង​លោក ព្រាប សុវត្ថិ ជាមួយ អេ​ន​ជឺ​លី​ណា ជូ​លី ប្រាកដជា​និយាយ​ពី​រឿង​សម្តែង​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ជាមិនខាន ។​

ស្រប​ពេលដែល​ទស្សនិកជន​បាន​ទស្សន៍ទាយ​នេះ លោក ព្រាប សុវត្ថិ ក៏បាន​បញ្ជាក់ដែរថា ប្រសិនបើ​គម្រោង​ជួបគ្នា​រវាង​រូបលោក​ជាមួយ អេ​ន​ជឺ​លី​ណា ជូ​លី លោក​ពិតជា​បានទទួល​ការងារ​សម្តែង​ខ្សែភាពយន្ត​ខាងលើនេះ​ពិតមែន​ពិតជា​ឱកាស​ពិសេស​មិន​ធ្លាប់មាន​សម្រាប់​រូបលោក ដែលមាន​សំណាង​បង្ហាញ​សមត្ថភាព​សម្តែង និង ទេពកោសល្យ​សិល្បៈ​នៅក្នុង​ខ្សែភាពយន្ត​លំដាប់​ពិភពលោក ។ ឱកាស​នេះ​អាច​និយាយបានថា គឺជា​ឱកាស​មួយ​ក្នុងចំណោម​មួយ​ពាន់​ឱកាស​ផងដែរ ៕​ចន្ថា​



Related