តុលាការ​សាលាឧទ្ធរណ៍ បើកសវនាការ​លើ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់លោក​ហុង​សុខ​ហួរ​

ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា​នេះ តុលាការ​សាលាឧទ្ធរណ៍ បាន​បើកសវនាការ ជំនុំជម្រះ​លើ​ករណី​ស្នើសុំ​ដោះលែង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស​សមរង្ស៊ី ជាថ្មី​ម្តងទៀត​។ សវនាការ​នា​ព្រឹក​នេះ មិនមាន​វត្តមាន​រប​ស់លោក​ហុង​សុខ​ហួរ​ទេ តែមាន​មេធាវី​ការពារ​ក្តី​របស់លោក បាន​ចូលរួម​សវនាការ និង​បាន​ស្នើសុំ​តុលាការ ដោះលែង​លោក​ហុង​សុខ​ហួរ ឲ្យ​បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

 លោក​ហុង​សុខ​ហួរ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ពីបទ​ចោទប្រកាន់​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ តាម​ហ្វេ​ស​ប៊ុ​ក​។ កាលពីដើម​ខែតុលា ឆ្នាំ​២០១៥ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​ចោទប្រកាន់​លោក​ហុង​សុខ​ហួរ​។ ចៅក្រម ក៏បាន​សម្រេច​ចាត់​របៀប ដោយ​បង្វិល​សំណុំរឿង​ក្តី​នោះ ទៅ​ចៅក្រម​ស៊ើបអង្កេត ដើម្បី​ស្រាវជ្រាវ ស៊ើបសួរ​សំណុំ​រឿងក្តី​នោះ​ឡើងវិញ​៕​