​​មន្ត្រី​នគរបាល​បើករថយន្ត​បុក​របង​សាលា​បឋម​សិក្សា​និង​អនុ​វិទ្យាល័យ​ព្រែក​ឯង

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​មន្ត្រី​នគរបាល​មួយ​រូប ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​រេ​ចង្កូត​ទៅ​បុក​បង្គោល​ហាម​ចត​បាក់​អស់​៧​បង្គោល​ ​​​បន្ត​​ទៅ​បុក​របង​សាលា​បឋម​សិក្សា ​និង​អនុ​វិទ្យាល័យ​ព្រែក​ឯង ​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង ​កាល​ពី​វេលា​ម៉ោង១១​​និង១៥​​នាទី​យប់​ថ្ងៃ​ទី​៣ ​វិច្ឆិកា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ​CRV ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-76305 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​​មក​ដល់​ចំណុច​ខាងលើ​រថយន្ត​​​រេ​ចង្កូត​ទៅ​បុក​បង្គោល​ហាម​ចត​នៅ​ជាប់​របង​សាលា​បឋម​សិក្សា​ព្រែក​ឯង​​ ចំណែក​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​​​វិលខ្ញាល់​បែរ​ក្បាល​ត្រឡប់​ក្រោយ​ជ្រុល​ទៅ​បុក​របង​សាលា​រៀន​​​​បណ្តាល​ឱ្យ​​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​ ៕