នី មុន្នីនាថ តម្លៃ​ខ្លួន​ថត​ស៊ីថ្លៃ​ដូច​គេ​ដូច​ឯង

នី មុន្នីនាថ តម្លៃ​ខ្លួន​ថត​ស៊ីថ្លៃ​ដូច​គេ​ដូច​ឯង

តារា​សម្ដែង​ដែល​ល្បី​ខាង​បង្ហូរ​ទឹក​ភ្នែក កញ្ញា នី មុន្នីនាថ បាន​ថ្លែង​ថា តម្លៃ​​ខ្លួន​ពី​ការ​ថត​ខ្សែភាពយន្ត ខារ៉ាអូខេ ក៏​ដូច​ជា ស្ប៉ត​​ពាណិជ្ជកម្ម នាង​ស៊ី​ថ្លៃ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​​ចង្កោម​តារា​​សម្ដែង​ជួរ​មុខ ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​បច្ចុប្បន្ន។

 

 

នី មុន្នីនាថ ថ្លែង​បែប​នេះ គ្រា​ដែល​នាង​​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​ជជីក​សួរ ពី​តម្លៃ​ខ្លួន ពី​ការ​ថត ​ខ្សែភាពយន្ត​ ខារ៉ាអូខេ ក៏​ដូច​ជា ស្ប៉ត​​ពាណិជ្ជកម្ម ជា​ដើម កាល​ពី​ម្សិល​មិញ។  នី មុន្នីនាថ មិន​បាន​ប្រាប់​ចំនួន​ទឹក​ប្រាក់​ពិត​ប្រាកដ​ដែល​នាង​ទទួល​បាន​ពី​ការ​ថត​​កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន​ឡើយ ប៉ុន្តែ តារា​ស្រី​​​ប្រលូក​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ហើយ​មិន​ទាន់​សម្រេច​ចិត្ត​យក​​ប្ដី​ម្នាក់​នេះ​បាន​ទទួល​ស្គាល់​​ថា តម្លៃ​ខ្លួន​របស់​នាង ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​តារា​សម្ដែង​​ជួរ​មុខ​ផ្សេងៗ​​ទៀត ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​បច្ចុប្បន្ន។

 

មូលហេតុ​ដែល នាំ​ឲ្យ​តារា​ស្រី​​ជំនាញ​សម្រក់​ទឹក​ភ្នែក​ម្នាក់​នេះ​​មិន​ព្រម និយាយ​ពី​តម្លៃ​ខ្លួន​​ដែល​​ទទួល​បាន​ពី​ការ​ថត​​​នេះ ក៏​ព្រោះ​តែ​នាង​គិត​ថា ពេល​ដែល​និយាយ​ចេញ​ទៅ វា​អាច​ប៉ះពាល់​ដល់​ទីផ្សារ​របស់​​ខ្លួន​​ផ្ទាល់ ក៏​ដូច​ម្ចាស់​ផលិតកម្ម​ដែល​​ជ្រើសរើស​នាង​ថត។

 

នី មុន្នីនាថ តម្លៃ​ខ្លួន​ថត​ស៊ីថ្លៃ​ដូច​គេ​ដូច​ឯង

 

តាម​តម្លៃ​ទី​ផ្សារ​បច្ចុប្បន្ន ដែល​តារា​សម្ដែង​​ល្បីៗ​មួយ​ចំនួន​ក៏​ដូច​ជា​អ្នក​ដឹក​នាំ​រឿង​​ប្រចាំ​ផលិត​មួយ​ចំនួន ធ្លាប់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារា​សម្ដែង​ជួរមុខ​ដូច​ជា កញ្ញា នី មុន្នីនាថ ថត​ប្រភេទ​រឿង​ខ្នាត​ធំ ស៊ី​ថ្លៃ​ប្រហែល ៣០០០ ដុល្លារ​ចុះ ដោយ​ការ​ថត​ប្រើ​ពេល​​ប្រហែល​​១ខែ។​ ចំពោះ​រឿង​​ភាគ​វិញ អាច​​ទទួល​បាន​លើស​បន្តិចបន្តួច ឬ​ប្រហាក់​ប្រហែល​គ្នា​​នឹង​រឿង​ខ្នាត​ធំ។ ចំពោះ​ការ​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​តម្លៃ​ប្រហាក់​ប្រហែល​១០០០ដុល្លារ ឬ ក្រោម​​នេះ​បន្តិចបន្តួច ដោយ​ការ​ថត​មិន​លើស​ពី១ថ្ងៃ ទៅ២ថ្ងៃ​ហើយ​ថត​ខារ៉ាអូខេ ស៊ី​ថ្លៃ  ១០០ ដុល្លារ ក្នុង​១ថ្ងៃ។

 

បច្ចុប្បន្ន​នេះ នី មុន្នីនាថ កំពុង​តែ​ជាប់​កុង​ត្រា​ថត​រឿង​ថ្មី១ ដែល​​មាន​ចំណង​ជើង​ថា​រឿង “វិស្សមកាល​​មរណៈ” របស់​ផលិតកម្ម “ចក្រវាឡពេជ្រ​ភាពយន្ត” របស់​អ្នក​ស្រី ថុង ស៊ីវ​ទៀង ដោយ​នៅ​​ក្នុង​នោះ នាង​​ជា​​មួយ​លោក ថៃ ប៊ុនាង គឺ​ជា​តួឯក៕​
អត្ថបទ៖ ខុត សីហា